​អាជ្ញាធរ​ខេត្ត​ជួស​ជុល​ផ្លូវលំ​​៣​ខ្សែ​​ដែល​ខូច​​ដោយ​សារ​​ទឹក​ជំនន់​នា​ពេល​​​កន្លង​​មក​

​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ផ្លូវលំ​​ចំនួន​​៣​ខ្សែ​​​មាន​​ប្រវែង​១.៣០០​ម៉ែត្រ ​ដែល​រង​ការ​ខូច​ដោយ​​សារ​ទឹកជំនន់​ជា​ច្រើន​ឆ្នាំ​​មកហើយ​នោះ​ ត្រូវ​បាន​អាជ្ញា​ធរ​​ធ្វើការ​​ជួសជុល​​ដោយ​ក្រាល​ក្រួស​ក្រហម​ឡើង​វិញ ​នៅ​ថ្ងៃ​ទី​២០​ វិច្ឆិកា ​២០១៥ ​ស្ថិត​ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ។

លោក ម៉ៅ វ​ណ្ណា អភិបាលរង​ក្រុង​សិរី​សោភ័ណ​ បាន​ឱ្យ​ដឹង​​ថា​ ​ផ្លូវលំ​​​​ទាំង​៣ខ្សែ​​​ដែល​អាជ្ញា​ធរ​បាន​ជួសជុល​ឡើងវិញ​នា​ពេលនេះ ​គឺ​​​ថវិកា​បាន​មក​​ពីការ​ចូលរួម​ពី​ ​លោក លី សារី អភិបាលរង​ខេត្ត​ ជួយ​​ចាក់​ប្រេងគ្រឿងចក្រ​ និង​លោក សាំង គង់ ​​ម្ចាស់​គ្រឿងចក្រ​ ​ជួយ​គ្រឿងចក្រ​​ ព្រម​ទាំង​​ប្រជា​ពលរដ្ឋ​​​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ផង​ដែរ ។

លោក លី សារី អភិបាលរង​ខេត្ត​ ​បាន​មាន​ប្រសាសន៍​ថា​​ ​ក្រោយ​ពេល​​​ប្រជាពលរដ្ឋ​សំណូមពរ​មក ​លោកក៏​​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​​សិក្សា​ និង​បំផុស​ប្រជាពលរដ្ឋឱ្យ​​ចូល​រួមទាំង​អស់​​​គ្នា​​ធ្វើ​ការ​​ជួសជុល​ផ្លូវ​​​ខាង​លើនេះ​ឡើង​វិញ​ ដើម្បី​​ជួយ​សម្រួល​​ដល់​ការ​​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​​​អ្នក​ធ្វើ​ដំណើរ​​ ​ព្រម​ទាំងសិស្សា​​នុ​សិស្ស​ ​កុំឱ្យ​ជួប​ការ​លំបាក​ដូចមុន ៕