វេទិកា​យុវជន បេតិកភណ្ឌ​ពិភពលោក លើក​ទី​១ នៅក្នុង​តំបន់​អាស៊ី ប្រារព្ធ​ឡើង​រយៈពេល ៩ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥​វិច្ឆិកា នៅ​សៀមរាប​

ភ្នំពេញ: អង្គការ យូណេស្កូ ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា ទទួលបន្ទុក​អង្គការ យូណេស្កូ និង​អាជ្ញាធរ​ជាតិ​អប្សរា បានរួម​គ្នា រៀបចំ​វេទិកា បេតិកភណ្ឌ​ពិភពលោក លើក​ទី​១ នៅក្នុង​តំបន់​អាស៊ី ចាប់ពី​ថ្ងៃទី​២៥​វិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប ក្នុងប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បង្ហាញថា ក្រុម​អ្នក​យុវជន មកពី ២១ ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងនោះ រួមមាន ប្រទេស​អូស្ត្រាលី បង់​ក្លា​ដេ​ស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គូ​លី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ណូ​វែ​ល​ហ្សឺ​ឡង់ ប៉ា​គី​ស្ថាន ហ្វីលីពីន កូរ៉េខាងត្បូង សឹង្ហ​បុរី ស្រីលង្កា ថៃ វៀតណាម​។ ក្នុងប្រទេស​និ​មួយៗ មាន​អ្នកចូលរួម មួយរូប​។ រីឯ​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ មាន​អ្នកចូលរួម​ចំនួន ១០ រូប​។​

​សេចក្តីប្រកាស បាន​លើកឡើងថា ការរួមចំណែក​អំពី​ការព្រួយបារម្ភ​របស់​យុវជន​ក្នុង​តំបន់ និង​សកម្មភាព​នាពេលខាងមុខ​របស់​គ​ណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​អន្តរជាតិ អង្គរ និង សម័យប្រជុំ​ទី​៤០ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​ប្រទេស​តួ​ក​គី ជា​ប្រធានបទ ដែល​វេទិកា​យុវជន​ប្រចាំ​តំបន់ ដោយមាន​អ្នកចូលរួម​ជា​យុវជន​ប្រមាណ ៣០ នាក់ នឹងត្រូវ​លើកឡើង​។​

​សេចក្តីប្រកាស លើកឡើងថា ជារួម វេទិកា​នេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​យុវជន ព្រមទាំង​បង្កើន​ការយល់ដឹង​របស់ខ្លួន​ពី​កម្មសិទ្ធិ ថែរក្សា និង​គណនេយ្យភាព សម្រាប់​ការការពារ បេតិកភណ្ឌ​៕