អង្គការ​យូណេស្កូ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ប្រារព្ធ​យុទ្ធនា​ការបញ្ឈប់​ការប្រើ​ថង់​ប្លា​សី្ទ​ក​ ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែវិច្ឆិកា

ភ្នំពេញ: យុទ្ធនា​ការបញ្ឈប់​ការប្រើ​ថង់​ប្លា​សី្ទ​ក នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើ នៅ​វត្ត​បទុម ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ យុទ្ធនាការ​នេះ មាន​គោលបំណង​ដើម្បី​កាត់បន្ថយ​ប្លា​សី្ទ​ក និង​ទម្លាប់​ការកែឆ្នៃ​ក្នុងចំណោម​សង្គម​កម្ពុជា ព្រមទាំង​លើកកម្ពស់​ចំណេះដឹង​របស់​ពលរដ្ឋ មិនត្រូវ​បាន​ចោល​សម្រាម​ឥត​សណ្តាប់ធ្នាប់ ការកាត់បន្ថយ និង​ការកែឆ្នៃ​កាកសំណល់​ប្លា​សី្ទ​ក​។

​សេចក្តីប្រកាស​បង្ហាញថា ការិយាល័យ​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​សហភាព​សហព័ន្ធ​​យុវជន នៅក្នុង​ប្រទេស​កម្ពុជា បានរួម​គ្នា​រៀបចំ "​យុទ្ធនា​ការបញ្ឈប់​ការប្រើ​ថង់​ប្លា​សី្ទ​ក​" ដែល​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Coca-Cola ផ្សារ​ទំនើប​សូរិយា ផ្សារ​ទំនើប​បាយ័ន និង​ផ្សារ​ទំនើប ថៃ​ហួត​។ យុទ្ធនាការ​នេះ នឹង​លើកទឹកចិត្ត ប្រជាជន​កម្ពុជា ឲ្យ​ចេះ​ពិចារណា​លើ​ការកាត់បន្ថយ​កាកសំណល់ និង​ការកែឆ្នៃ​ប្លា​សី្ទ​ក ជា​លទ្ធផល​ដែល​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

​សេចក្តីប្រកាស​របស់​អង្គការ​យូណេស្កូ លើកឡើងថា គោលបំណង​របស់​យុទ្ធនាការ​នេះ​គឺ​៖
•​ដើម្បី​បង្កើន​ការយល់ដឹង​លើ​ការកាត់បន្ថយ​ប្លា​សី្ទ​ក និង​ការកែច្នៃ​ព្រមទាំង​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​កម្ពុជា​។​

•​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ពិសេស​យុវវ័យ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី "​យុទ្ធនាការ​យុវជន និង​ទីក្រុង​ស្អាត​" ដើម្បី​ចែករំលែក​គំនិត​នៃ​ការគ្រប់គ្រង​កាកសំណល់​ប្លា​សី្ទ​ក នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

•​ដើម្បី​បង្កើន​មធ្យោបាយ​ដោះស្រាយ​កាកសំណល់​ប្លា​សី្ទ​ក​។​
•​ដើម្បី​បង្កើត​ការយល់ដឹង​ពី​វិធី​ផ្សេងគ្នា​នៃ​ការផលិត និង​ការប្រើប្រាស់​ប្លា​សី្ទ​ក​។​
•​ដើម្បី​អភិវឌ្ឍ​ជំនាញ​ក្នុងការ​ត្រិះរិះ​ពិចារណា​ក្នុងចំណោម​សមាជិក​សហគមន៍​។​
•​ដើម្បី​យល់​ពី​សក្តានុពល​និង​ការលំបាក​ក្នុងការ​កែឆ្នៃ​ផលិតផល​ប្លា​ស្ទីក​។​

​សេចក្តីប្រកាស លើកឡើងថា ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​វត្ត​បទុម រាជធានី​ភ្នំពេញ ដោយមាន​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ទាក់ទង​នឹង​បញ្ហា​ប្លា​សី្ទ​ក នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មានការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​នានា​។   

​ទន្ទឹមនឹងនេះ ក៏​នឹងមាន​ការធ្វើ​បទ​បង្ហាញ​វីដេអូ​ខ្លី​ពិសេស​មួយ ស្តីពី "​ប្លា​សី្ទ​ក​មិន​រលាយ​" ដែល​បាន​ផលិត​ដោយ​អង្គការ​យូណេស្កូ មូលនិធិ Exo និង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​។ បន្ទាប់មក មានការ​ជួបជុំ​ក្រុមយុវជន ដោយ​ពួកគេ​នឹង​ប្រមូល​ប្លា​ស្ទិ​ច នៅក្នុង​តំបន់​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​លើ​ការកាត់បន្ថយ​កាកសំណល់​ប្លា​សី្ទ​ក និង​ការកែច្នៃ​៕