Metfone បង្កើតកម្មវិធី «Go To School Together» សម្រាប់សិស្សា​នុសិស្ស​ជ្រើស​លេខ​ពិសេស​ឥតគិតថ្លៃ

ភ្នំពេញ៖ «Go To School Together» គឺជាកម្មវិធីសេវាកម្មផ្សព្វផ្សាយថ្មីសន្លាងមួយទៀត របស់បណ្ដាញទូរស័ព្ទធំបំផុតក្នុង ព្រះរាជាណាចក្រកម្ពុជា មិត្ដហ្វូន (Metfone) សម្រាប់ផ្ដល់ជូនដល់សិស្សានុសិស្ស នូវជម្រើសលេខពិសេស តាមចំណូលចិត្ដដោយឥតគិតថ្លៃ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងរហូតដល់ពីរដងផងដែរ។

តាំងពីដាក់ដំណើរការគម្រោងថ្មីនេះ កាលពីចុងខែតុលាកន្លងទៅ សិស្ស-និស្សិតនៅតាមគ្រឹស្ថានសិក្សានានាមានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ប្រព័ន្ធមិត្ដហ្វូន ជាពិសេសចំណោមសិស្ស-និស្សិត ដែលពុំធ្លាប់ប្រើបណ្ដាញទូរស័ព្ទឈានមុខគេនេះពីមុនមក។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា បុគ្គលិកផ្នែកលក់បានរៀបចំលក់ ផលិតផល របស់មិត្ដហ្វូននៅតាមទីតាំងសាលានីមួយៗ ដែលក្រុមហ៊ុន បានជ្រើសរើសរួចជាស្រេច។

ក្រុមហ៊ុនបានបន្ដថា៖ «គ្រាន់តែទីតាំងដំបូងរបស់យើង ដែលស្ថិតនៅក្នុងវិទ្យាល័យជាស៊ីមបឹងកេងកង ក្រុមការងារផ្នែកលក់ពិតជា មានកិច្ចការយ៉ាងសស្រាក់សស្រាំ ក្នុងការផ្ដល់ជូននូវសេវាកម្មដល់សិស្សានុសិស្ស ដែលចាប់អារម្មណ៍ចំពោះ ស៊ីមកាតលេខពិសេសរបស់មិត្ដហ្វូន»។

នាឱកាសឈរជើងនៅទីតាំង វិទ្យាល័យជាស៊ីមបឹងកេងកងនេះ សិស្សានុសិស្សបាននាំគ្នា មកប្រមូលផ្ដុំដើម្បីជ្រើសរើសលេខពិសេស ស្អាតៗ ទូរស័ព្ទដៃស៊ីមពីរ និងម៉ូឌឹម USB ជាច្រើន។

របាយការណ៍បានបន្ថែមថា៖ «ក្រៅពីបានជ្រើសរើសលេខស្អាតៗដោយឥតគិតថ្លៃហើយ សិស្សានុសិស្សទាំងអស់ក៏មានឱកាស ផ្សងសំណាងឈ្នះរង្វាន់ភ្លាមៗ ដូចជា កាតបញ្ចូលទូរស័ព្ទ សម្ភារសិក្សា រួមមាន សៀវភៅ ប៊ិក បន្ទាត់ និងការចាប់ឆ្នោតយករង្វាន់ធំ កង់មួយគ្រឿងផងដែរ»។

ស្ថិតក្នុងទឹកមុខញញឹមញញែមដែលដៃកាន់ជាប់ស៊ីមលេខពិសេសមួយ កញ្ញា រស់ ស្រីនាង ជាសិស្សវិទ្យាល័យជាស៊ីមបឹងកេងកង បានពោលពីអារម្មណ៍រីករាយថា៖ «ខ្ញុំពេញចិត្ដនឹងសេវាកម្មមិត្ដហ្វូននៅថ្ងៃនេះ ពីព្រោះក្រុមហ៊ុន បានចែកជូននូវស៊ីមលេខពិសេសស្អាតៗ ជាច្រើនសម្រាប់ជ្រើសរើស ព្រមទាំងមានកម្មវិធី ចាប់រង្វាន់បានភ្លាមៗទៀតផង»។

យុវសិស្សរូបនេះបានបង្ហាញពីសុទិដ្ឋិនិយមថា៖ «ខ្ញុំនឹងបន្ដប្រើប្រាស់សេវា ក្រុមហ៊ុនមិត្ដហ្វូនរៀងទៅ ពីព្រោះមិត្ដហ្វូនផ្ដល់សេវាកម្មល្អៗជាច្រើន»។

យុវសិស្ស ឆាយលាង ដែលមិនធ្លាប់ប្រើបណ្ដាញទូរស័ព្ទមិត្ដហ្វូន បានលើកឡើងថា៖ «ខ្ញុំសាកល្បងប្រើប្រាស់សេវាកម្ម មិត្ដហ្វូនម្ដង ព្រោះឮគេថា អ៊ីនធឺណិតដើរលឿន ហើយកម្មវិធីប្ដូរលុយក៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រើក្នុងប្រព័ន្ធទៀត។ សំខាន់បំផុត គឺការចាប់ឆ្នោតយករង្វាន់ទៀត ពិតជាឡូយមែនទែន»។

ជាបុគ្គលិកផ្នែកលក់ដ៏មមាញឹករបស់មិត្ដហ្វូន កញ្ញា ចេងអ៊ី ក៏បានបញ្ចេញមតិថា៖ «ថ្ងៃនេះ យើងលក់ដាច់ច្រើនជាងកម្មវិធីមុនៗ ហើយសិស្សានុសិស្ស ក៏ចាប់អារម្មណ៍សេវាកម្មមិត្ដហ្វូនផងដែរ ពីព្រោះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ»។

ថ្លែងក្នុងសភាពស្ទាក់ស្ទើរចំពោះមតិរិះគន់ស្ថាបនារបស់សិស្សានុសិស្ស កញ្ញា ចេងអ៊ី បានបង្ហើបប្រាប់ថា៖ «ការរៀបចំកម្មវិធីនេះពិតជាល្អហើយ ប៉ុន្ដែក្រុមហ៊ុនគួរតែមានឈុត សម្លៀកបំពាក់សម្រាប់បុគ្គលិក ផ្នែកលក់ឲ្យបានគ្រប់ៗគ្នា។ ចំណែកឯសម្ភារសិក្សាវិញ គួរតែរៀបចំជាឈុតសម្រាប់សិស្សវិទ្យាល័យ ដូចជា សៀវភៅសរសេរ រាងក្រាសៗបន្ដិច និងបន្ទាត់ល្អៗជាងនេះផងដែរ»។

យ៉ាងណាមិញ កម្មវិធីលក់ស៊ីមជូនសិស្សានុសិស្ស «Go To School Together» ពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងពីយុវសិស្សនៅតាមគ្រឹស្ថានសិក្សានានា ដោយពួកគេមានឱកាស អាចជ្រើសរើសស៊ីមលេខពិសេស និងបានស្គាល់អំពីគុណភាព របស់បណ្ដាញមិត្ដហ្វូនផងដែរ៕

Metfone បង្កើតកម្មវិធី «Go To School Together» សម្រាប់សិស្សា​នុសិស្ស​ជ្រើស​លេខ​ពិសេស​ឥតគិតថ្លៃ