តំណាង​ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ដំណោះស្រាយ​ជម្លោះ​ដី

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ដោយ​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ត្រូវ​ក្រុមហ៊ុន​ចិន រំលោភ​យក។ តំណាង​ពលរដ្ឋ​បញ្ជាក់​ថា ដី​សហគមន៍​ភូមិ​ជីទ្រុន ជាង ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​អះអាង​ថា ការ​បាត់បង់​ដី​សហគមន៍​នៅ​ក្នុង​ភូមិ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ផល​ប៉ះពាល់​នោះ​មាន​ដូចជា បាត់បង់​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ភូមិ​ដែល​ជា​ជម្រក​ត្រី​ពង​កូន បាត់បង់​កន្លែង​រក​ត្រី​សាច់ រក​អុស ឬ​វល្លិ ជ័រ​ផ្ដៅ​ជាដើម។

តំណាង​ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ជីទ្រុន លោក មាស សុខខៃ មាន​ប្រសាសន៍​ថា គោលបំណង​ដែល​ពួកគាត់​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ អម​ដោយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ១២៤​នាក់​ផង​នោះ គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ករណី​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នៅ​តំបន់​ជាប់​មាត់​ព្រែក​ត្បូងរមាស ចំនួន ២៥​ហិកតារ ពី​សំណាក់​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវ៉េន អ៊ិនវេសមេន (Haminiven Investment) ដើម្បី​យក​មក​ទុក​ជា​សម្បត្តិ​រួម​វិញ៖ «ប៉ះពាល់​ត្រង់​ថា ពី​ដំបូង​មាន​បង្កើត​សហគមន៍ គាត់​ទទួល​ស្គាល់​តាំង​ពី​ដំបូង ហើយ​ឥឡូវ​ក្រុមហ៊ុន​ឈូស​ឆាយ​អ៊ីចឹង​ពលរដ្ឋ​បាត់បង់​ដី​សហគមន៍»

តំណាង​ពលរដ្ឋ​យល់​ថា ការ​ឈូស​ឆាយ​ដី​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ចិន កាល​ពី​ពេល​កន្លង​ទៅ  អាជ្ញាធរ​មូលដ្ឋាន​អាច​ជា​អ្នក​ឃុបឃិត​តែម្ដង។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទាំង​នោះ​ហើយ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មិន​បាន​ដឹង​ថា ក្រុមហ៊ុន​ឈូស​ឆាយ​ចូល​ដី​សហគមន៍​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ឃុំ ទើប​លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​ថ្នាក់​ស្រុក​បន្ត​ទៀត។

លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ចិន ពិតជា​បាន​ឈូស​ឆាយ​ចូល​តំបន់​ដី​សហគមន៍​លើស​ពី​ចំនួន​ដី​ដែល​ពួកគេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​ប្រាកដ​មែន៖ «ឥឡូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ទៅ​ខាង​កសិកម្ម​អស់​ហើយ»

​ចំណែក​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ហុន គឹមហន់ និយាយ​ថា ក្រោយ​ពេល​ទៅ​ជួប​អាជ្ញាធរ​ឃុំ ពលរដ្ឋ​ក៏​បាន​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ស្រុក​បន្ត​ទៀត ប៉ុន្តែ​នៅ​ពេល​ទៅ​ជួប​អាជ្ញាធរ​ស្រុក ត្រូវ​គេ​រុញ​មក​ឱ្យ​ជួប​ជាមួយ​ឃុំ​វិញ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​តំណាង​អ្នក​ភូមិ​យល់​ថា ជា​ការ​ដោះសា​រៀងៗ​ខ្លួន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន​ចិន និង​អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង គឺ​ជា​រឿង​ដ៏​ស្មុគស្មាញ ត្បិត​អី​អាជ្ញាធរ​មួយ​ចំនួន​គឺ​ជាប់​ពាក់ព័ន្ធ​រឿង​ផលប្រយោជន៍​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ពិបាក​សង្ឃឹម​ណាស់​ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​បន្ត​ដោះសា​បែប​នេះ៖ «អ៊ីចឹង​ហើយ អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​នៅ​ទី​នោះ ហាក់​នៅ​ញញើតញញើម​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នេះ​ណាស់»

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​យល់​ថា រាជរដ្ឋាភិបាល​គប្បី​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​ការ​ប្រព្រឹត្ត​របស់​ក្រុមហ៊ុន​ចិន មួយ​នេះ រួម​នឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ផង។ លោក​បញ្ជាក់​ថា តាម​ច្បាប់​ភូមិបាល ក្រុមហ៊ុន​បរទេស​មិន​អាច​មាន​សិទ្ធិ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឡើយ ម្យ៉ាង​ដី​ប្រជា​សហគមន៍ គឺ​ត្រូវ​បាន​បង្កើត​ឡើង​មុន​ពេល​ក្រុមហ៊ុន​ចិន មាន​វត្ត​មាននៅ​តំបន់​នោះ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។