លោក សម រង្ស៊ី៖ ស្ថានទូតអាម៉េរិក បញ្ចេញឯកសារ បញ្ជាក់ថា លោក ហោ ណាំហុង ជាមេគុកបឹងត្របែក

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថា រូបលោកបានទទួលបានឯកសារផ្ទៃក្នុងពី ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់ថា លោក ហោ ណាំហុង ជាមេគុកបឹងត្របែក និង បានរួមដៃ ជាមួយខ្មែរក្រហម សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើននាក់។

ពីប្រទេសហ្វីលីពីន កន្លែងដែលកំពុងនិរទេសខ្លួន គេចពីការតាមចាប់ក្នុងបណ្តឹងបរិហារកេរ្តិ៍របស់លោកឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក សម រង្ស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា ស្ថានទូតអាម៉េរិក បានបញ្ចេញឯកសារមួយបញ្ជាក់ថា ក្នុងរបប ខ្មែរក្រហម លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលជាអ្នកធ្លាប់រៀនសូត្រជាមួយលោក អៀង សារី នៅ ប្រទេសបារាំង បានវិលចូលមកស្រុកខ្មែរ ហើយបានក្លាយជាមេគុកបឹងត្របែក ព្រមទាំងបានសហការសម្លាប់ មនុស្សអស់ជាច្រើននាក់។

លោក សម រង្ស៊ី បានលើកឡើងយ៉ាងដូច្នេះ «មានឯកសារផ្ទៃក្នុងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុ ជា ដែលទើបតែបានបញ្ចេញជាសាធារណៈហើយដែលមាន ខ្លឹមសារដូចតទៅ៖ ហោ ណាំហុង បានវិលត្រឡប់ មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច តែគាត់បានរួចពីការស្លាប់ ពីព្រោះគាត់ ធ្លាប់បានរៀនសូត្រ ជាមួយ អៀង សារី។ គាត់បានក្លាយទៅជាមេជំរំ (គុក) បឹងត្របែក ហើយគាត់ព្រមទាំងភរិយាគាត់ បានសហការជាមួយ ពួកខ្មែរក្រហម ក្នុងការសម្លាប់មនុស្សជាច្រើន ដែលជាប់ឃុំឃាំង នៅទីនោះ»។

ក្រៅពីការលើកយកនូវឯកសារមកសំអាងថា លោក ហោ ណាំហុង ជាមេគុកបឹងត្របែកហើយនោះ លោក សម រង្ស៊ី នៅបានបញ្ជាក់ទៀតថា លោកនឹងមិនសុំទោសលោក ហោ ណាំហុង នៅក្នុងសំណុំរឿងមួយនេះឡើយ ហើយលោក ហោ ណាំហុង ទេ ដែលជាអ្នកត្រូវសុំទោសជនរងគ្រោះនៅក្នុងរបប ប៉ុល ពត។

លោក សម រង្ស៊ី បានថ្លែងថា «លោក ហោ ណាំហុងទេ ដែលត្រូវសូមទោសដួងវិញ្ញាណក្ខន្ធ និងក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់ បន្ទាប់ពីយកចេញពីគុកបឹងត្របែក នៅចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដោយ សារតែលោក ហោ ណាំហុងនេះ បានចូលដៃជាមួយពួកខ្មែរក្រហម ហើយបានមួលបង្កាច់ជនស្លូតត្រង់ ដើម្បីយកចិត្តពួកខ្មែរក្រហម ហើយរួចខ្លួនចំពោះរូបគាត់ (ហោ ណាំហុង ហៅមិត្តយ៉ែម) និងក្រុមគ្រួសារគាត់»។

បើទោះបីជាយ៉ាងណាលោក ហោ ណាំហុង តែងបានច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ខណៈ តុលាការបារាំង ដែលលោកធ្លាប់បានប្តឹងនៅឆ្នាំ២០០៩ ក៏បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការបរិហារកេរ្តិ៍ ដោយគ្មានភស្តុតាងច្បាស់លាស់ផងដែរ។

នៅក្នុងឱកាសហៅតំណាងទូត និងមន្រ្តីអង្គការសហប្រជាជាតិនៅកម្ពុជា ប្រាប់ពីស្ថាននយោបាយនៅកម្ពុជាកាល ពីថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ លោក ហោ ណាំហុង បានបញ្ជាក់ផងដែរថា លោកមានការឈឺចាប់យ៉ាងខ្លាំងចំ ពោះការចោទពីសំណាក់លោក សម រង្ស៊ី ខណៈបងប្អូនក្មួយៗ និង សាច់ញាតិរបស់លោកប្រមាណ ៣០នាក់ ដែលរស់នៅជាប់របងគ្នាក្នុងគុកបឹងត្របែកនាសម័យខ្មែរក្រហម ក៏ត្រូវបានគេសម្លាប់ចោលផងដែរ។ ការសម្លាប់ នោះទៀតសោត គឺលោកមិនបានដឹងនោះឡើយ រហូតដល់របបមួយនេះត្រូវផ្តួលរំលំនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទើបទទួលបានដំណឹងដ៏ឈឺចាប់មួយនេះ៕

លោក សម រង្ស៊ី៖ ស្ថានទូតអាម៉េរិក បញ្ចេញឯកសារ បញ្ជាក់ថា លោក ហោ ណាំហុង ជាមេគុកបឹងត្របែក