រាជរដ្ឋាភិបាល​ចេញ​វិធានការ ដកហូត​សិទ្ធិ​កាន់​កាប់​ឆ្នេរ​សមុទ្រ​ពី​វិស័យ​ឯកជន ទៅ​ជា​ទ្រព្យ​សាធារណៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការមួយ ដោយសម្រួលឱ្យវិស័យឯកជន ដែលទទួលបានសិទ្ធិកាន់កាប់តំបន់ឆ្នេរ ដកឃ្លាចេញពីមាត់ឆ្នេរសមុទ្រប្រមាណ៥០ម៉ែត្រ ដើម្បីឱ្យអាជ្ញាធរនិងមន្រ្តីជំនាញ រៀបចំឆ្នេរសមុទ្រកម្ពុជាទាំងអស់ ឱ្យទៅជាទ្រព្យសាធារណៈ ដែលអាចឱ្យប្រជាពលរដ្ឋគ្រប់គ្នា ទៅកម្សាន្តបាន។

ការដាក់ចេញវិធានការរៀបចំឆ្នេរសមុទ្រនេះ បានធ្វើឡើងបន្ទាប់ពីមានឈ្មួញ និងក្រុមហ៊ុនឯកជនមួយចំនួន បានសាងសង់រំលោភចូលជ្រៅ ទៅក្នុង តំបន់ឆ្នេរសមុទ្រជាពិសេសនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនខ្លះក៏បានឃាំងរបង មិនអាចឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរ ចូលទៅកម្សាន្ត តំបន់ឆ្នេរសមុទ្របាន។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំពោះរឿងនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំម្តងរួចទៅហើយ ដើម្បីផ្សព្វផ្សាយ ដល់វិស័យឯកជនទុកដី៥០ម៉ែត្រពីមាត់សមុទ្រដើម្បីឱ្យរដ្ឋអាចរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។

លោក ថោង ខុន និយាយថា «ដី៥០ម៉ែត្រពីចិញ្ចើមទឹកឆ្នេរជាដីរបស់រដ្ឋ មិនមាននរណាអាចទៅសាងសង់នៅទីនោះបានទេ កន្លងមកមានមតិលើកឡើងថា ប្រជាជនរកកន្លែងងូតទឹកអត់មាន កន្លែងលេងកម្សាន្ត អត់មានដីខ្លះ គឺឯកជនយកអស់ហើយ។ ពាក់ព័ន្ធនឹងបញ្ហាហ្នឹង យើងនឹងខិតខំអប់រំពន្យល់អាហ្នឹង ហើយយើងនឹងចាត់តាំងវិធានការ ឱ្យបានម៉ឹងម៉ាត់ចាប់ពីពេលនេះទៅ»។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោយពីសម្របសម្រួលជាមួយវិស័យឯកជនរួចអស់ហើយ ក្រសួងទេសចរណ៍នឹងចាប់ផ្តើម ធ្វើប្លង់គំរូសម្រាប់ឆ្នេរអូត្រេះ ដែលជាឆ្នេរមួយសំបូរដោយជនបរទេសទៅកម្សាន្ត ហើយឆ្នេរដទៃទៀតនឹងត្រូវធ្វើឱ្យមានស្តង់ដារដូចគ្នា ទាំងអនាម័យនិងងសណ្តាប់ធ្នាប់ ។

លោកថា «យើងនឹងធ្វើប្លង់ឆ្នេរអូត្រេះមួយជាគំរូ ក្រសួងទេសចរណ៍នឹងខិតខំធ្វើប្លង់នេះ ហើយកាលណាប្លង់នេះធ្វើហើយ យើងនឹងទុកជាគំរូសម្រាប់ឆ្នេរដទៃទៀត ប៉ុន្តែជាទូទៅយើងត្រូវដាក់ឱ្យបាន ៥០ម៉ែត្រពីឆ្នេរនេះ ទុកសម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ត មានន័យថា ទោះបីជាប់នឹងនេះជាដីរបស់ឯកជន ក៏ប៉ុន្តែឯកជន ក៏មិនអាចមានកម្មសិទ្ធិគ្របដណ្តប់ លើដី៥០ម៉ែត្រនេះបានទេ គ្រាន់តែជួយមើលខុសត្រូវ ខាងអនាម័យ ខាងសណ្តាប់ធ្នាប់»។

ឆ្នេរសមុទ្រប្រទេសកម្ពុជាមានប្រវែងសរុបជាង៤៤០គីឡូម៉ែត្រ ដែលជាប់ខេត្តចំនួន៤ រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងក្លិបឆ្នេរស្អាតជាងគេនៅលើពិភពលោក នៅខែឧសភា ឆ្នាំ២០១១ ផងដែរ៕

រាជរដ្ឋាភិបាល​ចេញ​វិធានការ ដកហូត​សិទ្ធិ​កាន់​កាប់​ឆ្នេរ​សមុទ្រ​ពី​វិស័យ​ឯកជន ទៅ​ជា​ទ្រព្យ​សាធារណៈ