ថ្ងៃមុន​ល្បី​ថា​រថយន្ត​២​គ្រឿង​ដឹកឈើ​គ្រញូង តែ​ពេល​នេះ​បែរជា​រថយន្ត​របស់​អ្នក​ស្ទូចត្រី​ទៅ​វិញ

ខេត្តកំពង់ចាម ៖ រថយន្ត​២​គ្រឿង ក្នុង​នោះ​មាន​ប្រភេទ​កាម​រី​បា​ឡែ​ន ពណ៌​ស និង​កាម​រី​ឆ្លាម ពណ៌​ស្ក ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ប្រគល់​ជូន​ឲ្យ​ម្ចាស់​វិញ​នា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ បន្ទាប់​ពី​បាន​បង់ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជិត​៣០​លាន​រៀល​រួច​មក​ ដែល​រថយន្ត​ទាំង​២​គ្រឿង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រឹបអូស​ពី​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​ដ៏​ធំ​មួយ​នៅ​ស្រុក​ចំការលើ​កាលពី​ពេល​កន្លង​មក ហើយ​ថែម​ទាំង​ល្បី​រន្ទឺ​ពេញ​អាណាចក្រ​ខេត្តកំពង់ចាម​ផង​ដែរ ​តែ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​គ្រាន់​តែ​មក​ស្ទូច​ត្រី​នៅ​ទី​នោះ​ប៉ុណ្ណោះ មិន​ដឹងថា ឃ្លាំង​នោះ​ជា​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​នោះ​ទេ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្អែក​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ចំពោះ​ឈើ​គ្រញូង​ដែល​បាន​បង្ក្រាប និង​រឹបអូស​នា​ពេល​កន្លង​មក​នោះ​ត្រូវ​បាន​ទុកជា​សម្បត្តិ​រដ្ឋ តែ​ក្នុង​ករណី​ខាងលើ​ម្ចាស់​រថយន្ត​បាន​ពឹង​មេធាវី​ម្នាក់​ការពារ​ក្តី​ក្នុង​រឿង​នេះ ហើយ​ម្ចាស់​រថយន្ត​បាន​យល់ព្រម​បង់ការ​ផាកពិន័យ​ប្រាក់​ជាង​២៨​លាន​រៀល​ចំពោះ​មធ្យោបាយ មាន​រថយន្ត​ចំនួន​២​គ្រឿង គឺ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ប៉ុន្តែ​ឈើ​គ្រញូង​ត្រូវ​រឹបអូស​ដដែល​ទុកជា​សម្បត្តិ​រដ្ឋ ។

សូម​បញ្ជាក់​ថា ឃ្លាំង​ស្តុក​ឈើ​គ្រញូង​ខុសច្បាប់​មួយ​កន្លែង​​ស្ថិត​នៅ​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ មាន​ចំងាយ​ប្រមាណ​៧-៨​គីឡូម៉ែត្រ​ពី​សាលាស្រុក​ចំការលើ​ត្រូវ​បាន​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​៨ កញ្ញា ២០១៥ ដោយ​រឹបអូស​ឈើ​គ្រញូង​បានជា​ច្រើន​តោន រថយន្ត​ចំនួន​៣​គ្រឿង និង​បាន​យក​មក​រាប់​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៩​កញ្ញា ចំណែក​ថៅកែ​ឈើ ព្រមទាំង​បក្ខ​ពួក​នាំ​គ្នា​រត់គេច​ចូល​ក្នុង​ព្រៃ​អស់ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ស្រេង ធា​រី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​សម្ងាត់​បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ថា នៅ​ឃ្លាំង​ធំមួយ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​មាន​ស្តុក​ឈើ​គ្រញូង ។ ហើយ​ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​មន្ត្រី​ជា​ច្រើន​នាក់ រួម​នឹង​កម្លាំង​អន្តរាគមន៍​ខេត្ត​សហការ​ជាមួយនឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទាហាន និង​អាវុធហត្ថ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ឡោម​ព័ទ្ធ​ឃ្លាំង​ឈើ​ជា​បន្ទាន់​នៅ​រសៀល​ថ្ងៃ​ទី​៨ កញ្ញា ។

លោក​វរសេនីយ៍ទោ ស្រេង ធា​រី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ត​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​នៅ​មុខ​ឃ្លាំង ដោយ​ត្រូវ​បាន​គេ​បិទទ្វារ​ជិត មិន​អាច​ចូល​ទៅ​បាន​នោះ​ទេ គឺ​បាន​រង់ចាំ​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​សហការី​ចុះ​មក​សិន ។ នៅ​វេលា​ម៉ោងជាង​៤​រសៀល ដោយ​មាន​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​រង កម្លាំង​សមត្ថកិច្ច​បាន​បើក​ទា្វរ​ដែក​ចូល​ទៅ​ខាងក្នុង​បរិវេណ​នោះ ក៏​បានឃើញ​ឈើ​គ្រញូង​មួយ​គំនរ​នៅ​មុខ​ឃ្លាំង និង​ក្នុង​ឃ្លាំង​ជា​ច្រើន​ដែល​មាន​ទម្ងន់​ជា​ច្រើន​តោន ខ្លះ​លើកដាក់​ជា​គំនរ និង​ខ្លះ​ទៀត​ដាក់​លើ​ជញ្ជីង​ថ្លឹង​ផង​ដែរ ។ ជាមួយ​នោះ​មាន​រថយន្ត​ចំនួន​២​គ្រឿង ប្រភេទ​បា​ឡែ​ន ពណ៌​ស ១​គ្រឿង និង​កាម​រី​ឆ្លាម ១​គ្រឿង ដែល​បាន​បើក​បម្រុង​រត់គេច​ទៅ​ខាងក្រោយ​ឃ្លាំង​ឈប់​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី ។ ចំពោះ​បរិមាណ​ឈើ​គ្រញូង​ត្រូវ​បាន​ដកហូត​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាលាខេត្ត បើ​តាម​ការ​ប៉ាន​ប្រមាណ​ប្រហែល​២​ទៅ​៣​តោន ចំណែក​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​វិញ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់ ។

លោក​ រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ឈើ​គ្រញូង​ត្រូវ​បាន​ដកហូត​ជាមួយនឹង​រថយន្ត​ចំនួន​៣​គ្រឿង ជាមួយ​នោះ​បើសិនជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹង​ពីមុខ​សញ្ញា​ឈ្មួញ​ច្បាស់​នោះ នឹង​ចេញ​ដីកា​ដើម្បី​តាម​ចាប់ខ្លួន ។

ឈ្មោះ ជួប សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម និង​ឈ្មោះ តាំង ម៉េ​ង​ឡេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រែក​លៀប ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ម្ចាស់​រថយន្ត​កាម​រី បា​ឡែ​ន បាន​ឆ្លើយ​នៅ​ពេល​ទទួល​រថយន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ នេះ​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ស្ទូចត្រី​នៅ​ចំណុច​ឃ្លាំង​មួយ​នៅ​ថ្ងៃ​ខាងលើ មិនដឹង​ថា​មាន​ឈើ​គ្រញូង​ស្តុក​ក្នុង​ឃ្លាំង​ឡើយ លុះ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​មក​ឡោម​ព័ទ្ធ​បាន​រត់​យករួចខ្លួន ៕