អតីត​ផ្កាយ​១ លោក ពេជ្រ ព្រហ្ម​មុនី ជាប់​ពន្ធនាគារ​១៨​ខែ អនុវត្ត​ទោស​១០​ខែ​ និង​ពិន័យ​ប្រាក់​២​លាន​រៀល

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ពេជ្រ ព្រហ្ម​មុនី ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ គិត​ពី​ថ្ងៃ​ចាប់ខ្លួន និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ។

ចៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ឈ្មោះ ពេជ្រ ព្រហ្ម​មុន្នី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ អតីតមន្ត្រី​យោធា​ផ្កាយ​១ នៃ​ក្រសួងការពារជាតិ ជាប់ចោទ​២​បទល្មើស គឺ​ពី​បទ​ជ្រៀតជ្រែក​កិច្ច​ការងារ​សាធារណៈ និង​ប្រើប្រាស់​យានយន្ត​នគរបាល ។

ជនជាប់ចោទ​ឈ្មោះ ពេជ្រ ព្រហ្ម​មុន្នី ជា​មនុស្ស​ជំនិត​របស់​អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ ត្រូវ​បាន​នាំ​មក​សាកសួរ​ដោយ​ព្រះរាជអាជ្ញា​រង លី សុ​ផា​ណា ពី​បទ «​ជំនួញ​ឥទ្ធិពល​អកម្ម​» បន្ទាប់​ពី​បទ «​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​» ។

យោង​តាម​មាត្រា​៦០៩​បទ (​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​) ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ដល់​៦​លាន​រៀល អំពើ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​អនុវត្ត​មុខងារសាធារណៈ​ណាមួយ​ដោយ​បំពេញ​កិច្ច​ណាមួយ​ក្នុង​ចំណោម​កិច្ច​ទាំងឡាយ​ដែល​សម្រាប់​តែ​អ្នកមាន​សិទ្ធិ​ក្នុង​មុខងារ​នេះ ។

នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ ព្រហ្ម​មុនី ដែល​ត្រូវជា​ជំនួយការ​ផ្នែក​សន្តិសុខ របស់​លោក អាំង មាលតី ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ រង់ចាំ​ការ​ជំនុំជម្រះ​នៅ​ពេល​ក្រោយ ។ ការ​សម្រេច​របស់​ចៅក្រម​ស៊ើបអង្កេត​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អយ្យការ លោក លី សុ​ផា​ន់​ណា ចោទប្រកាន់​តាម​ប​ញ្ញ​តិ្ត​មាត្រា​៦០៩ និង​មាត្រា​៦១៥ ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា ។

មាត្រា​៦០៩ នៃ​ក្រមព្រហ្មទណ្ឌ​ បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​ជនជាប់ចោទ​ផ្កាយ​១ ពេជ្រ ព្រហ្ម​មុនី អាច​ប្រឈម​នឹង​ទោស​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៦​លាន​រៀល ។ មាត្រា​៦១៥ នៃ​ក្រមព្រហ្មទណ្ឌ​បទ​ប្រើប្រាស់ ដោយ​គ្មាន​សិទ្ធិ នូវ​យានយន្ត ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា បើ​តុលាការ​រក​ឃើញ​កំហុស​ជន​ជាប់​រូប​នេះ​អាច​ប្រឈម​ទោស​ពន្ធនាគារ​ពី​១​ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ពី​១​សែន​រៀល ដល់​១​លាន​រៀល ៕