កម្ពុជាបើកចំហ និងជំរុញឲ្យ មានអាជីវកម្ម បែបឌីជីថល កាន់តែច្រើន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសិក្ខាសាលា របស់ក្រុមហ៊ុន Microsoft ថា វិស័យព័ត៌មានវិទ្យា មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាព វិស័យព័ត៌មានវិទ្យា របស់កម្ពុជា កំពុងតែអភិវឌ្ឍ យ៉ាងឆាប់រហ័ស ហើយកម្ពុជាក៏កំពុងតែជំរុញឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាមកបើកអាជីវកម្ម នៅក្នុងប្រទេសឲ្យបានកាន់ តែច្រើនផងដែរ។

នេះបើយោងតាមប្រសាសន៍របស់រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា អំឡុងពេលសិក្ខាសាលារៀបចំដោយក្រុមហ៊ុន Microsoft ក្នុងរាជធានីភ្នំពេញ នាសប្ដាហ៍នេះ ។

នៅក្នុងអំឡុងឡើងថ្លែងពីប្រធានបទ “Empowered by Digital” របស់អង្គសិក្ខាសាលា លោកអ៊ុក ប្រជា បានមានប្រសាសន៍ថា៖ “បច្ចេកវិទ្យាដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិរបស់យើងឲ្យឈានឡើងមួយកម្រិតទៀត ។ នៅក្នុង ពិភពអាជីវកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃខាងមុខ វាសំខាន់ណាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញដំណើរ ការអាជីវកម្ម និងផលិតភាពឲ្យដើរទៅមុខ ធ្វើយ៉ាងណា ដើម្បីបំពេញតាមតម្រូវ ការរបស់អតិថិជន និងរក្សាជំហរប្រកួតប្រជែង” ។

សិក្ខាសាលានោះ មានការចូលរួមពីអ្នកជំនាញកំពូលៗខាងផ្នែក IT ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុន Microsoft ដែលដឹកនាំ ដោយនាយកជាន់ខ្ពស់របស់ក្រុមហ៊ុនប្រចាំ ទីផ្សារអាស៊ីអាគ្នេយ៍ គឺលោក Bharat Mirchandani ដែលទាំងអស់គ្នាបានពិភាក្សាអំពីពិភពអាជីវកម្មដែលកំពុងតែផ្លាស់ប្ដូរ ដោយ “ទិន្នន័យធំៗ” បច្ចេកវិទ្យា Cloud ការវិវត្តន៍យ៉ាងលឿន នៃបច្ចេកវិទ្យា ឧបករណ៍ចល័ត កម្មវិធីដែលប្រើប្រាស់ក្នុងអាជីវកម្ម និង Software ផ្សេងៗ ។

លោក Alan Diaz មានតំណែងជា Microsoft Asia Productivity Black Belt បានបង្ហាញនូវលក្ខណៈពិសេសថ្មីៗ នៅក្នុងកម្មវិធី Software ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Microsoft គឺកម្មវិធី Microsoft Office 2016 ដែលជាកម្មវិធីសម្រាប់បម្រើការងារអាជីវកម្ម ។ លក្ខណៈពិសេសគឺសង្កត់ធ្ងន់ លើការកែលម្អ ក្នុងកិច្ចសហការកាងារ និងការងារក្រុម តាមរយៈការជួយជ្រោមជ្រែងពីកម្មវិធី ថ្មីចុងក្រោយនេះ ដែលជាកម្មវិធីកុំព្យូទ័រឈានមុខគេ ។

លោក Vivek Ravindran នាយកផលិតផលផ្ទុកទិន្នន័យ នៃក្រុមហ៊ុនMicrosoft បានដឹកនាំក្នុងវគ្គពិភាក្សា អំពីការផ្ដល់ជូន ពីក្រុមហ៊ុន Microsoft ផ្នែកបច្ចេកវិទ្យា Cloud និងកម្មវិធីថ្មី ដ៏អស្ចារ្យនេះ ដើម្បីជួយដល់ក្រុមហ៊ុនជាអតិថិជន យល់ជ្រាបពីទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានសម្រាប់ប្រតិបត្តិការរបស់ខ្លួន និងទាញយកភាពចំណេញពីទិន្នន័យទាំងអស់នេះ ។

អ្នកស្រី Rebecca Ho ដែលជាប្រធានផ្នែកឧក្រិដ្ឋកម្មឌីជីថលប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុនMicrosoft បានធ្វើបទបង្ហាញអំពីសារសំខាន់ នៃការការពារកម្មសិទ្ធិបញ្ញា ហើយបានព្រមានថា យោងតាមការស្រាវជ្រាវដោយ សាជីវកម្មទិន្នន័យអន្តរជាតិ (International Data Corp) និងសកលវិទ្យាល័យជាតិសិង្ហបុរី បានរកឃើញថា ការប្រើប្រាស់កម្មវិធីកុំព្យូទ័រក្លែងក្លាយ និងគ្មានអាជ្ញាប័ណ្ណ ជាកត្តា មួយក្នុងចំណោមកត្តាសំខាន់ៗនានា ដែលនាំឲ្យមានការវាយប្រហារសុវត្ថិភាពទិន្នន័យតាមអ៊ិនធឹណិត ដែលអាចបំផ្លាញ ដល់អាជីវកម្មបាន។

លោកស្រី Rebecca Ho បានថ្លែងថា៖ “វាជាកិច្ចសំខាន់ដែលយើងត្រូវពិនិត្យឲ្យឃើញថា បើទោះបីជាយើងទិញឧបករណ៍ថ្មីពីក្រុមហ៊ុន ណាមួយក៏ដោយ ធ្វើយ៉ាងណាត្រូវច្បាស់ថា កម្មវិធី Software ដែលដំឡើងរួច គឺមានអាជ្ញាប័ណ្ណ និងតាម ទាន់សម័យកាល ។ អ្នកជំនាញសន្តិសុខព័ត៌មានវិទ្យារបស់យើងបានកត់សម្គាល់ឃើញ ថា ការដំឡើង Software ក្លែងក្លាយ លើកម្មវិធី Hardware ថ្មីនោះ អាចនឹងផ្ទុកនូវមេរោគប្រភេទ malware និងមេរោគផ្សេងទៀតដែលអតិថិជនមិនបានដឹង ហើយដែលនឹងអាចធ្វើឲ្យខូចខាតធំដល់អាជីវកម្មរបស់ពួកគេ”។