វិធាន​ការហាម​មិនឱ្យ​ជួល​ដី​នៅ​តំបន់​ព្រំដែន​ឱ្យ​ជនបរទេស​ប្រឈម​នឹង​ភាពបរាជ័យ ច្រើនជាង​ជោគជ័យ​មែនឬ​?

​ភ្នំពេញ​៖ ការជួល​ដី​តំបន់​ព្រំដែន​ឱ្យ​ជនបរទេស​ប្រើប្រាស់​សម្រាប់ធ្វើ​ស្រែចំការ គឺជា​សកម្មភាព​មួយ​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ធ្វើជា​បន្តបន្ទាប់​ជា​យូរ​ឆ្នាំ​មកហើយ​។ ការជួល​នេះ មាន​ទាំង​កម្រិត​គ្រួសារ និង ទាំង​កម្រិត​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ដី​ពី​កសិករ ឬ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​។ សកម្មភាព​ជួល​ដី​ឱ្យ​ជនបរទេស​នេះ ភាគច្រើន​កើតឡើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ក្នុង​ស្មារតី​គិតគូ​អំពី​បូរណភាព​ទឹកដី ខណៈពេលដែល​ព្រំដែន​កម្ពុជា​-​វៀតណាម កំពុង​ត្រូវបាន​វាស់វែង​និង​បោះបង្គោល​ព្រំដែន​មិនទាន់​ដាច់ស្រេច​ផង​នោះ រដ្ឋាភិបាល​កម្ពុជា​បានចេញ​សារាចរ​មួយ​ហាមប្រាម​មិនឱ្យ​មានការ​ជួល​ដី​នៅ​តំបន់​ព្រំដែន​ឱ្យ​ជនបរទេស​។ តើ​ការអនុវត្ត​សារាចរ​នេះ អាច​ប្រព្រឹត្តទៅបាន​រលូន​ដែរឬទេ​?

​យោងតាម​បទពិសោធ​នៃ​ការអនុវត្ត​សារាចរ សេចក្ដីសម្រេច សេចក្ដី​ជូន​ដ​ណឹ​ង និង ការអនុវត្ត​ច្បាប់​កន្លងមក និង យោងតាម​តថភាព​សង្គម គេ​អាច​ប៉ាន់ស្មាន​បាន​ថា ការអនុវត្ត​សារាចរ​នេះ មិនអាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន​និង​មាន​ប្រសិទ្ធភាព​ទេ ដោយសារតែ ហេតុផល​ដូចខាងក្រោម​៖

1.​    ​ពេលដែល​សារាចរ​នេះ​ចេញ ដី​តំបន់​ព្រំដែន​មួយចំនួន ពលរដ្ឋ​ខ្មែរ​បាន​ជួល​ទៅឱ្យ​ជនបរទេស​រួចទៅហើយ ដែល​បច្ចុប្បន្ន មិនទាន់​ចប់​កិច្ចសន្យា​នៅឡើយ​។

2.​    ​ដី​តំបន់​ព្រំដែន​ដែល​ត្រូវបាន​ជួល​ទៅឱ្យ​បរទេស​ភាគច្រើន គឺជា​ដី​របស់​អ្នកធំ​ថ្នាក់​ខេត្ត​និង​ថ្នាក់​ក្រសួង​

3.​    ​ប្រសិនបើជា​ដី​របស់​ក្រុមហ៊ុន​វិញ គឺ​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែលមាន​ភាពជិតស្និទ្ធ​ជាមួយ​អ្នកមានអំណាច​

4.​    ​យោងតាម​បទពិសោធ​នៃ​ការអនុវត្ត​សារាចរ សេចក្ដីសម្រេច សេចក្ដី​ជូន​ដ​ណឹ​ង និង ច្បាប់ កន្លងមក ប្រព្រឹត្តទៅបាន​តែមួយរ​យៈ​ខ្លី​ប៉ុណ្ណោះ​។ ឧទាហរណ៍ សេចក្ដីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ក្នុង​ម៉ោង​ហាមឃាត់ តែ​ឥឡូវ​ហាក់ដូចជា​លែងមាន​ប្រសិទ្ធភាព​ទៅហើយ​។​

5.​    ​តាម​ការពិនិត្យ សង្កេត គេ​បានដឹងថា អំណាច​របស់ សារាចរ សេចក្ដីសម្រេច សេចក្ដីជូនដំណឹង និង ច្បាប់ មិនសូវមាន​ឥទ្ធិពល​លើ អាជ្ញាធរ អ្នកធំ និង អ្នកមាន​ឡើយ​។​

6.​    ​សូម្បីតែ​បទបញ្ជា​ឬ​ការប្ដេជ្ញាចិត្ត របស់ រដ្ឋមន្ត្រី ឬ ប្រមុខ​រដ្ឋាភិបាល ទាក់ទង​នឹង​ការប្រឆាំង​បទល្មើស​ព្រៃឈើ និង បទល្មើស​ផ្សេងៗ​កន្លងមក ក៏​មិនសូវមាន​ប្រសិទ្ធភាព​ដែរ​។​

7.​    ​បក្ស​កាន់អំណាច​ឬ​រដ្ឋាភិបាល​នៅ​ស្ទាក់ស្ទើរ​មិនទាន់​ក្លាហាន ហ៊ាន​ចាត់វិធានការ​លើ​អាជ្ញាធរ ឬ​មន្ត្រី​ពាក់​ដែលជា​កូតា​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​។​

8.​    ​ការស្រាវជ្រាវ ឬ​ការធ្វើជំរឿន​ដើម្បី​រក​បរិមាណ​ដី​នៅ​តំបន់​ព្រំដែន​ដែល​បាន​ជួល​ឱ្យ​បរទេស​នោះ ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ដោយ​ត្រឹមត្រូវ​ដែរ ពីព្រោះ មន្ត្រី​ដែល​នឹង​ត្រូវគេ​ចាត់​ឱ្យ​ចុះទៅ​ធ្វើ​កិច្ច​នេះ ភាគច្រើន អាចជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​នៃ​ការជួល​ដី​នេះ​។ 

​ក្រៅពីនេះ នៅមាន​កត្តា​រួមផ្សំ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​សារាចរ​ស្ដីពី​ការហាម​ប្រាម​មិនឱ្យ​មានការ​ជួល​ដី​តំបន់​ព្រំដែន​ទៅឱ្យ​បរទេស​នេះ មិនអាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន ដូចជា ថ្នាក់ក្រោម​លាក់​ការណ៍​ពិត​ចំពោះ​ថ្នាក់លើ​, ម្ចាស់​ដី​និង​អ្នក​ចួ​ល​ដី​ត្រូវ​គ្នា និង ពលរដ្ឋ​ខ្មែរ​មួយ​ចនួន​ធំ​នៅជាប់​ព្រំដែន ខ្វះ​បច្ចេកទេស​កសិកម្ម​, ប្រព័ន្ធធារាសាស្ត្រ​, ប្រភពទឹក​, ភ្លើង​, ពូជ​, ជី​, ទីផ្សារ​, ផ្លូវថ្នល់ និង ខ្វះ​ការឧបត្ថម្ភ​និង​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។​

​ដូច្នេះ ប្រសិនបើ​មិនបាន​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​, មិន​ផ្លាស់ប្ដូរ​ទម្លាប់​មិនល្អ​ក្នុងការ​បំពេញការងារ​កន្លងមក​, មិនបាន​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​, មិនបាន​ជ្រើសរើស​មន្ត្រី​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ល្អ និង មិនបាន​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ដូច​បានលើកឡើង​ខាងលើ​ទេ ការអនុវត្ត​សារាចរ​នេះ ពិតជា​មិនអាច​ប្រព្រឹត្តទៅ​បានល្អ​ឡើយ​៕  
      
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​