អ្នកនយោបាយ​អាមេរិក​កំពុង​បញ្ឆេះ​គំនិត​ស្អប់​ជនភៀសខ្លួន​ស៊ី​រី​និង​អ៊ីរ៉ាក់​

​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ កំពុង​ព្យាយាម​យក​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​ជា​លេស​ដើម្បី​ប្រឆាំង​គម្រោង​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​ពី​ស៊ី​រី​និង​អ៊ីរ៉ាក់​។ គេ​ឃើញ​បេក្ខជន​បក្ស​សាធារណរដ្ឋ​កំពុង​ទិតៀន​រដ្ឋបាល​លោក អូ​បា​ម៉ា ដើម្បី​ទាក់ទាញ​ការគាំទ្រ​និង​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ផង​។​

សូមស្តាប់ព័ត៌មានលម្អិត៖

​ក្រោយ​មានការ​វាយប្រហារ​នៅ​បារាំង​ដោយ​សមាជិក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​បានចាប់ផ្តើម​ដាក់​ស្នើច្បាប់​រារាំង​គម្រោង​ទទួលយក​ជនភៀសខ្លួន​ពី​ស៊ី​រី​និង​អ៊ីរ៉ាក់​របស់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ម្សិលមិញ​នេះ សេចក្តីស្នើច្បាប់​នេះ​បាន​សភា​សម្រេច​ទទួលយក​ក្រោម​សំឡេងគាំទ្រ​រហូតដល់ ២៨៩ ទល់នឹង ១៣៧ សំឡេង​។  ហើយ​ក្នុង​សំឡេងគាំទ្រ​សេចក្តីស្នើច្បាប់​នោះ ក៏មាន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំនួន ៤៧ នាក់​ផងដែរ​។​

​សមាជិក​គណបក្ស​សាធារណរដ្ឋ បានបង្ហាញ​ការជំទាស់​ការទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ដែលជា​គម្រោង​មនុស្សធម៌​របស់លោក អូ​បា​ម៉ា ហើយ​រដ្ឋបាល​លោក បានប្រកាសថា​នឹង​ទទួលយក​ជនភៀសខ្លួន​រហូតដល់​១​ម៉ឺន​នាក់​គិតដល់​ខែកញ្ញា​ឆ្នាំក្រោយ​។ លោក អូ​បា​ម៉ា យល់ថា វា​ជា​រឿង​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ក្នុងការ​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ជួយ​ប្រជាជន​ដែល​កំពុង​រងគ្រោះ និង​គេច​ពី​គ្រោះថ្នាក់​នេះ​។

​ក្នុង​កិច្ចប្រជុំ ប្រទេស​២០​កន្លងមក​លោក អូ​បា​ម៉ា ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​បន្ត​ទទួលយក​ជនភៀសខ្លួន​ពី​ស៊ី​រី​បន្តទៀត ហើយ​លោក​បាន​អះអាងថា រដ្ឋាភិបាល​លោក​គិតគូ​ខ្លាំង​ពី​សន្តិសុខ​ប្រជាជន​អាមេរិក ទន្ទឹមគ្នា​នឹង​ការរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​។ ប្រមុខរដ្ឋ​អាមេរិក​នេះ​ក៏បាន ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​និង​តឹងរ៉ឹង​ចំពោះ​អត្តសញ្ញាណ​របស់​ជនភៀសខ្លួន មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលក្នុង​ទឹកដី​អាមេរិក​។​

​ប៉ុន្តែ​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មិន​យល់ឃើញ​ដូច លោក អូ​បា​ម៉ា ទេ ព្រោះ​ពួកគេ​អះអាងថា សន្តិសុខ​ជាតិ​សំខាន់​ជាង​អ្វី​ទាំងអស់ ហើយ​ពួកគេ​លើកយក​បញ្ហា​នៅ​អឺរ៉ុប​បច្ចុប្បន្ន​ជា​សម្អាង​ព្រោះ​អាមេរិក​ស្ថិតក្នុង​គោលដៅ​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ស្រាប់​។

​ក្រៅពី​ដាក់​ស្នើច្បាប់ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ដែល​នាំមុខគេ​លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​បន្ត​លើកយក​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី​មក​វាយប្រហារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អ្នកនយោបាយ​រូបនេះ ហាក់ដូចជា​មានគំនិត​ជ្រុលនិយម​ពេក ដោយ​ព្យាយាម​យក​បញ្ហា​ជនភៀសខ្លួន​ដែល​កំពុង​រងគ្រោះ​នោះមក​ធ្វើជា​មធ្យោបាយ​ទាញយក​ប្រយោជន៍​នយោបាយ​។ 

​នៅក្រៅ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ាស៊ីហ្វិក​នៅ​ហ្វីលីពីន លោក អូ​បា​ម៉ា បាន​ឆ្លៀត​ចោទប្រកាន់​អ្នកនយោបាយ​ក្នុងស្រុក​ដែល​ព្យាយាម​បំប៉ោង​ស្ថានការណ៍ និង​បញ្ឆេះ​អារម្មណ៍​ស្អប់ខ្ពើម​ជនរងគ្រោះ​ដែល​ប្តូរជីវិត​គេច​ពី​សង្គ្រាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​នោះ​។

​យ៉ាងណាក៏ដោយ ទាក់ទិន​នឹង​ការអនុម័ត​ច្បាប់​ថ្មី​នេះ​វា​នៅតែ​ជា​រឿង​មិន​ច្បាស់លាស់​នៅឡើយ​។ សេចក្តីស្នើច្បាប់​នេះ នឹង​ត្រូវគេ​បញ្ជូនទៅ​ឆ្លង​ព្រឹទ្ធសភា មុននឹង​បញ្ជូនទៅ​ឲ្យ​ប្រធានាធិបតី​ចុះហត្ថលេខា​។ តែ​យ៉ាងណាក៏ដោយ ដើម្បី​មានប្រៀប​លើ​សិទ្ធិ​ជំទាស់​របស់​ប្រធានាធិបតី ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ​ត្រូវ​រក​សំឡេងគាំទ្រ​ឲ្យ​បាន​ពីរភាគបី​ឯណោះ​។ ប៉ុន្តែ​គេ​មើលឃើញថា បក្ស​សាធារណរដ្ឋ​អាចមាន​លទ្ធភាព​រក​សំឡេងគាំទ្រ​គ្រាន់​ព្រោះ​សមាជិក​បក្ស​នេះ​កំពុង​កាន់កាប់​អាសនៈ​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ស្រាប់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​