លោក ហ៊ុន សែន អំពាវនាវ ឲ្យ​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ប្រកាស​អំពាវនាវ​ដល់​វិនិយោគិន​បរទេស ឲ្យ​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា ដោយ​លោក​អះអាង​ថា ប្រទេស​កម្ពុជា ជា​កន្លែង​ផ្ដល់​អំណោយផល​ច្រើន​ដល់​វិនិយោគិន​បរទេស។ លោក​ថ្លែង​បែប​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​វេទិកា​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​វិនិយោគិន​ពិភពលោក។

លោក ហ៊ុន សែន ជំរុញ​ឲ្យ​វិនិយោគិន​បរទេស ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ទាំង​ក្រោម​ទម្រង់​នៃ​ភាព​ជា​​ដៃគូ​វិស័យ​សាធារណៈ​ឯកជន (PPP) ទាំង​ក្នុង​ទម្រង់​ដទៃ​ទៀត។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ប្រាប់​វេទិកា​នេះ​ថា បច្ចុប្បន្ន កម្ពុជា​មាន​តម្រូវការ​ច្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាពិសេស​គម្រោង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​លោក ហ៊ុន សែន ថា ខេត្ត​នេះ​នឹង​ក្លាយ​ជា​សក្ដានុពល​ដ៏​ធំ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល ឧស្សាហកម្ម​កម្មន្តសាល និង​កសិ-ឧស្សាហកម្ម។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ភាគី​រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ស្វាគមន៍​ពិភាក្សា និង​ជួយ​ជ្រោមជ្រែង​ដល់​វិនិយោគិន​បរទេស​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។