រដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ហាម​លក់ ឬ​ជួល​ដី​នៅ​តាម​ព្រំដែន

រដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ស្តីពីការហាមប្រាមប្រជាពលរដ្ឋ នៅតាមព្រំដែន មិនឲ្យលក់​ឬ​ជួល​ដី​ស្រែ ដី​ចំការ ឬ​ដី​លំនៅឋាន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាង។ នៅក្នុងសារាចរបានបញ្ជាក់​យ៉ាង​ច្បាស់​ថា គោល​បំណង​ដើម្បី​រក្សា​ការពារសិទ្ធិ កាន់កាប់ដីធ្លី និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជា​ពលរដ្ឋ​ខ្មែរ។
រដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ហាម​លក់ ឬ​ជួល​ដី​នៅ​តាម​ព្រំដែន
ក្រុមយុវជន និងសកម្មជនព្រំដែនកម្ពុជា បានចុះទៅមើលបង្គោលព្រំដែនកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

បីថ្ងៃក្រោយការប្រកាស នៅតាមបណ្ដាញសង្គម លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញ​លិខិត​ផ្លូវ​ការ ដាក់ផ្សាយជាសាធារណៈ។ សារាចរមួយ ដែលមានចុះហត្ថលេខារបស់លោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានប្រកាសជូនទៅដល់ប្រជាពលរដ្ឋ និងក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ដែលជាប់ព្រំដែន មិនឲ្យជួលឬលក់ដី ដោយគ្មានឯកសារស្របច្បាប់។

សរាចរណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ដើម្បីកុំឲ្យការរៀបចំ របស់គណៈកម្មាធិកាចំរុះព្រំដែន មានភាព​ស្មុគស្មាញ ក្នុងការរៀបចំការងារ បោះបង្គោលព្រំដែន ប្រជាជននៃប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យជួលដី ឬលក់ដីស្រែចំការរបស់ខ្លួន ដោយគ្មានកិច្ចសន្យាជួល តាមផ្លូវច្បាប់នោះឡើយ។ បញ្ហាទាំងនេះ ជាហេតុធ្វើ​ឲ្យម្ចាស់ដី ជាជនជាតិខ្មែរបាត់បង់ប្រយោជន៍ នៅពេលមានវិវាទកើតឡើង។

យោងតាមសារាចរ របស់រដ្ឋាភិបាលខាងលើ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានព្រំដី ឬដីចំការដែលនៅ​ជាប់​ព្រំដែនប្រទេសជិតខាង មេត្តាជ្រាបរាល់បញ្ហានេះជាព័ត៌មាន។ ម្យ៉ាងវិញទៀតមិនត្រូវបន្តការជួល ឬ​លក់​ដី ស្រែ ចំកា ណាមួយដោយគ្មានលិខិតស្នាមស្របច្បាប់នោះទេ ដើម្បីកុំឲ្យមានករណីបាត់បង់ ឬ​ខាត​ប្រយោជន៍ របស់ភាគីម្ចាស់កម្មសិទ្ធដីទាំងនោះ (ប្រជាពលរដ្ឋខ្មែរ) នៅតាមព្រំដែន។

សារាចរផ្សាយជាសាធារណៈ របស់រដ្ឋាភិបាលកម្ពុជា ត្រូវបានអបអរសាទរ នឹងសម្ដែងការគាំទ្រ ជាទូទៅ ដោយ​ក្រុមអ្នកតាមដានស្ថានការណ៍ នយោបាយនិងសង្គម ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើការអបអរនេះ មន្រ្តី​ជាន់ខ្ពស់​មួយ​រូប នៃគណបក្សសង្គ្រោះជាតិ ដែលថ្លែងក្នុងករណីមិនបញ្ចេញឈ្មោះ បានទាមទារ សុំឲ្យ​មាន​​ការ​អនុវត្ត​ជាក់ស្តែង ជៀសជាងចេញតែលិខិតស្នាម ដើម្បីគ្រាន់តែល្អមើលនោះ។ លោកថា បើមានការ​អនុវត្ត ឲ្យ​បាន​កាន់តែឆាប់ នោះនឹងកាន់តែល្អ។

ប៉ុន្តែសម្រាប់មន្រ្តីគណបក្សប្រឆាំងរូបនេះ បានពន្យល់ពីការលក់ ឬជួលដី ទៅឲ្យជនបរទេសជិតខាង ដោយ​ប្រជា​ពលរដ្ឋខ្មែរ នៅតាមបណ្ដោយព្រំដែន ថាដោយសារ «គ្មានជម្រើស»។ លោកបានដាក់ការទទួលខុស​ត្រូវ​មួយផ្នែក ថានោះមកពីរដ្ឋាភិបាល ដែលមិនយកចិត្តទុកដាក់ និងគិតគូរ ដល់ជីវភាពរបស់ពលរដ្ឋ តាម​ព្រំដែន ហើយ ក៏មិនដែលមាន កិច្ចអភិវឌ្ឈន៍ណាមួយ ច្បាស់លាស់តាមព្រំដែនដែរ៕