ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ស្នើឲ្យសមត្ថកិច្ច ចាប់ខ្លួន លោក សម រង្ស៊ី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ស្នើឲ្យកម្លាំង អាជ្ញាធរមានសមត្ថកិច្ច អនុវត្តសាលដី ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី យកមកផ្តន្ទាទោសតាមច្បាប់ ក្នុងករណីបរិហារកេរ្តិ៍ ជាសាធារណចំពោះមុខមនុស្សរាប់រយនាក់ នៅជើងឯកថាលោកបានសហការជាមួយខ្មែរ ក្រហមក្នុងពេលខ្មែរក្រហមកំពុងកាន់អំណាច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុងថា “ដោយមេធាវីរបស់ខ្ញុំ បានស្នើសុំកាលពីថ្ងៃទី ១៣ វិច្ឆិកា ២០១៥ អោយតុលា ការអនុវត្តសាលដីកា ស្ថាពរ លេខ១៧ ក្រ៥.ប ចុះថ្ងៃទី ១២ មីនា ២០១៣ របស់ សាលាឧទ្ធរណ៍  ខ្ញុំសុំអោយអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តសាលដីកាខាងលើនេះ ចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ដើម្បីស្របតាមច្បាប់នៃនីតិរដ្ឋកម្ពុជា” ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានរំលឹងអំពីប្រវត្តិនៃបណ្តឹងរវាងឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង និងលោក សម រង្ស៊ី ដែលមានខ្លឹមសារដូចតទៅ៖

កាលពីថ្ងៃទី ២៣ មករា ១៩៩១ សាលាដំបូងផ្នែករដ្ឋប្បវេណី ក្រុងប៉ារីស បានផ្តន្ទាទោសកាសែតបារាំង le Journal du Dimanche (សារព័ត៌មាន ថ្ងៃអាទិត្យ) អំពីបទបរិហារកេរ្តិ៍ ចំពោះការចោទប្រកាន់ឯកឧត្តម ហោ ណាំហុង ថា ជាប្រធានជំរុំបឹងត្របែក។

ចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី ថាឯកឧត្តម ហោ ណាំហុង បានសហការ ជាមួយខ្មែរ ក្រហមក្នុងអំឡុងពេលខ្មែរក្រហមកំពុងកាន់អំណាច...  ក្នុងសៀវភៅ របស់គាត់មានចំណងជើងថា “ឬសក្នុងថ្ម” បោះពុម្ពនៅប្រទេសបារាំង ក្នុងខែឧសភា ឆ្នាំ២០០៨  សាលាដំបូងផ្នែករដ្ឋប្បវេណីក្រុងប៉ារីស បានវិនិច្ឆ័យ ថ្ងៃទី ២៧  មករា ២០០៩ ថា “ទឡ្ហីករណ៍ទាំងនេះ គឺជាការបរិហារកេរ្តិ៍ទៅលើឯកឧត្តម ហោ ណាំហុង និងថា លោកសម រង្ស៊ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង...”

សាលាឧទ្ធរណ៍ក្រុងប៉ារីស បានវិនិច្ឆ័យ ថ្ងៃទី ២០ ឧសភា ២០១០ ដោយទទួល ស្គាល់ចរិតលក្ខណៈបរិហារកេរ្តិ៍ នៃពាក្យពេជន៍ដែលបានប្រើទៅលើឯកឧត្តម       ហោ ណាំហុង និងដោយបញ្ជាក់ថាលោក សម រង្ស៊ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង... មិនបានបញ្ជាក់ថា ឯកឧត្តម ហោ ណាំហុង គឺជាអ្នកជាប់ឃុំឃាំង នៅក្នុងជំរុំបឹងត្របែក... ។

នៅថ្ងៃទី ២៧ មេសា ២០១១ តុលាការកំពូលបារាំង បានវិនិច្ឆ័យថា សាលា ឧទ្ធរណ៍ក្រុងប៉ារីស បាន ” លើកឡើងដោយមានមូលដ្ឋាននូវចរិតលក្ខណៈបរិហារកេរ្តិ៍ នៃពាក្យពេជន៍ដែលត្រូវបានបរិហារ” ឯកឧត្តម ហោ ណាំហុង ប៉ុន្តែបានចាត់ទុកថា លោក សម រង្ស៊ី ត្រូវទទួលបានការអភ័យទោសដោយសុទ្ធចិត្ត និងត្រូវបានលើក លែងទោស ។  

នៅថ្ងៃ ១០ តុលា ២០១៣  សាលាដំបូងផ្នែករដ្ឋប្បវេណីក្រុងប៉ារីស បានផ្តន្ទាទោស លោកស្រី Ung Boun-Hor អំពីបទបរិហារកេរ្តិ៍ ឯកឧត្តម ហោ ណាំហុង ដូចគ្នានឹង ការវិនិច្ឆ័យរបស់តុលាការបារាំងមុនៗដែរ៕