អ្នករបាំ​​​មួយសតវត្សរ៍

អ្នករបាំ ឡុង សុខផល (ឆ្វេង)​ និងលោកស្រី អែម ធាយ នៅឯមជ្ឈមណ្ឌល​កុមារ​កំព្រាកុមារ​សន្តិភាព​ក្នុង​ភូមិស្រែអំពិល ខេត្ត​កណ្តាល។ រូបថតដោយ Arjay Stevens

អ្នករបាំ ឡុង សុខផល (ឆ្វេង)​ និងលោកស្រី អែម ធាយ នៅឯមជ្ឈមណ្ឌល​កុមារ​កំព្រាកុមារ​សន្តិភាព​ក្នុង​ភូមិស្រែអំពិល ខេត្ត​កណ្តាល។ រូបថតដោយ Arjay Stevens

លោកស្រី អែម ធាយ មិនដឹង​​​ពិតប្រាកដ​​​ថា គាត់​​​កើតនៅ​​​ពេល​​​ណាទេ។ អ្វីដែល​​​លោកស្រី​​​នៅចាំ​​​គឺ​​​ថា លោកស្រីគឺជា​​​ក្មេងតូចម្នាក់​​​ដែលរស់នៅ​​​ឯ​​​បរមរាជវាំង នៅពេលដែលព្រះ​​​មហាក្សត្រ នរោត្តម សីហនុ ឡើងសោយរាជ្យ​​​ក្នុងឆ្នាំ​​​១៩៤១។ ឪពុករបស់លោកស្រី​​​ជាអ្នកបម្រើគ្រួសារ​​​ព្រះ​​​រាជវង្ស ហើយ​​​ម្តាយ​​​លោកស្រី​​​ជាចុងភៅវំាង​​​។ ជាប់​​​ចិត្ត​​​ដោយ​​​អ្នករបាំ​​​ព្រះរាជ្យទ្រព្យ​​​ អ្នកស្រី​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូលរួម​​​ក្នុង​​​របាំ​​​ប្រចាំ​​​ព្រះរាជវាំង​​​នៅពេល​​​លោកស្រី​​​មាន​​​អាយុ​​​ប្រហែល​​​៦​​​ឆ្នាំ។

របាំ​​​បាន​​​ក្លាយ​​​ជា​​​ជីវិត​​​របស់​​​អ្នកស្រី​​​។ រហូត​​​មក​​​ទល់​​​បច្ចុប្បន្ន​​​នេះ​​​ អ្នកស្រី​​​មាន​​​អាយុ​​​៨០ឆ្នាំ​​​ទៅ​​​ហើយ ប៉ុន្តែ អ្នកស្រី​​​នៅតែបង្រៀន​​​របាំ​​​នៅចុង​​​សប្តាហ៍​​​ដដែល​​​។ រៀងរាល់ថ្ងៃអាទិត្យ​​​ មិត្ត​​​ភ័ក្តិ​​​ចាស់​​​របស់​​​លោកស្រី​​​គឺ​​​លោក​​​ ឡុង​​​ សុខផល មក​​​ទទួលលោកស្រី​​​ ហើយ​​​ជិះ​ម៉ូតូ​របស់​​​លោក​​​ទៅកាន់​​​មណ្ឌល​​​កុមារ​​​កំព្រា​​​​​​កុមារ​​​សន្តិភាព នៅភូមិ​​​ស្រែអំពិល​​​ ក្នុងខេត្ត​​​កណ្តាល​​​ ដែល​​​នៅទីនោះ​​​ពួកគេ​​​បង្រៀន​​​របាំ​​​បុរាណ​​​ដល់​​​ក្មេងៗ។

លោក សុខផល បាន​​​និយាយថា “តាម​​​ដែល​​​គាត់​​​ប្រាប់​​​ខ្ញុំ​​​ គាត់​​​មិនចង់​​​ស្លាប់​​​ទៅ​​​​​​ដោយ​​​មិន​​​មាន​​​ឱកាស​​​ចែក​​​រំលែក​​​ចំណេះ​​​ដឹង​​​របស់​​​គាត់​​​ទេ”។

អ្នកថតរូប​​​ជនជាតិ​​​អាល្លឺម៉ង់គឺលោក អាជេ ស្ទេវិន ដែលបាន​​​ជួប​​​លោកស្រី ធាយ ជាលើក​​​ដំបូង​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​កន្លង​​​មក​​​ហើយ​​​ បាន​​​ចាត់​​​ទុក​​​លោក​​​ស្រីជា​​​ “លោកយាយ​​​របាំ​​​ព្រះ​​​រាជ្យទ្រព្យ”។

នៅពេល​​​អ្នកថត​​​រូប​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​រូបនេះ បាន​​​ជួប​​​សម្ភាស​​​លោកស្រី​​​កាលពី​​​បីឆ្នាំ​​​មុន​​​ លោក​​​មាន​​​ចិត្ត​​​ក្តុក​​​ក្តួលពេល​​​​​​ឃើញ​​​លោកស្រី​​​​​​រស់​​​នៅ​​​ក្នុងផ្ទះ​​​រយីករយាក​​​។ លោកស្រី​​​ចូល​​​ចិត្ត​​​រស់​​​នៅ​​​ដោយ​​​ឯករាជ្យ​​​ ប៉ុន្តែ ប្រាក់​​​សោធននិវត្តន៍​​​ចំនួន​​​ម្ភៃម៉ឺន​​​​​​រៀលក្នុង​​​មួយ​​​ខែ​​​ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​លោកស្រី​​​មាន​​​ជម្រើស​​​ច្រើន​​​ទេ។

ដូច្នេះ​​​លោក ស្ទេវិន សម្រេច​​​ចងក្រង​​​សៀវភៅ​​​រូបថត​​​ទាក់ទិននឹង​​​លោកស្រី ធាយ ហើយ​​​តាំង​​​ពិព័រណ៍រូបថត​​​របស់​​​លោក​​​អំពី​​​ការ​​​រាំ​​​របស់​​​លោកស្រី ធាយ ហើយ​​​ផ្តល់​​​ប្រាក់​​​​​​ទាំង​​​អស់​​​ពីការ​​​លក់​​​រូបថត​​​ឲ្យ​​​ទៅ​​​លោកស្រី​​​។ សៀវភៅ​​​រូបថត​​​មាន​​​១១៥​​​ទំព័រ​​​ ដែលមាន​​​ចំណង​​​ជើង​​​ថា “សិល្បករ​​​១សតវត្សរ៍” បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​ពីរ​​​សប្តាហ៍​​​មុន​​​ដោយ​​​មាន​​​អត្ថបទ​​​ជាភាសា​​​អង់គ្លេស​​​ ខ្មែរ​​​ បារាំង​​​ និង​​​អាល្លឺម៉ង់។

លោក ស្ទេវិន បាន​​​និយាយ​​​ក្នុង​​​បទ​​​សម្ភាស​​​ថា “ជាធម្មតា​​​ នៅពេល​​​អ្នក​​​ល្បីល្បាញលាចាក​​​លោក​​​ គេព្យាយាម​​​ប្រារព្វ​​​ពិធិ​​​អធិកអធម​​​។ ប៉ុន្តែ អ្នកល្បី​​​ទាំង​​​នោះ​​​មិន​​​បាន​​​ទទួល​​​អ្វី​​​ពី​​​ពិធី​​​នោះទេ។ ដូច្នេះ ខ្ញុំ​​​និយាយ​​​មក​​​ខ្លួនឯង​​​ថា ខ្ញុំត្រូវ​​​គោរព​​​រូបថត​​​ទាំង​​​អស់​​​ដែល​​​ខ្ញុំ​​​បាន​​​ថត​​​លោកស្រីជិត​​​ពីរ​​​ទសវត្សរ៍​​​មកហើយ​​​ ហើយ​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ឲ្យ​​​គាត់​​​ពេល​​​គាត់​​​នៅមាន​​​ជីវិត​​​នៅឡើយ​​​”។

លោកស្រី ធាយធ្វើសិក្ខា​សាលា​នៅក្រុងបែរឡាំង​ក្នុង​ឆ្នាំ២០០២។ រូបថត​ដោយ​ Arjay Stevens

លោកស្រី ធាយធ្វើសិក្ខា​សាលា​នៅក្រុងបែរឡាំង​ក្នុង​ឆ្នាំ២០០២។ រូបថត​ដោយ​ Arjay Stevens

រូបថត​​​តាំង​​​ពិព័រណ៍​​​របស់​​​លោក ស្ទេវិន ដំបូង ដែល​​​ចេញពី​​​សៀវភៅ​​​នឹង​​​បើក​​​នៅ​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ នៅឯ​​​សារមន្ទីរ​​​ជាតិ ហើយ​​​ការ​​​តាំង​​​ពិព័រណ៍​​​លើក​​​ទី២​​​នឹង​​​ចាប់​​​ផ្តើ​ម​​​នៅថ្ងៃទី​​​១៣​​​ ខែវិច្ឆិកា នៅឯ​​​មជ្ឈមណ្ឌល​​​ធនធាន​​​សោតទស្សន៍​​​បុប្ផាណា​​​។ ការតាំង​​​ពិព័រណ៍​​​នឹង​​​និយាយ​​​អំពី​​​រូបថត​​​ផ្សេងៗ​​​ទាក់ទិន​​​នឹង​​​លោកស្រី ធាយ។

អ្នកថត​​​រូប​​​ជនជាតិ​​​អាល្លឺម៉ង់​​​រូប​​​នេះ​​​សរសេរ​​​ក្នុង​​​សៀវភៅ​​​របស់​​​លោកថា “ខ្ញុំ​​​ស្រឡាញ់​​​លោកស្រី។ គាត់​​​មាន​​​ស្នាម​​​ញញឹម ខ្សែភ្នែករាក់ទាក់​​​រស់រាយ​​​ មាន​​​អំណោយទាន​​​ និង​​​ចិត្ត​​​សប្បុរស​​​របស់​​​លោកស្រី​​​ ភាព​​​ក្លៀវក្លា​​​របស់លោកស្រី​​​ដែល​​​បង្រៀន​​​សិស្សានុសិស្ស​​​”។

សៀវភៅ​​​នេះ​​​ចាប់​​​ផ្តើម​​​ដោយ​​​មាន​​​រូបថត​​​របស់​​​លោកស្រី​​​ ធាយ អង្គុយ​​​ជាអ្នក​​​របាំបុរាណ​​​ដែល​​​បាន​​​ថត​​​កាលពី​​​មួយខែមុន​​​។ សៀវភៅ​​​នេះ​​​បញ្ចប់​​​ទៅ​​​ដោយ​​​មាន​​​អត្ថបទ​​​ដែល​​​​​​ចេញ​ផ្សាយ​​​កាលពីថ្ងៃទី​​​២១​​​ ខែតុលា ឆ្នាំ​​​១៩៧១​​​ នៅក្នុង​​​កាសែត​​​ញូវយ៉ក​​​ ថែមស៍ ដែល​​​ចាត់​​​ទុក​​​លោកស្រី អែម ធាយ ជាសិល្បករ​​​ល្បីល្បាញ​​​ផ្នែក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​ខ្មែរ​​​ដែល​​​បាន​​​ធ្វើ​​​ទស្សនកិច្ច​​​នៅប្រទេស​​​អាមេរិក​​​នាឆ្នាំ​​​នោះ។

ជាសមាជិក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​នៅពេល​​​ដែល​​​ព្រះអង្គម្ចាស់ នរោត្តម សីហនុ គ្រប់​​​គ្រង​​​ប្រទេស​​​ជាតិ​​​នាទសវត្សរ៍​​​ឆ្នាំ​​​១៩៥០ និង​​​ទសវត្សរ៍ឆ្នាំ​​​១៩៦០ លោកស្រី​​​ ធាយ ក៏នៅ​​​តែ​​​ស្ថិត​​​ក្នុង​​​ក្រុម​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​ជាតិដដែល ​​​នៅពេល​​​ដែល​​​ព្រះអង្គម្ចាស់​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​១៩៧០​​​។ ដូចជា​​​លោកស្រី​​​ពន្យល់​​​នៅ​​​ក្នុង​​​សៀវភៅ​​​នោះ ការ​​​កាន់​​​អំណាច​​​របស់​​​របប​​​សាធារណរដ្ឋ​​​ខ្មែរពិត​​​ជា​​​មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​អ្នក​​​របាំ​​​ទេ គឺគ្រាន់តែ​​​ពាក្យ​​​ “ព្រះរាជ”​​​ ត្រូវ​​​ដក​​​ចេញពី​​​ឈ្មោះ​​​ប៉ុណ្ណោះ​​​។

ប៉ុន្តែ របប​​​ខ្មែរក្រហម​​​បាន​​​ធ្វើ​​​ខុស​​​ពីនោះ​​។ លោកស្រី​​​និយាយ​​​នៅក្នុង​​​សៀវភៅ​​​ថា​ “សៀវភៅ​​​​សរសេរ​​​ដ៏មាន​​​តម្លៃ​​​របស់​​​ខ្ញុំ​​​ដែល​​​មាន​​​សរសេរ​​​ចម្រៀងបុរាណ​​​​​​និង​​​នាដសាស្ត្រ ខ្ញុំ​​​បាន​​​លាក់​​​ទុក​​​យ៉ាង​​​ល្អ​​​នៅ​​​ក្នុង​​​ខ្នើយ​​​ចន្លោះ​​​ប្រអប់ឈើ​​​។ គឺ​​​គ្រោះថ្នាក់​​​ខ្លាំង​​​ណាស់។​​​ ការរក​​​ឃើញ​​​ថា ខ្ញុំជាសមាជិក​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​គឺ​​​មាន​​​ន័យ​​​ថា ស្លាប់​​​”។ លោកស្រី​​​ជាស្ត្រី​​​មេម៉ាយ​​​នៅ​​​ឆ្នាំ​​​១៩៧៥​​​ ហើយ​​​មាន​​​តែ​​​កូន​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំណោម​​​កូន​​​១៨នាក់​​​ប៉ុណ្ណោះ​​​ដែល​​​រស់​​​រាន​​​មាន​​​ជីវិត​​​ ក្រោយពី​​​ការ​​​ដួល​​​រលំ​​​នៃរបប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ខែមករា ឆ្នាំ​​​១៩៧៩។

លោកស្រី​​​ ធាយ គឺជា​​​សិល្បករ​​​ម្នាក់​​​ដែល​​​បាន​​​រស់រាន​​​មាន​​​ជីវិត​​​ក្រោយពី​​​របប​​​ខ្មែរ​​​ក្រហម​​​។ លោកស្រីជួយ​​​បើក​​​ឡើង​​​វិញ​​​នូវសាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រសិល្បៈ​​​នាទសវត្សរ៍​​​ឆ្នាំ​​​​​​១៩៨០ ក្នុង​​​គោលបំណង​​​កសាង​​​សិល្បករ​​​ជំនាន់ក្រោយ​​​​​​បន្ទាប់​​​ពីរបប​​​ខ្មែរក្រហម។

លោក សុខផល ដែល​​​ហ្វឹកហាត់​​​ជា​​​អ្នករបាំ​​​ល្ខោន​​​ខោល គឺ​​​ជា​​​សិស្ស​​​ម្នាក់​​​របស់​​​លោកស្រី​​​នាពេល​​​នោះ លោក សុខផល ចង​​​ចាំ​​​លោកស្រី​​​ថា​​​ជា​​​សិល្បករ​​​ដែលចេះ​​​គ្រប់សព្វ​​​ ដែល​​​អាច​​​សម្តែង​​​តួគ្រប់យ៉ាង​​​​​​បាន​​​ គឺ​​ពី​​​តួកាច​​​ទៅ​​​ជា​​​តួ​​​កំប្លុកកំប្លែង​​​។

លោកស្រី ធាយ ណែនាំ​ការ​សម្តែង​ក្នុងក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៩៧។​  រូបថតដោយ Arjay Stevens

លោកស្រី ធាយ ណែនាំ​ការ​សម្តែង​ក្នុងក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៩៧។​ រូបថតដោយ Arjay Stevens

លោក សុខផល ដែលបច្ចុប្បន្ន​​​នេះ​​​​​​បម្រើ​​​ការ​​​នៅ​​​នាយកដ្ឋាន​​​សិល្បៈ​​​សម្តែង​​​នៃ​​​ក្រសួង​​​វប្បធម៌​​​​​​ បាន​​​និយាយថា “តាម​​​គំនិតខ្ញុំ​​ គាត់​​​គឺ​​​ជា​​​ធនធាន​​​ឯក​​​និង​​​កម្រ​​​ផ្នែក​​​របាំបុរាណ​​​។ គាត់​​​ច្រៀង​​​ពិរោះ​​​ ទោះជា​​​គាត់​​​មាន​​​អាយុ​​​៨០ឆ្នាំ​​​ហើយ​​​ក៏ដោយ”។

ដូច​​​ជា​​​រូប​​​ថត​​​របស់​​​លោក ស្ទេវិន បាន​​​បង្ហាញ​​​ លោកស្រី ធាយ នៅតែ​​​សកម្ម​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​។ លោកស្រី​​​ជួយ​​​សម្តែង​​​របាំ​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ នៅក្រុង​​​ភ្នំពេញ​​​។​ផ្តល់​​​សិក្ខាសាលា​​​ដល់​​​អ្នករបាំ​​​ក្នុង​​​ក្រុង​​​បែរឡាំង ក្នុង​​​ឆ្នាំ​​​២០០២​​​ សម្តែង​​​នៅ​​​ឯ​​​មហោស្រព​​​អន្តរជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​នាឆ្នាំ​​​២០០៩​​​ ហើយ​​​បង្រៀននៅ​​​មជ្ឈ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ ស្រែអំពិល​​​ នៅឆ្នាំ​​​២០១២​​​។

នៅឯ​​​ពិធិ​​​បើក​​​ពិព័រណ៍​​​រូបថត​​​នៅសារមន្ទីរជាតិនៅ​​​ម៉ោង​​​៥ល្ងាច​​​ថ្ងៃអាទិត្យ​​​ សិស្ស​​​ពី​​​មណ្ឌល​​​​ស្រែអំពិល​​​នឹង​​​រាំ​​​ជូនជាកិត្តិយស​​​។

លោកស្រី​​​ ភឿង សកុណា រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​សរសេរ​​​​​​ជា​​​អារម្ភកថា​​​នៅក្នុង​​​សៀវភៅ​ថា “មិន​​​ដូចគ្នានឹង​​​ប្រពៃណី​​​បស្ចិម​​​ប្រទេស​​​ភាគច្រើន​​​ដែល​​​ពឹង​​​ផ្អែកលើ​​​ការងារ​​​និពន្ធ​​​ អគារ​​​ និង​​​ស្ថាប័ន​​​ ប្រពៃណី​​​នៃ​​​របាំ​​​ព្រះរាជ្យទ្រព្យ​​​គឺ​​​ផ្អែក​​​លើ​​​មនុស្ស​​​ ពោលគឺ​​​គ្រូ​​​មានភក្តីភាព​ដែល​​​​ចែក​​​រំលែក​​​ចំណេះដឹង​​​។ សៀវភៅ​​​​​​នេះ​​​អបអរ​​​ឆាក​​​ជីវិត​​​របស់​​​គ្រូដ៏ឆ្នើម​​​ម្នាក់​​​ក្នុង​​​សម័យ​​​របស់​​​យើង​​​”៕រើន​​​

 

The post អ្នករបាំ​​​មួយសតវត្សរ៍ appeared first on ខេមបូឌា ដេលី.