​​​មនុស្ស​​​ជំនិត​​​របស់​​​អតី​​​ត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​មាន​​​ទោស​​​ពី​​​បទ​​​ជ្រៀត​​​ជ្រែក​​​មុខ​​​ងារ​​​សាធារណៈ​​​

ឧត្តម​​​សេនីយ៍​​​យោធា​​​មួយ​​​រូប​​​ត្រូវ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ពី​​​បទ​​​ជ្រៀត​​​ជ្រែក​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​នៃ​​​ឃាត​​​កម្ម​​​លើ​​​ពាណិជ្ជករ​​​ម្នាក់​​​គឺ​​​លោក​​​ អឹុង​​​ ម៉េង​​​ជឺ​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំមុន​​​ ប៉ុន្តែ​​​ ទោស​​​ជាប់​​​ពន្ធនាគារ​​​របស់​​​លោក​​​ត្រូ​​​វកាត់​​​បន្ថយ​​​ ហើយ​​​និង​​​រួច​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​ខែ​​​ទៀត​​​ផង​​​។

ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី អតីតអង្គរក្ស​របស់​អតីតប្រធាន​តុលាការ​ក្រុង​ភ្នំពេញអបយស លោក​ អាំង មាលតី ចាក​ចេញ​ពីតុលាការ​កាលពី​ថ្ងៃសុក្រ ។ រូបថតដោយ សីុវ ចាន់ណា/ ខេមបូឌា ដេលី

ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី អតីតអង្គរក្ស​របស់​អតីតប្រធាន​តុលាការ​ក្រុង​ភ្នំពេញអបយស លោក​ អាំង មាលតី ចាក​ចេញ​ពីតុលាការ​កាលពី​ថ្ងៃសុក្រ ។ រូបថតដោយ សីុវ ចាន់ណា/ ខេមបូឌា ដេលី

ឧត្តម​​​សេនីយ័​​​ត្រី ពេជ្រ ព្រហ្មមុនី ដែល​​​បម្រើ​​​ការ​​​ជា​​​អង្គរក្ស​​​របស់​​​លោក អាំង​​​ មាល​​​តី​​​ ជា​​​អតីត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​អប​​​យស​​​​​​​ ដែល​​​កំពុង​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ពីបទ​​​ពុក​​​រលួយ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​បាន​​​ជ្រៀត​​​ចូល​​​គ្រួសារ​​​របស់​​​ ថោង សារ៉ាត់ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ធ្វើ​​​ដូច្នោះ​​​តាម​​​បញ្ជា​​​ចៅហ្វាយ​​​នាយ​​​របស់​​​លោក​​​ និង​​​អ្នក​​​មាន​​​អំណាច​​​ផ្សេង​​​ទៀត​​​ប៉ុណ្ណោះ​​​។

មន្ត្រីយោធា​​​ដូច​​​ជា​​​ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី មិន​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រួល​​​រួម​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ​​​នោះ​​​ទេ​​​។ មាត្រា​​​៦០៩​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ចែង​​​ថា  ការ​​​ជ្រៀត​​​ជ្រែក​​​ដោយ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​ការ​​​បំពេញ​​​​​​មុខ​​​ងារ​​​សាធារណៈ​​​​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បីឆ្នាំ។

ប៉ុន្តែ នៅ​​​ឯ​​​តុលាការ​​​ក្រុង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម វ៉េង​​​ ហ៊ត់ បាន​​​ប្រកាស​​​ថា ទោះ​​​បី​​​ចុង​​​ចោទ​​​ត្រូវ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ក៏​​​ដោយ​​​ ក៏​​​ចុង​​​ចោទ​​​រូបនេះ​​ជាប់​​​ទោស​​​រយៈ​​​ពេល​​​ខ្លី​​​​​​ដែរ​​​​​​។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​ថា ​​​​​​”យើង​​​សម្រេច​​​ដាក់​​​ពន្ធនាគារ​​​ ពេជ្រ ព្រហ្មមុនី​​​ រយៈ​​​ពេល​​​១៨​​​ខែ​​​ តែ​​​អនុវត​​​្ត​​​ទោស​​​១០​​​ខែ​​​”។ ចៅ​​​ក្រម​​​រូប​​​នេះ​​​មិន​​​បាន​​​ពន្យល់​​​អំពី​​​ការ​​​កាត់​​​បន្ថយ​​​ទោស​​​នោះ​​​ទេ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​រូប​​​នេះ​​​រួច​​​ខ្លួន​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​ ក្នុង​​​ខណៈ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។

ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ ចៅក្រម ហ៊ត់ បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​​​​អំពី​​​ការ​​​បន្ធូរ​​​បន្ថយ​​​ទោស​​​របស់​​​តុលាការ​​​ទេ​​​។

ចៅក្រម​​​រូ​ប​​​នេះ​​​បាន​​​និយាយ​​​ថា “មិន​​​បាច់​​​ចង់​​​ដឹង​​​ទេ ជា​​​រឿង​​​ផ្ទៃ​​​ក្នុង​​​”។

ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី ដែល​​​ត្រូវ​​​ផ្ទេរ​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​តាម​​​សំណើ​​​របស់​​​លោក មាល​​​តី​​​ ក៏​​​បាន​​​រួច​​​ខ្លួន​​​ពី​​​បទ​​​ចោទ​​​ទី​​​២​​​ ពោល​​​គឺ​​​ការ​​​ប្រើ​​​ដោយ​​​គ្មាន​​​ការអនុញ្ញាត​​​នូវ​​​រថយន្ត​​​ដែល​​​ពាក់​​​ស្លាក​​​យោធា ឬ​​​នគរ​​​បាល​​​។

ចៅក្រម ហ៊ត់ បាន​​​និយាយ​​​ថា “តុលាការ​​​សម្រេច​​​​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​បញ្ជាក់​​​ថា គាត់​​​ប្រើ​​​រថយន្ត​​​ ខ.ម. ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​នោះ​​​ទេ​​​”។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​លោក មាល​​​តី ត្រូវ​​​បាន​​​គេ​​​ដក​​​ចេញ​​​ពី​​​មុខ​​​តំណែង​​​ជា​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ដែល​​​ជា​​​ការ​​​ឆ្លើយ​​​​តប​​​ទៅ​​​នឹង​​​ការ​​​ណែ​​​នាំ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មួយ​​​ថ្ងៃ​​​មុន​​​ ដែល​​​ថា​ លោក​​​នាយក​​​តុលាការ​​​រូប​​​នេះ​​​បាន​​​ទទួល​​​សំណូក​​​រាប់​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ សារ៉ាត់​​​ ដែល​​​ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់​​​ក្នុង​​​ពេល​​​មាន​​​ការ​​​ឆ្មក់​​​ចូល​​​ភូមិគ្រឹះ​​​របស់​​​ពួក​​​គេ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​។

ឪពុកម្តាយ​​​របស់​​​លោក ថោង សារ៉ាត់ គឺ​​​អ្នក​​​ស្រី កែវ សារី និង​​​ ថោង ចំរើន​​​​​​ ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​ជា​​​ថ្មី​​​ពេល​​​កំពុង​​​ព្យាយាម​​​​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​តាម​​​រថយន្ត​​​ដឹក​​​អ្នក​​​ជំងឺ​​​ឯកជន​​​ ហើយ​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ជាប​​​់ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​​​​។

នៅ​​​សវនាការ​​​ថ្ងៃ​​​ទី​​​១ កាល​​​ពី​​​ខែ​​​កញ្ញា​​​ ឧត្តម​​​សេនីយ៍ត្រី​​​ ព្រហ្មមុនី បាន​​​ប្រាប់​​​តុលាការ​​​ថា​ លោក​​​បាន​​​បើក​​​ឡាន​​​ជូន​​​លោក​​​ មាលតី​​​ និង​​​លោក ជួន ណារិន​​​ ជា​​​ស្នង​​​ការ​​​រង​​​ក្នុង​​​ភ្នំពេញ​​​នា​​​ពេល​​​នោះ​​​ទៅ​​​កាន់​​​ផ្ទះ​​​វិឡា​​​​​​ ហើយ​​​ថា ឧត្តម​​​សេនីយ៍​​​ទោ ជួន ណារិន បាន​​​ហៅ​​​លោក​​​​​​ឲ្យ​​​ចូល​​​រួម​​​ឆែក​​​ឆេរ​​​​​​ផ្ទះ​​​។ លោក​​​ ព្រហ្មមុនី បាន​​​និយាយ​​​ថា បន្ទាប់មក​​​លោក​​​បាន​​​ស្នើ​​​សុំ​​​លោក​ ឱម យិុន​​​ទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​បទ​​​បញ្ជា​​​នោះ​​​ ហើយ​​​ថា លោក​​​ យិុនទៀង​​​ “បញ្ជា​​​ឲ្យ​​​ខ្ញុំ​​​ឆែក​​​ឆេរ”។

លោក​​​ មាលតី​​​ ដែល​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​នៅ​​​ឯ​​​ក្រសួង​​​យុត្តិធម៌​​​ក្រោយ​​​ពី​​​ការ​​​បណ្តេញ​​​​​​ចេញ​​​ពី​​​តំណែង​​​របស់​​​លោក​​​ កំពុង​​​ជាប់​​គុក​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កណ្តាល​​​ចាប់​​​តាំង​​​ពី​​​ខែ​​​សីហា​​​​​​​ ដោយ​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​កេង​​​បន្លំ​​​​​​ក្នុង​​​ការ​​​រឹប​​​អូស​​​រថយន្ត​​​ អូឌី ស៊ូ ពី​​​ឈ្មួញ​​​គ្រឿង​​​ញៀន​​​ម្នាក់​​​ ហើយ​​​ក៏​​​ប្រគល់​​​រថយន្ត​​​នោះ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​​​​ ជា​​​អធិការ​​រង​​​ខណ្ឌ​​​​​​៧​​​មករា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។

នៅ​​​ឯតុលាការ​​​ក្រុង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ផេង​​​ ស៊ីដេត មេធាវីការ​​​ពារក្តី​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​ត្រី ព្រហ្មមុនី បាន​​​អះ​​​អាង​​​ថា ទោះ​​​បី​​​​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​រយៈ​​​ពេល​​​ខ្លី​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​ជាប់​​​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១០​​​ខែ​​​ គឺ​​​ជា​​​រឿង​​​អយុត្តិធម៌​​​ ពីព្រោះថា​​​លោក មាលតី សុំ​​​ឲ្យ​​​កូន​​​ក្តី​​​លោក​​​​​​​ធ្វើ​​​ការ​​​ឲ្យ​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​លោក​​​គ្មាន​​​ជម្រើស​​​អ្វី​​​ក្រៅ​​​ពី​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​នោះ​​​ទេ​​​។

លោក​​​ សីុដេត បាន​​​និយាយ​​​សំដៅ​​​ទៅ​​​លើ​​​អគ្គ​​​មេបញ្ជាការ​​​រង​​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​ និង​​​ប្រធាន​​​ក្រុ​​​ម​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថា “​​​នេះ​​​ជា​​​សំណើ​​​ និង​​​មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ មាស សុភា និង​​​ ហីុង​​​ ប៊ុនហៀង”។ មេធាវី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “គាត់​​​មាន​​​ឋានន្តរសក្ដិ​​​ផ្កាយ​​​១​​​ តើ​​​អ្នក​​​គិត​​​ថា ​​​គាត់​​​ចង់​​​ធ្វើ​​​ជា​​​អង្គរក្ស​​​ឲ្យ​​​គេ​​​ឬ​​​?”៕រើន​​​​

The post ​​​មនុស្ស​​​ជំនិត​​​របស់​​​អតី​​​ត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​មាន​​​ទោស​​​ពី​​​បទ​​​ជ្រៀត​​​ជ្រែក​​​មុខ​​​ងារ​​​សាធារណៈ​​​ appeared first on ខេមបូឌា ដេលី.