ចាន់ រតនា ​រៀបរាប់​រនាំង​ជីវិត​ដ៏​ពិបាក ​មុន​ពេល​មាន​ថ្ងៃ​នេះ

ចាន់ រតនា ​រៀបរាប់​រនាំង​ជីវិត​ដ៏​ពិបាក ​មុន​ពេល​មាន​ថ្ងៃ​នេះ

ជើង​ខ្លាំង​របស់​កម្ពុជា ចាន់ រតនា ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ដុនដាប​ ពិបាក​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ បាន​រៀបរាប់​ជីវិត​ផ្ទាល់​ខ្លួន​ចាប់​ផ្ដើម​ពី​ការ​ចូល​វាយ​កីឡា​ក្នុង​ទ្រុង​ដំបូង រហូត​បាន​ប្រាក់​ទិញ​ម៉ូតូ​កង់​បី​និង​មាន​ប្រាក់​បង្កើត​មុខ​របរ​បន្តិច​បន្តួច​ដល់​បច្ចុប្បន្ន។

 

ចាន់ រតនា ​រៀបរាប់​រនាំង​ជីវិត​ដ៏​ពិបាក ​មុន​ពេល​មាន​ថ្ងៃ​នេះ

ចាន់ រតនា (ស្តាំ) និង​ ប្រាក់ ចាន់ស៊ីន (ឆ្វេង)​

 

ចាន់ រតនា ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​វាយ​ក្នុង​ទ្រុង​នេះក្នុង​ឆ្នាំ​២០១៤ បន្ទាប់​ពី​រូប​គេ​បញ្ចប់​អាជីព​ប្រដាល់សេរី​​។ ៣​ប្រកួត​របស់ រតនា ​ដែល​វាយ​ក្នុង​ទ្រុង រូបគេ​អាច​យក​ឈ្ន​ពីរ​ដង និង​ចាញ់​ម្តង​​ក្នុង​នោះ​ឈ្នះកីឡាករ​កម្ពុជា ប្រាក់​ ចាន់ស៊ីន និង​ចាញ់ សំអាង​ ឌុន ដ៏​ចម្រូង​ចម្រាស់ ហើយ​ចុង​ក្រោយ​​ផ្តួល​កីឡាករ​ហ្វីលីពីន Ramon Gonzalez ក្នុង​ទឹក​ទី​១​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ ក្នុង​បទសម្ភាសន៍ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា រូប​នេះ​បាន​និយាយ​ថា៖ “ONE Championship ​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ បាន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ផ្សេង​ៗ ​ហើយ​វា​ក៏​បាន​ផ្ដល់​ពេល​ឱ្យ​ខ្ញុំ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ផ្ទាល់​ខ្លួន​ផង​ដែរ”។

 

ចាន់ រតនា ​បាន​បញ្ជាក់​ពី​ជីវភាព​ខ្វះខាត​ និង​ការ​លំបាក​របស់​ខ្លួន​​ពេល​នៅ​ជា​កីឡាករ​ប្រដាល់​ថា ​ក្នុង​មួយ​ខែ​រូបគេ​ត្រូវ​ឡើង​វាយ​៤​ដង ទើប​បាន​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ខណៈ​ដែល​ពេល​ខ្លះ​ប្រាក់​នោះ​ក៏​សឹង​តែ​មិន​គ្រប់គ្រាន់​សម្រាប់​រូបគេ​ទៀត​ផង។ តែ​បច្ចុប្បន្ន ​រតនា ​បាន​ក្លាយ​ជា​អ្នក​វាយ​ក្នុង​ទ្រុង​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​មាន​អង្គភាព​ជា​ច្រើន​ចង់​ទាក់ទង​គេ​ឱ្យ​ទៅ​ឡើង​ប្រកួត។ ចំណែក​ឯ​ចំណូល​វិញ ក៏​បាន​ប្រសើរ​ឡើង​ជាង​មុន​ដែរ ចាប់​តាំង​ពី​ចាប់​អាជីព​ថ្មី​នេះ។

 

ចាន់ រតនា ​រៀបរាប់​រនាំង​ជីវិត​ដ៏​ពិបាក ​មុន​ពេល​មាន​ថ្ងៃ​នេះ

 ចាន់ រតនា និង​គ្រួសារ

 

ពេល​នេះ រតនា ​អាច​សល់​ប្រាក់​​​បើក​របរ​រកស៊ី​តិច​តួច​មួយ​ចំនួន​ទៀត ដោយ​ក្នុង​នោះ​រូបគេ​បាន​ទិញ​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ដើម្បី​រត់​ផង​ដែរ ​ដើម្បី​ជា​ចំណូល​មួយ​ក្នុង​គ្រួសារ ព្រោះ​ថា​ម៉ូតូ​កង់​បី​បច្ចុប្បន្ន​ក៏​រក​បាន​ច្រើន និង​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ដំណើរ​ទូទៅ។ ចំពោះ​រឿង​ទិញ ម៉ូតូ​កង់​បី​នេះ​ដែរ បុរស​កូន​២​នាក់​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​កូន​ស្រី​២​នាក់ ហើយ​យើង​ត្រូវ​ចំណាយ​លុយ​ជួល​ម៉ូតូ​កង់​បី ដើម្បី​ជូន​ពួកគេ​ទៅ​រៀន​រាល់​ថ្ងៃ ហើយ​តម្លៃ​ថ្លៃ​ណាស់។ បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ ONE Championship ​វាយ​ដំបូង​នៅ​ឆ្នាំ​២០១៤ ខ្ញុំ​ក៏​បាន​យក​លុយ​ដែល​វាយ​បាន​ទៅ​ទិញ​ម៉ូតូ​កង់​បី​មួយ​តែ​ម្ដង។ ពេល​ខ្ញុំ​ទិញ​វា​បាន​ហើយ ខ្ញុំ​លែង​ពិបាក​ដូច​មុន ហើយ​អាច​ជូន​ក្រុម​គ្រួសារ​ទៅ​ណា​ក៏​បាន ដោយ​ពេល​ខ្លះ​ខ្ញុំ​អាច​​ដឹក​​ភ្ញៀវ​យក​លុយ​ខ្លះ​ទៀត​ផង”។

 

មូលហេតុ​ដែល​ធ្វើ​ឱ្យ រតនា ​អាច​មាន​ក្បាច់​ និង​សមត្ថភាព​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​តែ​រូប​គេ​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​​ Tiger Muay Thai ​នៅ​ខេត្ត​ភូកេត ក្នុង​ប្រទេស​ថៃ​មួយ​រយៈ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ខាង Nagaworld ។ បន្ទាប់​ពី​ហ្វឹកហាត់​នៅ​ទី​នោះ បាន​ពេញ​លេញ​ហើយ រតនា ​បាន​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ហើយ​ក៏​មាន​ការ​គាំទ្រ​ជា​ច្រើន ក៏​ដូចជា​បាន​លើក​មុខ​មាត់​ប្រទេស​ជាតិ​បាន​មួយ​កម្រិត​ដែរ​ក្នុង​វិស័យ​កីឡា​វាយ​ក្នុង​ទ្រុង​ដ៏​ពេញ​និយម​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ Ramon Gonzales ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ។ រតនា បាន​និយាយ​ថា៖ “ដំបូង​ឡើយ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​ខ្ញុំ ​ព្រោះ Ramon ​ជា​កីឡាករ​ខ្លាំង មាន​បទ​ពិសោធន៍​ច្រើន។ ប៉ុន្តែ​ខ្ញុំ​បាន​តាំង​ចិត្ត និង​ហ្វឹកហាត់​បាន​យ៉ាង​ល្អ ដឹង​ក្បួន​ប្រយុទ្ធ​និង​មាន​ការ​ណែនាំ​ច្រើន​ពេល​ហាត់​ថៃ ទើប​ខ្ញុំ​អាច​ទទួល​ជ័យជម្នះ​បាន ”។

 

ចាន់ រតនា ​រៀបរាប់​រនាំង​ជីវិត​ដ៏​ពិបាក ​មុន​ពេល​មាន​ថ្ងៃ​នេះ

 

ដោយសារ​តែ​មើល​ឃើញ ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ រតនា ​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ ក្នុង​ព្រឹត្តិការណ៍ KINGDOM OF KHMER របស់​ស្ថាប័ន One Championship រូប​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​រួម​ជាតិ សំអាង ឌុន ​ដែល​​​ធ្លាប់​យក​ឈ្នះ​គេ​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​មុន ដោយ​ការ​នោះ​ រតនា ចាញ់​ដោយ​ខុស​បច្ចេកទេស។ ការ​ប្រកួត​សងសឹក​នេះ រតនា ​បាន​បញ្ចេញ​អារម្មណ៍​ថា ៖ “ប្រៀបធៀប​ទៅ​ឆ្នាំ​មុន ពេល​នេះ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ច្រើន ​ហើយ​រៀប​ចំ​ខ្លួន​យ៉ាង​រួច​រាល់។ ខ្ញុំ​យល់​ពី សំអាង ឌុន ​ច្រើន ដូច្នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត។ ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ដើម្បី​គ្រួសារ​របស់​ខ្ញុំ មិត្ត​របស់​ខ្ញុំ​ , សហគមន៍​សិល្ប​និង​ប្រទេស​របស់​ខ្ញុំ​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​កីឡា​នេះ”។

 

មាន​មុខ​របរ​និង​បង្កើត​បាន​ក្រុម​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​បាន​ហើយ ប៉ុន្តែ ចាន់ រតនា ​បាន​បញ្ជាក់​បាន​ថា​ រូបគេ​នៅ​តែ​ចង់​បន្តអាជីព​អ្នក​វាយ​ក្នុង​ទ្រុង​នេះ​ដដែល ​ព្រោះ​ថា​ប្រពន្ធ​របស់​គេ​ដែល​ជា​ជនជាតិ​បារាំង​ក៏​ស្រលាញ់​កីឡា​ប្រភេទ​នេះ​ដែរ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ