អង្គការ​សង្គម​ស៊ីវិល​មាន​អារម្មណ៍​ថា អាស៊ាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ខ្លួន

អង្គការ​សង្គម​ស៊ីវិល​មាន​អារម្មណ៍​ថា អាស៊ាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ខ្លួន

សន្តិសុខម្នាក់​ដើរ​កាត់​ផ្លាក​សញ្ញាអាស៊ាន​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ ដែល​ប្រារព្ធឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

អង្គការ​សង្គម​ស៊ីវិល​មាន​អារម្មណ៍​ថា អាស៊ាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ខ្លួន

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ថត​រូប​ជាក្រុមជាមួយ​គ្នានៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពីថ្ងៃទី៦ ខែ​សីហា ឆ្នាំ​២០១៥។ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ធ្វើ​ព្រងើយ​កន្តើយ ​មិន​ខ្វល់ខ្វាយ​នឹង​សំឡេង​របស់​ពួក​គេ​ឡើយ។ កូឡាឡាំពួរ—

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ធ្វើ​ព្រងើយ​កន្តើយ ​មិន​ខ្វល់ខ្វាយ​នឹង​សំឡេង​របស់​ពួក​គេ​ឡើយ។​

សហ​ប្រធាននៃ​វេទិកាសង្គម​ស៊ីវិល​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​កាត់​ថា​ អាស៊ាន​កំពុង​អង្វរ​ករ​ត្រង់ៗ​ ដល់​មេ​ដឹកនាំ​នៃ​អង្គការ​តំបន់​អាស៊ាន​ ដោយ​និយាយ​ថា៖​ «ចូរ​ យកចិត្ត​ទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះសំឡេង​របស់​អង្គការ​សង្គម​ស៊ីវិល​ផង ពី​ព្រោះពួកយើង​ មធ្យ័ត​អំពី​ការ​គាំទ្រ​ និង​ការការពារ​ពលរដ្ឋ​អាស៊ាន»។​

លោក ​Jerald Joseph ​ហើយ​និង​តំណាង​កំពូលៗនៃ​សន្និសីទសង្គម​ស៊ីវិល​អាស៊ាន ​និងវេទិកាប្រជា​ពលរដ្ឋ​អាស៊ាន​បាន​សម្តែងការ​ស្រងាក​ចិត្ត​របស់​ពួកគេ ​នៅ​ឯ​សន្និសីទកាសែត​មួយ​ដែល​មាន​អ្នក​យក​ព័ត៌មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចូលរួម​ ទោះ​បី​ជា​មាន​អ្នក​យក​ព័ត៌មាន​រាប់​រយនាក់​ ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ក៏​ដោយ។​

លោក Joseph ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ ដោយលោក​សង្ឃឹម​ថា​ ពួកគេ​នឹង​ពាំនាំ​សារ​នេះ​ទៅ​កាន់​មេដឹកនាំ​អាស៊ាន ​ដែល​បាន​ច្រាន​ចោល​សំណើ​របស់​ពួក​គេ​ ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​ទាំង​នោះ។​

«ពួក​យើង​ក៏​ជា​ប្រជា​ពលរដ្ឋ​របស់​អ្នក​ដែរ។​ ពួក​យើង​មិន​មែន​ត្រូវ​បាន​គេ​នាំ​ខ្លួន​ចូល​មក​ទី​នេះ​ទេ ​គឺ​ពួកយើង​រស់​នៅទី​នេះ​តែម្តង‍។​ ពួក​យើងដក​ដង្ហើម​ចេញ​ចូល​រៀងរាល់​ថ្ងៃ​ និង​ដឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​ប្រចាំ​ថ្ងៃ​នៅទី​នេះ។ ​ពួក​យើង​តស៊ូ​ ព្យាយាម​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ពួក​យើង»។​

លោក ​Joseph ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី ​និយាយ​បន្ថែម​ថា​ វា​ហាក់​ដូច​ជា​គួរ​ឲ្យ​សោកសៅ​បន្តិច​ដែរ​ ដែល​គ្មាន​មេ​ដឹកនាំ​អាស៊ាន​ណា​ម្នាក់​យល់​ព្រម​រំលែក​ពេល​វេលា​សូម្បី​តែ​១៥​នាទី ​ដើម្បី​ស្តាប់​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

ប៉ុន្តែ​ ប្រទេស​ហ្វីលីពីន​បាន​យល់​ព្រម​ឲ្យ​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​ម្នាក់​ជួប​ជាមួយនឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​មួយ​ចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ប្រទេស​ចំនួន​៣នៅ​សហភាព​អឺរ៉ុប​ក៏​បាន​បញ្ចូល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅ​ក្នុង​ការ​សន្ទនា​រយៈ​ពេល​៩០​នាទីរបស់​ពួកគេ​ដែរ​កាលពីថ្ងៃ​ពុធ។​

លោក ​Joseph ​ពន្យល់​ថា៖

«នៅ​អឺរ៉ុប​មាន​លំហរ​ និង​ការគោរព​ចំពោះ​អង្គការ​សង្គមស៊ីវិល​ច្រើន​ជាង​ឆ្ងាយ​ណាស់»។​

ថ្វី​បើ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​ណាយ​ចិត្ត​ទាំងស្រុង​ក៏ដោយ ក៏​ពួកគេ​ក៏​ហាក់​ដូចជា​ឃ្លាត​កាយ​បន្តិច​ដែរ​ ពីព្រោះ​ព្រឹត្តិ​ការណ៍​របស់​ពួកគេ​ត្រូវ​បាន​រៀបចំឡើង​ចម្ងាយ​តែ​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​មជ្ឈមណ្ឌល​សន្និបាត​កូឡាឡាំពួរ ​ដែល​ជា​កន្លែង​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។ សេចក្តី​ថ្លែង​ការណ៍ស្តី​ពី​លទ្ធផល​ចុងក្រោយ ​ដែល​មាន​៩​ចំណុច​របស់​អង្គការ​សង្គម​ស៊ីវិល​ គឺ​ដូចជា​ខុសពី​ធម្មតា ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ ដែល​មើលទៅ​ហាក់​ដូចជា​មាន​ចេតនា​បញ្ជៀស​ការ​ប្រើ​ពាក្យ​សម្តី​ដែល​មាន​លក្ខណៈ​បង្កហេតុ។​

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ថា៖​ «ដោយ​មាន​ការ​ឆ្លើយតប​ដ៏​គួរ​ឲ្យ​សង្វេគ​ និង​មាន​លក្ខណៈ​ព្រងើយ​កន្តើយ​ពី​អាស៊ាន​ចំពោះ​បទ​អន្តរាគមន៍​ និង​អនុសាសន៍​នានា​របស់​អង្គការ​សង្គម​ស៊ីវិល ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​ ដែល​ពួកគេ​បាន​ចូល​រួម​កន្លង​មក​នេះ ​ពួក​យើង​បាន​បង្ខំ​ចិត្ត​សួរ​នាំអំពី​អត្ថន័យ​នៃ​វោហា​សាស្ត្រ​អំពី​អាស៊ាន​ដែល​ផ្តោត​ទៅ​លើ​ប្រជា​ពលរដ្ឋ ​និង​អាស៊ាន​ដែល​យក​ប្រជា​ពលរដ្ឋ​ជាធំ​នោះ»។​

លោក ​Joseph ​បាន​និយាយ​ថា៖​

«យើង​បាន​និយាយ​បែបនេះ​ដដែលៗ​ អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ​ហើយ​វា​ហាក់​ដូចជា​ ម៉ាស៊ីន​ចាក់​ថាស​ចម្រៀស​មួយដែល​ខូច​អញ្ចឹង។ ​យើង​ចង់​បាន​អ្វី​មួយ​សម្រាប់​ធ្វើឲ្យ​ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​នោះ​ចាប់ផ្តើម​ដើរ​ឡើង​វិញ»។​

អង្គការ​សង្គម​ស៊ីវិល​មាន​អារម្មណ៍​ថា អាស៊ាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ខ្លួន

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ថត​រូប​ជាក្រុមជាមួយ​គ្នានៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពីថ្ងៃទី៦ ខែ​សីហា ឆ្នាំ​២០១៥។

លោក ​Phil Robertson​ នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ ​នៅឯ​សន្និសីទអង្គការ​សង្គម​ស៊ីវិល​ថា៖​

«វា​ហាក់​ដូចជា​ការ​ខំ​ប្រឹង​បិទ​ចាហួយ​នៅ​លើ​ជញ្ជាំង​អញ្ចឹង​ ឬ​ក៏​វា​ប្រៀប​ដូច​ជា​ការ​បោក​ក្បាល​របស់​ពួក​យើង​ផ្ទប់​ជញ្ជាំង​ដូច្នោះ​ដែរ។​ វា​ដូច​ជា​កិច្ច​សន្ទនា​ដែល​មាន​អ្នក​និយាយ​តែ​ម្ខាង​ រី​ឯភាគី​ម្ខាង​ទៀត​ធ្វើ​ពត់​ជា​អ្នក​ស្តាប់»។​

ជា​គោលការណ៍ ​អាស៊ាន ដែល​ជា​អង្គការ​សេដ្ឋកិច្ច​ និង​នយោបាយ​ដ៏​សំខាន់​ក្នុង​តំបន់ ​មិន​ជ្រៀតជ្រែក​នៅក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ឡើយ។ ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​សមាគម​នេះ​ទទួល​រង​ការ​រិះគន់​ថា ​ជា​ស្ថាប័ន​បាន​តែ​និយាយ​ឥត​បាន​ការ​ ដោយ​គេច​ចេញ​ពី​ការ​ដោះស្រាយ​ជម្លោះ ​និង​បញ្ហា​ការ​ទូត​ធ្ងន់ធ្ងរ​ក្នុង​តំបន់។​

ឯកសារ​ចំនួន​១៨​ រាប់​ចាប់ពី​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​រហូត​ដល់​សហ​ប្រតិបត្តិការ​ដែន​សមុទ្រ​ក្នុង​តំបន់ ​គ្រោង​នឹង​ត្រូ​វបាន​អនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន។ ​នេះ​បើ​យោងតាម​លោក​ Anifah Aman ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​នេះ។ ​បន្ថែម​ពី​នេះ​ទៀត ​ក្រុម​មេ​ដឹកនាំ​អាស៊ាន​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​មួយ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ នៅថ្ងៃ​សៅរ៍។​

កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​នឹង​បើក​សម្ពោធន៍​ការ​ចាប់​ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ។​ សហគមន៍​នេះ​មាន​ទំហំ​សេដ្ឋកិច្ចរួម​ប្រហាក់​ប្រហែល​នឹង​ប្រទេស​មួយ​ដែល​មាន​សេដ្ឋ​កិច្ច​ធំជាង​គេ​ទី​៧​ក្នុង​ពិភពលោក។​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​មាន​គោល​បំណង​បង្កើត​ទីផ្សារ​ និង​មូលដ្ឋាន​ផលិតកម្ម​រួម​មួយ​ ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង ​ដោយ​មាន​ចំនួន​ប្រជាជន​សរុប​ច្រើន​ជាង​៦​រយ​លាន​នាក់។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​មន្ទិល​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ​ដោយ​ពោល​ថា​ គម្រោង​សមាហរណកម្ម​សេដ្ចកិច្ច​ក្នុង​តំបន់​នេះ ​«មិន​បាន​តម្រូវ​ឲ្យ​បណ្តា​ក្រុម​ហ៊ុន​នានា​ ទទួល​ខុស​ត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​ហើយនឹង​បទដ្ឋាន​បរិស្ថាន​ និង​សង្គម​នោះ​ទេ»។​

ក្រុម​សកម្មជន​ និង​អ្នក​ដ​ទៃ​ទៀត​រំពឹង​តិច​តួច​ណាស់​ថា ​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​របស់​អាស៊ាន​នោះ។​

លោក ​Grover Joseph Rees ​អតីត​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ទីម័រ​ខាងកើត ​និយាយ​ថា៖​

«រដ្ឋាភិបាល​ភាគ​ច្រើន​នៅ​លើ​លោក​នេះ​មិន​ចង់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាលប្រាប់​ពួកគេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ទេ។ ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​មាន​ទ្រឹស្តីមួយ​ដែល​និយាយ​ថា ​ប្រសិន​បើ​អ្នក​មិន​ជាប់​ទាក់ទង​នឹង​រដ្ឋាភិបាល​ទេនោះ នោះ​អ្នក​ប្រហែល​ជា​មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​ទេ»។​

លោក ​Rees​ ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ជាច្រើន​លើក​ បាន​កត់​សម្គាល់​ឃើញ​ថា​ នៅ​មានរដ្ឋាភិបាល​ដឹកនាំ​តាម​បែប​កាល់ម៉ាក្ស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​ វៀតណាម​ និង​ឡាវ​ជា​ដើម​ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្លែងក្លាយ​របស់​ខ្លួន ​ដែល​មាន​វត្តមាន​នៅក្នុង​បន្ទប់​ប្រជុំ​នេះ ​ហើយ​ពួក​គេ​ធ្វើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​ទៅជា​ខុស​ច្បាប់​ទៅវិញ។ ​ស្ថានភាព​នេះ​ក៏​មាន​លក្ខណៈ​ដូចគ្នា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ (ភូមា) ​និង​ថ្មីៗ​នេះ​ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្លែងក្លាយ​ជាច្រើន​ បាន​បង្ហាញ​មុខ ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំងនេះ។

ប៉ុន្តែ ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​ក៏​មើល​ឃើញ​ដែរ​ថា​ អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ក៏​គួរ​តែ​ទទួល​ខុសត្រូវ​មួយ​ផ្នែក​ចំពោះ​អប្រសិទ្ធភាព​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ​នៅ​ពេល​ដែល​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​ផ្តោត​ខ្លាំង​លើ​ការ​វាយ​ប្រហារទៅ​លើ​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ ​ជាជាង​រិះគន់​រដ្ឋាភិបាល។​

លោក ​Rees ​និយាយ​ថា៖​

«អង្គការក្រៅ​រដ្ឋាភិបាល​ ដែល​មាន​និន្នាការ​ឆ្វេង​និយម ​មិន​ចាប់​អារម្មណ៍​ទៅ​លើការ​ការពារ​ជន​រងគ្រោះ​នៃ​រដ្ឋាភិបាល​ឆ្វេង​និយម​ទេ»។​

វេទិកាសង្គមស៊ីវិល​ក៏​បាន​ចែកចាយ​ឯកសារ​របស់ខ្លួន ​ដោយ​មាន​តម្រូវការជា​ច្រើនដែល​អ្នក​ការទូត​ និង​អ្នក​ការិយាធិបតេយ្យ​អាស៊ាន​ចាត់​ទុក​ថា ​គួរ​ឲ្យ​ជិន​ឆ្អន់​ដែរ​នោះ។​

ថ្មីៗ​នេះ ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​កត់​សម្គាល់​ឃើញ​ថា ​ឯកសារ​ស្តី​ពី​លទ្ធផល​ចុង​ក្រោយ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​ខ្លឹមសារ​បែប​បន្ទន់​ឥរិយាបទ​បន្តិច។​

លោក ​Rees ​បាន​និយាយ​ថា៖​

«ពួក​គេ​បាន​ផ្ចង់​អារម្មណ៍​កាន់​តែច្រើន​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ហើយ​មិន​សូវ​ផ្តោត​ទៅ​លើ​បញ្ហា​កំប៉ិច​កំប៉ុក​ច្រើន​ទេ ​ប៉ុន្តែ​ការណ៍​នេះ​នៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន មាន​ឆន្ទៈ ស្តាប់​ពួកគេ​ដដែល»។​

សន្និសីទសង្គមស៊ីវិល​ និង​វេទិកាប្រជា​ពលរដ្ឋ​អាស៊ាន​នឹង​មិន​ព្យាយាម​សម្តែងការ​ព្រួយបារម្ភ​របស់​ពួក​គេ​ទេ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​ក្រោយ​ នៅ​ប្រទេស​ឡាវ។​ ក្រោយ​ពី​រដ្ឋាភិបាល​ឡាវ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ការ​លើក​ឡើង​អំពី​ប្រធានបទ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​នោះ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​លើក​ព្រឹត្តិ​ការណ៍​របស់​ពួកគេ​ទៅធ្វើ​នៅ​ឯប្រទេស​ទីម័រ​ខាងកើត​វិញ ​នៅឆ្នាំ​២០១៦។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​លើក​ឡើ​ង​ថា ​នៅ​ក្នុង​ប្រទេស​ឡាវ​មិន​មាន​ការ​ធានា​អំពី​លំហរ​សុវត្ថិភាព​សម្រាប់​ការ​ពិភាក្សា​គ្នា​ដោយ​បើកចំហ ​និង​មាន​លក្ខណៈ​ស្ថាបនា​នោះ​ទេ៕

 ប្រែសម្រួលដោយ​ សាយ​ មុន្នី​