ព្រឹកនេះចាប់ពី ម៉ោង៧៖០០នាទី តទៅ ស្ពានអាកាសតិណូ ត្រូវដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន (មានវិដេអូ)

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ វេលាម៉ោង០៧៖០០នាទីព្រឹកតទៅ គម្រោងស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នូវផ្លូវស្ពានអាកាស ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួល ការកកស្ទះចរាចរ នៅចំណុចការដ្ឋាន ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមប្រសាសន៍ណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើតាមការបញ្ជាក់របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សរសេរក្នុង Facebook Page របស់លោក។

សូមជម្រាបថា ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ។

ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន OCIC៕

ព្រឹកនេះចាប់ពី ម៉ោង៧៖០០នាទី តទៅ ស្ពានអាកាសតិណូ ត្រូវដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន (មានវិដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត