អគ្គិភ័យ​លេបត្របាក់​​ផ្ទះ​​​២​ខ្នង ​​ម្ចាស់​​ភ័យ​ពេក លោត​ទម្លាក់បាក់​​ចង្កេះ​​​របួស​ធ្ងន់

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ស្រប​ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ៗ កំពុង​តែ​ដេក​លង់លក់ ដែល​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​កៀន​រមៀត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្នុង​នោះ​ម្ចាស់ផ្ទះ​ម្នាក់ បាន​បាក់​ចង្កេះ ព្រោះ​តែ​លោត​ចុះពីលើផ្ទះ​គេច​ពី​ភ្លើង ព្រមទាំង​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ ១-​ឈ្មោះ​សុះ ម៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ខូចខាត​ម៉ូតូ​ម៉ូតូ​២​គ្រឿង មាន​ប្រភេទ​គុប​១​គ្រឿង និង​ម៉ាក​វ៉េវ​១​គ្រឿង មាន​ប្រពន្ធ​ឈ្មោះ​សាវៈ អាយុ​៣៣​ឆ្នាំ (​បាក់​ចង្កេះ​) ម្តាយ​ឈ្មោះ​កូប ម៉ះ អាយុ​៥៥​ឆ្នាំ របួស​ដៃ និង​ជើង និង​២- ឈ្មោះ​សេន មីន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ជាមួយនឹង​ម្តាយ ដោយ​បាន​ខូចខាត​លុយ​អស់​២​លាន​រៀល ព្រមទាំង​ខោអាវ​មួយ​ចំនួន​ទៀត  ។

លោក​វរសេនីយ៍ត្រី ឃួ​ន ក​ន្ថា​ប់ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ឱ្យ​ទៀត​ថា ស្រប​ពេល​ដែល​ម្ចាស់ផ្ទះ​នីមួយ​ៗ​កំពុង​តែ​ដេក​លង់​លក់​នោះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម (​ផ្ទះ​ទី​១) ដោយ​បាន​ចាប់ផ្តើម​ឆេះ​រាលដាល​មក​ផ្ទះ​ទី​២ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផង​របង​នាំ​គ្នា​ដងទឹក​អណ្តូង​មក​ជះ​ភ្លើង​កំពុង​តែ​ឆេះ​នោះ ។ តែ​មិន​បាន​ថមថយ​នោះ​ទេ គឺ​ភ្លើង​រឹតតែ​ឆេះ​ខ្លាំង​ឡើង​ៗ តែ​មិន​បាន​ឆេះ​ឆ្លង​ទៅ​ព្រះ​វិហារ  និង​ផ្ទះ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ក្បែរ​នោះ​ទេ ដោយសារ​តែ​អ្នក​ភូមិ​ជា​ច្រើន​នាក់ នាំ​គ្នា​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា​ហើយ​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​មិន​បាន​ចេញ​មក​ជួយ​អន្តរា​គម​ន៏​ទាន់​ទេ គឺ​ដោយសារ​តែ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពេក​នោះ ។

ក្នុង​ហេតុការណ៍​នេះ ដោយ​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង  ធ្វើ​ឱ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ទី​១ មិន​អាច​ចុះ​តាម​កាំ​ជំ​ណ្តើ​របា​ន ក៏​សម្រេចចិត្ត​លោត​ចុះ​មក​ដី ដែល​មាន​កម្ពស់​៤​ម៉ែត្រ ជា​ហេតុ​បណ្តាល​ឱ្យ​រង​របួស​បាក់​ចង្កេះ ក៏​ត្រូវ​បាន​សាច់ញាតិ នាំ​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​ មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​ត្បូងឃ្មុំ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ខាងលើ​នេះ ជំហាន​ដំបូង​ត្រូវ​បាន​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពីផ្ទះ​ទី​១ ។ នេះ​សំណាង​ដែល​នៅ​ពេល​ឆេះ មិន​មាន​ខ្យល់​បោកបក់ ពុំនោះ​នឹង​បង្ក​ឱ្យ​មាន​មហន្តរាយ​ធំធេង​ជាង​នេះ​ទៅ​ទៀត  ៕