ចេញ​អត្តសញ្ញាណ​ផលិតកម្ម និង​ភាពយន្ត​ដែល ប្រាក់ មុន្នីឧត្ដម ដើរ​តួឯក


ចេញ​អត្តសញ្ញាណ​ផលិតកម្ម និង​ភាពយន្ត​ដែល ប្រាក់ មុន្នីឧត្ដម ដើរ​តួឯក

បើ​ទោះ​កន្លង​មក ផលិតកម្ម​ធ្លាប់​ព្យាយាម​លាក់​បាំង ប៉ុន្តែ​ទី​បំផុត​វត្តមាន ប្រាក់ មុន្នីឧត្ដម ដែល​ចូលរួម​សម្ដែង​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​អ្វី ផលិតកម្ម​ណា លែង​ជា​​អាថ៌កំបាំង​ទៀត​ហើយ ខណៈ​ផលិតកម្ម Mega Film បាន​បញ្ចេញ​ព័ត៌មាន​ពី​សមាសភាព​កីឡាករ​ខ្សែ​បម្រើ​ក្រុម​គោព្រៃ​កម្ពុជា​រូប​នេះ​ជា​រឿយៗ មួយ​រយៈ​ចុង​ក្រោយ​នេះ។

 

ចេញ​អត្តសញ្ញាណ​ផលិតកម្ម និង​ភាពយន្ត​ដែល ប្រាក់ មុន្នីឧត្ដម ដើរ​តួឯក

 

យោង​តាម​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ផលិតកម្ម​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ មុន្នីឧត្ដម នឹង​មាន​វត្តមាន​សម្ដែង​ជា​តួ​ឯក​ក្នុង​ភាពយន្ត​របស់​គេ​មាន​ចំណង​ជើង​ថា “មេ​កប់​ស៊េរី” រួម​គ្នា​ជាមួយ​​តារា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​សុទ្ធសឹងតែ​ជា​អ្នក​មាន​បទ​ពិសោធន៍​ស្រាប់​ដូច​ជា ប៉ីប៉ីឌី, គង់ វិច្ឆិកា, នាយ ពាង និង​តារា​មាឌ​ល្អិត​នាយ ក្រឹប ជា​ដើម។ ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ភាពយន្ត​នេះ នឹង​ដំណើរ​ការ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​នៅ​ថៃ​ទី១០ ខែ​ធ្នូ ខាង​មុខ​នេះ។

 

ទោះ​យ៉ាង​នេះ​ក្ដី មិន​ទាន់​ដឹង​នៅ​ឡើយ​ថា តារា​បាល់​ទាត់​រូប​នេះ សម្ដែង​តួ​អង្គ​មាន​អត្ត​ចរិត​បែប​ម៉េច ដំណើរ​រឿង​យ៉ាង​ណា​​នៅ​ឡើយ ខណៈ​ភាគី​ខាង​ផលិតកម្ម Sabay នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន ឯ​សាមី​ខ្លួន ប្រាក់ មុន្នីឧត្តម​ក៏​​ដូច​គ្នា។ ប៉ុន្តែតាម​រូប​ភាព​ Cover បញ្ចេញ​ដោយផលិតកម្ម Mega Film ផ្ទាល់ គឺ​ខ្សែ​បម្រើ​ក្លឹប​ស្វាយ​រៀង​រូប​នេះ ត្រូវ​ប៉ះ​ជា​មួយ​ ប៉ីប៉ី ឌី ក្នុង​នាម​ម្នាក់​ជា​កំពូល​អ្នក​ចម្បាំង​អង្គរ និង​ម្នាក់​ទៀត​ជា​កំពូល​តារា Facebook។

 

កន្លង​មក​ចាងហ្វាង​ផលិតកម្ម​លោក វ៉ន ប៊ុនស៊ីម បាន​ព្យាយាម​សុំ​រក្សា​សិទ្ធ​មិន​​បង្ហាញ​អត្តសញ្ញាណ​តួ​ឯក​ប្រុស​ក្នុង​ភាពយន្ត​នេះ​។ ប៉ុន្តែ​​​ធ្លាប់​អះអាង​ថា ស្នាដៃ​ទី២​របស់​លោក​នឹង​ចរាចរណ៍​តាម​រោង​ភាពយន្ត​នៅ​ចុង​ឆ្នាំ​នេះ​ប្រាកដ​មែន ដោយ​អាស្រ័យ​លើ​ការ​ជជែក​គ្នា​ជាក់​ស្ដែង​ជាមួយ​ភាគី​រោង​ភាពយន្ត។ លោក​ថា ការ​​ជ្រើសរើស​ពេល​វេលា​ចាក់​បញ្ចាំង​បាន​ត្រឹមត្រូវ​ជា​ផ្នែក​នៃ​ភាព​ជោគជ័យ​សមិទ្ធផល​ភាពយន្ត​របស់​លោក​ដែរ។

 

ដោយ​ឡែក​ចំពោះ​ការ​សម្រេច​ចិត្ត ផលិត​ភាពយន្ត​នេះ​ឡើង ក៏​ដោយ​សារ​មើល​ឃើញ​ពី​លទ្ធផល​ល្អ​ក្នុង​ភាពយន្ត​ដំបូង​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “កំណប់​ឪ​ខ្ញុំ” ដែល​ទទួល​បាន​ការ​គាំទ្រ​បង្គួរ​ពី​ទស្សនិកជន​នានា ហើយ​ពួក​គេ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផលិត​ភាពយន្ត​បន្តបន្ទាប់​ទៀត។ ម្យ៉ាង​ទៀត លោក​ក៏​ចង់​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ