បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​បុក​អូស​៥០​ម៉ែត្រ​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ស្លាប់ខណៈ​កំពុង​ជិះ​ម៉ូតូ​​សុខ​ៗ ក៏​មាន​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​បើក​មកបុកពីក្រោយ​យ៉ាង​​ពេញទំហឹង និង​អូស​ជិត​៥០​​ម៉ែត្រ ហើយ​រថយន្ត​បង្ក​នោះ​មិន​បាន​ឈប់​​ទេ ក៏​បន្ថែម​ល្បឿន​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត តែ​ទោះបីជា​យ៉ាងណា អ្នកបើកបរ​បង្ក​ ត្រូវ​​​នគរបាល​ចរាចរណ៍​ឃាត់ខ្លួន​បាន ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ចន្លោះ​គីឡូ​លេខ​៣១​-៣២ ក្នុងភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​បា​ន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ម សម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្មៀ​ស ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AV-1430 ។ ចំណែក​ឯជន​បង្ក​ឈ្មោះ​រឿង តារា អាយុ​៤៤​ឆ្នាំ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​ម៉ូតូ​រួចអូសចម្ងាយ​ជិត​​៥០​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ។ មិនតែប៉ុណ្ណោះ រថយន្ត​បង្ក​មិន​ព្រម​ឈប់​​ដោះ​ស្រាយ​ទេ បាន​បន្ថែម​ល្បឿ​ន​​ប្រុង​គេចខ្លួន តែ​​​ជ្រុល​ទៅ​រថយន្ត​២​គ្រឿងទៀតទើប​ឃាត់ខ្លួន​បាន ។