ម៉ាឡេស៊ី ដាក់ពង្រាយកម្លាំង ៧.០០០នាក់ ស្ទើរទ្វេដង ដើម្បីការពារ កិច្ចប្រជុំកំពូលអាស៊ាន

គូឡាឡាំពួរ ៖ យ៉ាងហោចណាស់ កងកម្លាំងការពារសន្តិសុខចំនួន ៧.០០០នាក់ ត្រូវបានដាក់ ពង្រាយ នៅក្នុងរដ្ឋ ធានី គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៧ ដែលនឹងប្រារព្ធឡើង នា អំឡុងចុងសប្តាហ៍នេះ។ នេះបើតាមការផ្សាយ របស់ ស៊ិនហួ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។

លោក ដាទុក មូហាម៉េដ អាប៊ូ ហ្សារីម ប្រធាននាយកដ្ឋាន សន្តិសុខសាធារណរបស់ម៉ាឡេស៊ី KDNKA បានឲ្យដឹង ថា វាជាកិច្ចការពារសន្តិសុខកម្រិតខ្ពស់បំផុត ដែលត្រូវបានរៀបចំឡើង បន្ទាប់ពីការវាយប្រហារនៅប៉ារីស សម្លាប់ មនុស្ស ១៣២នាក់កាលពីមួយសប្តាហ៍មុននេះ ។

លោក ដាទុក បានបន្តទៀតថា « តាមពិតដំបូងឡើយ យើងគ្រោងដាក់ពង្រាយកម្លាំងតែ ៤.០០០នាក់ប៉ុណ្ណោះ ដើម្បីការពារសន្តិសុខ ។ ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅ ប៉ារីសមក យើងក៏បានបង្កើនសន្តិសុខ ដោយដាក់ ពង្រាយកម្លាំង ស្ទើរទ្វេមួយជាពីររហូតដល់ទៅ ៧.០០០ នាក់ នៅទូទាំងទីក្រុង គូឡាឡាំពួរ ក្នុងនោះក៏មានយោធា លាយឡំផងដែរ»។

គួរបញ្ជាក់ថា មុននឹងធ្វើការដាក់ពង្រាយកម្លាំងទាំងនោះ ពួកគេបានធ្វើការហ្វឹកហ្វឺន និងហាត់សម យ៉ាងក្តៅគគុក ដើម្បីការពារសន្តិសុខឲ្យបាន នៅពេលមានហេតុការណ៍ បន្ទាន់ណាមួយកើតឡើង ព្រោះនេះជាកិច្ចប្រជុំកំពូល លំដាប់អន្តរជាតិ ដែលមានមេដឹកនាំ កំពូលៗថ្នាក់តំបន់ និងលើលោកចូលរួម ៕

ម៉ាឡេស៊ី ដាក់ពង្រាយកម្លាំង ៧.០០០នាក់ ស្ទើរទ្វេដង ដើម្បីការពារ កិច្ចប្រជុំកំពូលអាស៊ាន