​អគ្គស្នងការ​នគរបាល​ជាតិ ត្រៀមកម្លាំង​សន្តិសុខ​ជាង​១​ម៉ឺន​នាក់ ការពារ​ដំណើរ​ទស្សនកិច្ច របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី

រាជធានី​ភ្នំពេញ​៖​កងកម្លាំង​សមត្ថកិច្ច​រួមមាន​នគរបាល អាវុធហត្ថ និង​យោធា​ជាង​១​ម៉ឺន​នាក់ នឹងត្រូវ​បានដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ សៀមរាប ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​នៃ​ការ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី លោក ឌី​មេ​ទ្រី មេ​វ៉េ​ដេ​វ ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​     កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ អគ្គស្នងការ​នគរបាល នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​បើក​កិច្ចប្រជុំ ជាមួយ​ថ្នាក់ដឹកនាំ​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់​ទាំង​នគរបាល ទាំង​អាវុធហត្ថ​និង​យោធា ដើម្បី​ដាក់​ផែនការ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ នៃ​ការ​មក​បំពេញ ទស្សនកិច្ច របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី និង​គណៈប្រតិភូ​។​

​     នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​ប្រាប់​ទៅ​កងកម្លាំង​ទាំងអស់ ឱ្យមាន​ការទទួលខុសត្រូវ គ្រប់​គោលដៅ ដែលមាន​មេបញ្ជាការ​ជា​អ្នក​ក្ដាប់​រួម នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀមរាប ដើម្បី​រឹតបន្ដឹង​បញ្ហា​សន្ដិសុខ ជូន​គណៈប្រតិភូ​ឱ្យបាន​ល្អប្រសើរ​។ នៅក្នុង​កិច្ចប្រជុំ​នេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ឱ្យមាន​ការ​រឹតបន្ដឹង​ចំពោះ អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ បាន​ត្រឹមត្រូវ​ផងដែរ ពោល​ត្រូវមាន​ការត្រួតពិនិត្យ កាត​កាសែត​ឱ្យបាន​ល្អិតល្អន់​គោលបំណង​រឹត​ដ្បិត បញ្ហា​សន្ដិសុខ​ជូន​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​។ 

​     គួរ​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី​រុស្ស៊ី​និង ដឹកនាំ​គណៈប្រតិភូ​របស់ខ្លួន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ពង្រឹង​និង​ពង្រីក បន្ថែមទៀត​នូវ​ចំណង​មិ​ត្ដ​ភាពជា​ប្រពៃណី ដែ​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្ដិការ​ល្អ រវាង​ប្រទេស​ទាំងពីរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស មហាអំណាច​ខាងមុខនេះ ភាគី​ទាំងពីរ នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៦​ផងដែរ​៕ 

​អគ្គស្នងការ​នគរបាល​ជាតិ ត្រៀមកម្លាំង​សន្តិសុខ​ជាង​១​ម៉ឺន​នាក់ ការពារ​ដំណើរ​ទស្សនកិច្ច របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី