ម​ជ្ឍ​ដ្ឋា​ន​ជាតិ​និង​អន្តរជាតិ​កាន់តែ​ចាប់អារម្មណ៍​ទៅលើ​តួនាទី​លោក ហោ ណាំហុង ក្នុង​របប​ខ្មែរក្រហម

ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កាន់តែ​ចាប់អារម្មណ៍​ទៅលើ​តួនាទី​របស់លោក ហោ ណាំហុង ក្នុង​របប​ខ្មែរក្រហម​។ ជាក់ស្តែង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​លោក​បានទទួល​ឯកសារ​ផ្ទៃក្នុង​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ជាក់ថា​លោក ហោ ណាំហុង ជា​មេ​គុក​បឹងត្របែក និង​បានរួម​ដៃ​ជាមួយ​ខ្មែរក្រហម​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​នាក់​។

​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ស្ថានទូត​អាមេរិក​បាន​បញ្ចេញ​ឯកសារ​មួយ​បញ្ជាក់ថា ក្នុង​របប​ខ្មែរក្រហម​លោក ហោ ណាំហុង ដែលជា​អ្នក​ធ្លាប់​រៀនសូត្រ​ជាមួយ អៀង សារី នៅ​ប្រទេស​បារាំង បាន​វិល​ចូលមក​ស្រុក​ខ្មែរ ហើយ​បាន​ក្លាយជា​មេ​គុក​បឹងត្របែក​ព្រមទាំង​បាន​សហការ​សម្លាប់​មនុ​ស្ស​អស់​ជាច្រើន​នាក់​។ លោក សម រង្ស៊ី បានសរសេរថា​«​មាន​ឯកសារ​ផ្ទៃក្នុង​មកពី​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើបតែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ ហោ ណាំហុង បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច តែ​គាត់​បាន​រួច​ពី​ការស្លាប់​ពីព្រោះ​គាត់​ធ្លាប់បាន​រៀនសូត្រ​ជាមួយ អៀង សារី​។ គាត់​បានក្លាយ​ទៅជា​មេ​ជំរំ​(​គុក​)​បឹងត្របែក ហើយ​គាត់​ព្រមទាំង​ភរិយា​គាត់​បាន​សហការ​ជាមួយ​ពួក​ខ្មែរក្រហម​ក្នុងការ​សម្លាប់​មនុស្ស​ជាច្រើន​ដែល​ជាប់​ឃុំឃាំង​នៅ​ទីនោះ​»​។​

ជាងនេះទៅទៀត​លោក សម រង្ស៊ី បានបង្ហាញ​នូវ​ជំហរ​យ៉ាងច្បាស់​លាស់​ថា លោក​នឹងមិន​សុំទោស​លោក ហោ ណាំហុង នៅក្នុង​សំណុំរឿង​មួយ​នេះឡើយ ហើយ​លោក ហោ ណាំហុង ទេ​ដែលជា​អ្នក​ត្រូវ​សុំទោស​ជនរងគ្រោះ​នៅក្នុង​របប​ប៉ុលពត​។ លោក សម រង្ស៊ី បាន​លើកឡើងថា​«​លោក ហោ ណាំហុង ទេ​ដែល​ត្រូវ​សុំទោស​ដួង​វិញ្ញាណក្ខន្ធ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់ បន្ទាប់ពី​យកចេញ​ពី​គុក​បឹងត្របែក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារតែ​លោក ហោ ណាំហុង​នេះ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរក្រហម ហើយ​បាន​មួលបង្កាច់​ជនស្លូតត្រង់​ដើម្បី​យកចិត្ត​ពួក​ខ្មែរក្រហម ហើយ​រួចខ្លួន​ចំពោះ​រូបគាត់​(​ហោ ណាំហុង ហៅ​មិត្ត​យ៉ែម​) និង​ក្រុមគ្រួសារ​គាត់​»​។

​ការ​លាតត្រដាង​ឯកសារ​ថ្មីៗ​របស់លោក សម រង្ស៊ី ដែល​កំពុងស្ថិត​នៅក្នុង​ប្រទេស​ហ្វីលីពីន បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​កាន់តែ​ចាប់អារម្មណ៍​ទៅលើ​តួនាទី​របស់លោក ហោ ណាំហុង នៅក្នុង​របប​ខ្មែរក្រហម​។ ដោយហេតុថា​អ្វីដែល​លោក សម រង្ស៊ី លើក​យកមក​លាតត្រដាង គឺ​លោក​ទទួលបាន​ឯកសារ​ផ្ទៃក្នុង​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បញ្ជាក់​យ៉ាងច្បាស់​ពី​តួនាទី​របស់លោក ហោ ណាំហុង ក្នុងសម័យ​ខ្មែរក្រហម​។ ម្យ៉ាងទៀត​នៅក្នុង​សំណុំ​រឿងនេះ លោក សម រង្ស៊ី ធ្លាប់បាន​ឈ្នះក្តី​លើ​លោក ហោ ណាំហុង ក្នុង​តុលាការ​ប្រទេស​បារាំង​រួចទៅហើយ​៕

20150826_DPM-HO_NAMHONG_MAP01 tuol_seng_s21_003