ស្ទាក់​ចាប់​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​មួយ​គ្រឿង​បង្កប់​ឈើ​គ្រញូង​ច្រើន​ម៉ែត្រគូប

ខេត្តកំពង់ចាម ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​មួយ​គ្រឿង (​ផ្លូវ​៤) មាន​បង្កប់​ឈើ​គ្រញូង​ជា​ច្រើន​ម៉ែត្រ​​គូបពីក្រោម ដោយ​ធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច​ធ្វើការ​ស្ទាប់​បាន កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​ខ្វាវ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ។

បើ​តាម​លោក​ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ទៅ​ដល់ ត្រូវ​អ្នកបើកបរ និង​ព្រូ​ម្នាក់​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត ដោយ​កម្លាំង​បាន​យក​រថយន្ត​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​រថយន្ត​ខាងលើ តែ​គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​របស់​ឈើ​គ្រញូង​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា មាន​ច្រើន​ម៉ែត្រគូប ។