កម្ពុជា ស្នើ​នគរបាល​អន្តរជាតិ សហការ​ផ្តល់ព័ត៌មាន ករណី​មាន​អំពើ​ភេ​វរ​កម្ម​ឆ្លងដែន​

ភ្នំពេញ: នគរបាល​កម្ពុជា ស្នើ​នគរបាល​អន្តរជាតិ (Interpol) របស់​រដ្ឋជា​សមាជិក​អាស៊ាន ជួយផ្តល់​កិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មាន ខណៈ​សង្ស័យថា មាន​ក្រុម​ឧក្រិដ្ឋជន ក្រុម​ភេរវកម្ម ឆ្លងដែន​ចូលមក​កម្ពុជា​។ ការស្នើសុំ​កិច្ចសហប្រតិបត្តិការ ពី​នគរបាល​កម្ពុជា បានធ្វើ​ឡើងខណៈ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ នឹង​ធ្វើជា​ម្ចាស់​ទទួល​ប្រតិភូ​ជាន់ខ្ពស់ នាយករដ្ឋមន្ត្រី​សហព័ន្ធរុស្ស៊ី ឯកឧត្តម ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​បិទ​កិច្ចប្រជុំ នគរបាល​អន្តរជាតិ (Interpol) និង​បិទ​វគ្គ​ហ្វឺ​ន​ហ្វឺ​ន ជំនាញ​ស៊ើបអង្កេត ជូន​ដល់​នាយ​នគរបាល (Interpol) រយៈពេល ១០​ថ្ងៃ​កន្លងមកនេះ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា តាមរយៈ​ប្រធានបទ​ក្តៅ នៃ​ការ​ធ្វើអំពើ​ភេ​វរ​កម្ម នៅ​ទីក្រុង​បារី​ស នា​សប្តាហ៍​មុននេះ ហើយ​លោក​បានស្នើ​ឲ្យ​នគរបាល (Interpol) ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ជាមួយ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជា ខណៈ​សង្ស័យថា មាន​ក្រុម​ឧក្រិដ្ឋជន ធ្វើ​សកម្ម​ឆ្លងដែន​មក​កម្ពុជា​។​

​ជាមួយគ្នានេះ លោក ថោង លីម ក៏បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​ប្រទេស​កា​ដា​ណា ដែល​ឧបត្ថម្ភ​គាំទ្រ ទៅដល់​ដំណើរការ​បណ្តុះបណ្តាល កងកម្លាំង​នគរបាល​អន្តរជាតិ របស់​បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ ដែល​ប្រទេស​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ទី​២​នេះ​ផងដែរ កងកម្លាំង​នគរបាល​អន្តរជាតិ នៅក្នុង​តំបន់​អាស៊ាន ទទួលបាន​វគ្គ​ការហ្វឹកហ្វឺន​ជំនាញ ចំនួន​២ រួមមាន​៖ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង និង​វគ្គ​បណ្តុះ បណ្តាល​នគរបាល​នគរបាល​អន្តរជាតិ ស្តីពី​គម្រោង​ទប់ស្កាត់ សារធាតុ​គីមី ជីវសាស្ត្រ និង​វិទ្យុ​សក​កម្ម​តាម​ព្រំដែន ឬ​ហៅថា គម្រោង Petrichor​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ បាន​យក​បញ្ហា​តំបន់​ជាយក្រុង ដែល​រង​ប្រឈម​នូវ បញ្ហា​ភេ​វរ​កម្ម នៅក្នុង​ប្រទេស​ចំនួន​៤ ដែល​រួមមាន​៖ ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា មក​ធ្វើការ​ឆ្លុះបញ្ចាំង និង​ធ្វើការ​ពិភាក្សា ព្រោះថា បណ្តា​ប្រទេស​ទាំង​បួន ត្រូវគេ​ចាត់ទុកថា ជា​ប្រទេស​ថ្មី នៅក្នុង​តំបន់​អាស៊ាន មាន​សមត្ថភាព​នៅមាន​កម្រិត ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​នៅមាន​តំបន់​ខ្លះ ត្រូវគេ​ស្រាវជ្រាវ​រកឃើញថា មាន​ចលនា​ឧក្រិដ្ឋកម្ម​ច្រើន​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ នគរបាល​អន្តរជាតិ (Interpol) ជា​លើក​ទី​២ ដែល​កម្ពុជា ធ្វើ​ម្ចាស់ ផ្ទះ​គឺ អវត្តមាន​ប្រទេស​ចំនួន​២ មិនបាន​ចូលរួម​មាន​៖ ប្រទេស​សឹង្ហ​បូរី និង​ប្រទេស​ប្រ៊ុយណេ ៕V​/S