​ជនសង្ស័យ​មាន​គ្នា ១០​ទៅ​១៥​នាក់ កាប់​ប្លន់​យក​ម៉ូតូ MSX ១​គ្រឿង​

ភ្នំពេញ: ជនសង្ស័យ​មួយក្រុម មាន​គ្នា​១០​ទៅ​១៥​នាក់ ប្រដាប់​ដោយ​ដាវ​ស៊ាំ​មូ​រ៉ៃ កាប់​ប្លន់​យក​ម៉ូតូ MSX ពី​ជនរងគ្រោះ មាន​គ្នា​ពី ៦​ទៅ​៧​នាក់ ដែល​ទើបតែ​ចេញពីរ​រត់​តុ​ការ បណ្ដាល​ឲ្យ​រងរបួស​ស្រាល​បីនាក់ រួច​គេចខ្លួនបាត់ នៅវេលា​ម៉ោង ១២​និង​៣០​នាទី រំលង អធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅមុខ​ក្បែរ​ធនាគារ ANZ រ៉ូយ៉ាល់ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ ឈ្មោះ​ភិ​ម សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នក រត់​តុ​ការ នៅ​ភោជនីយដ្ឋាន​ឡាក់​គី​ស្តារ នៅ​ម្ដុំ​ផ្សារ​ដើម​គ និង​មាន​ស្រុកកំណើត ក្នុងភូមិ​អង្គ​សង្គ្រាម ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​បើតាម​សម្ដី​ជនរងគ្រោះ និង​បក្ខពួក​របស់គេ បាន​រៀបរាប់ថា មុនពេល​កើតហេតុ ពួកគេ (​ជនរងគ្រោះ​) មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​៣ គ្រឿង ទី​១ ម៉ាក​ហុងដា  ទី​២ ម៉ាក​ហុងដា គុប​ជ្រុង និង​ទី​៣ ម៉ាក​ហុងដា MSX (​ជនសង្ស័យ​យកទៅ​) បានចេញ​ពីរ​រត់​តុ​ការ នៅ​ម្ដុំ​ផ្សារ​ដើម​គ ហើយ​នៅវេលា​ម៉ោងជាង ១២ ពួកគេ​បាននាំគ្នា មក​បើក​លុយ​ពី​ថៅកែ នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង ។​

​ពេល​បើក​លុយ​រួចហើយ ពួកគេ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ថៅកែ មក​តាមផ្លូវ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បំណង​ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង មាន​គ្នា​១០​ទៅ​១៥​នាក់ ប្រដាប់​ដោយ​ដាវ​ស៊ាំ​មូ​រ៉ៃ មក​ស្ទាក់​កាប់​បណ្ដាល​ឲ្យ​រងរបួស រយះ​ដៃ និង​ខ្នង ចំនួន​បីនាក់ តែ​រងរបួស​ស្រាល​នោះទេ​។​

​ដោយឡែក ក្រុម​ជនសង្ស័យ ឃើញ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE.8908 របស់​ជនរងគ្រោះ ដែល​ដួល​នៅ​ឆ្ងាយ​ពី​ជនរងគ្រោះ ហើយ​ជា​ឱកាសល្អ ក៏​លើក​ម៉ូតូ​ជិះ​គេច​ខ្លូន​បាត់ស្រមោល​អស់​ភ្លាមៗ ពី​កន្លែងកើតហេតុ​តែម្ដង​។ ក្រោយពេល​កើតហេតុ គេ​បានឃើញ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​នាំ​ជនរងគ្រោះ មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយស្រួល ស្វែងរក​មុខសញ្ញា និង​ចាប់​យកមក​ចាត់ការ តាម​នីតិវិធី​៕V​/S

​ជនសង្ស័យ​មាន​គ្នា ១០​ទៅ​១៥​នាក់ កាប់​ប្លន់​យក​ម៉ូតូ MSX ១​គ្រឿង​

​ជនសង្ស័យ​មាន​គ្នា ១០​ទៅ​១៥​នាក់ កាប់​ប្លន់​យក​ម៉ូតូ MSX ១​គ្រឿង​