ស្ពាន​អាកាស​តិច​ណូ ចាប់​បើក​ឲ្យ​ដំណើរការ​ហើយ នៅ​ព្រឹក​នេះ​

Sanofi

ស្ពាន​អាកាស​តិច​ណូ បាន​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​ពិធី​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​​ដី​តិច​ណូ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​សៅ​រ៏ ទី​២១​វិច្ឆិកា​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ រួមជាមួយ​ព្រះសង្ឃ មន្ត្រីក្រោមឱវាត​សា​​លា​រាជធានី​ភ្នំពេញ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ បានធ្វើ​ពិធី​​ប្រោះព្រំ ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះ អាសន្ន ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​​ចាប់ពីពេលនេះ​តទៅ ។​

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ការស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ រហូតមក​ដល់ពេល​នេះ សម្រេចបាន​៩៥%​ហើយ ហើយ​ការងារ ដែល​នៅ​សេសសល់​មានដូចជា លាប​គំនូ​​ស​ចរាចរ ស្លាក​សញ្ញា​ចរាចរ ការពង្រីក​ផ្លូវ ជាប់​អាង​ផ្លូវ​ក្រោម​ដី ការ​តម្លើង​ភ្លើងស្តុប​​ក្រោម​ស្ពាន តែ​ការងារ​នេះ​បាននិងកំពុង​ធ្វើបាន​មួយចំនួន​ហើយ មានន័យថា ប្រជា​​ពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ដោយ​ស្រួល​ចាប់ពី​ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ តទៅ ។​

លោក​បាន​បញ្ជាក់ថា ចំពោះ​ការងារ​ដែល​នៅសល់ ក្រុមការងារ​នឹង​បន្តធ្វើ​មិន​​មានការ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ការងារ​ជារួម​គ្រោង​បញ្ចប់​នៅ​ដើមខែ​ធ្នូ​នេះ៕ ​សុថា​ត់​

​  



Related