ស្តាប់​ចម្លើយសារភាព​ជនល្មើស ដែល​បាន​ចាក់​សម្លាប់​អ្នកគ្រូ​ក្រមុំ​

Sanofi

​បន្ទាប់ពី​សមត្ថកិច្ច​ចាប់បាន​ជនល្មើស ករណី​ឃាតកម្ម​ចាក់​សម្លាប់​ទៅលើ​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ជា​ស្នាដៃ​របស់​សង្សា​និង​ជា​គ្រូបង្រៀន​ជាមួយគ្នា តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ថា នារី​រងគ្រោះ បាន​បង្ខំ​ឲ្យ​ខ្លួន​ទៅ​ចុះ​អេ​តា​ស៊ីវិល និង​រៀបការ​ជាមួយ​នាង ព្រមទាំង​ប្រច័ណ្ឌ​ខ្លួន ដោយ​មិន​ឲ្យ​ទាក់ទង​ជាមួយ​សង្សា​ចាស់​ទៀត ទើប​បណ្តាល​ឲ្យ​រូបគេ​ខឹង កើតរឿង​ចាក់​សម្លាប់​តែម្តង​។​

លោក​វរៈសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រួចមក សមត្ថកិច្ច​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​រូបនេះ មានឈ្មោះ រម្យ សុង​ហេង ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល និង​មានមុខរ​បរជា​គ្រូបង្រៀន​ជាមួយ​ជនរងគ្រោះ​។​ហើយ​ជនល្មើស​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន ដោយ​យក​កូនកាំបិត​ចិត្ត​បន្លែ​ចាក់​ចំនួន ២៨​កាំបិត ព្រោះតែ​ជនរងគ្រោះ​បាន​បង្ខំ​ខ្លួន​ឲ្យ​ចុះ​អេ​តា​ស៊ីវិល និង​រៀបការ​ជាមួយ​នាង ព្រមទាំង​ប្រច័ណ្ឌ​ខ្លួន ដោយ​មិន​ឲ្យ​ទាក់ទង​ជាមួយ​អតីត​សង្សា​(​សង្សា​ចាស់​) ទៀត ទើប​ខ្លួន​សម្រេចចិត្ត​សម្លាប់​នាង ដើម្បី​ឲ្យ​នាង​ឈប់​រករឿង​ខ្លួន​ទៀត​។ បន្ទាប់មក​កាលពី​រសៀល​ថ្ងៃទី ២០ វិច្ឆិកា ម្សិលមិញ សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្ដង​។​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ គេ​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ ដែលមាន​ឈ្មោះ ផែន សុភា​វី អាយុ ២៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ប៊ែ​ល​ធី​ក្រុង​តាខ្មៅ ត្រូវបាន​គេ​ចាក់​ចំនួន ២៨ កាំបិត​ស្ទើរ​សុះសាច់ នៅ​ចំណុច​ដីចំការ​ស្វាយ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ប៉ុន្តែ​សម្ភារៈ​ជាប់​នឹង​ខ្លួន​ជនរងគ្រោះ មិនត្រូវ​គេ​យក​នោះទេ ដែល​នេះ ធ្វើ​ឲ្យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​នៅពេលនោះ​ថា វា​មិនមែនជា​ករណី​ប្លន់​នោះទេ ហើយក៏​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនល្មើស​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ម្សិលមិញ​នេះ​៕ សុទ្ធ គឹម​សឿន​



  

Related