បណ្ដាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​រង្វាន់​អន្តរជាតិ​ពី​ការ​អភិរក្ស​ព្រៃ

តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ពាន​រង្វាន់​ដែល​បណ្ដាញ​របស់​លោក​ទទួល​បាន​មាន​ឈ្មោះ​ថា អេក្វាទ័រ អ៊ីនីត្យាទីវ ឆ្នាំ​២០១៥ (Equator Initiative Prize 2015)។ ពាន​រង្វាន់​នេះ ជា​ការ​ផ្ដល់​អោយ​សហគមន៍ ដែល​មាន​គំនិត​ផ្ដួចផ្ដើម​ការពារ​​ព្រៃឡង់ ពី​ការ​បំផ្លិចបំផ្លាញ បើ​ទោះ​ជា​ពួកគេ​មិន​ទាន់​អាច​ទប់​ស្កាត់​បទល្មើស​ក្នុង​ព្រៃ​ដ៏​ធំ​នេះ​បាន​នៅ​ឡើយ​ក៏ដោយ។

លោក ហឿន សុភាព៖ «ព្រៃឡង់​ទោះ​បី​ជា​វា​មិន​កាត់​បន្ថយ​បទល្មើស​ទាំង​អស់​ក្ដី ក៏​ប៉ុន្តែ​វា​កាប់​ដែរ តែ​វា​នៅ​ពន្យារ​ពេល​បាន​យូរ​វា​មិន​អស់​ភ្លាមៗ ហើយ​យើង​ក៏​មើល​ឃើញ​សកម្មភាព​មួយ​ទៀត​គឺ​ការ​ភ័យ​ខ្លាច​របស់​អ្នក​កាប់​ឈើ​នៅ​ពេល​ដែល​ក្រុម​ពួក​យើង​ចុះ​ល្បាត​គ្រាន់​តែ​ឮ គឺ​ក្រុម​អស់​នោះ​អត់​ហ៊ាន​ចេញ​ទេ សូម្បី​តែ​ឡាន​របស់​អ្នក​ធំ​អ្នក​មាន​ខ្នង​ប៉ុណ្ណា​ក៏​អត់​ហ៊ាន​ចូល​ទៅ​ដែរ។ យើង​ឃើញ​ថា កម្លាំង​សហគមន៍ ជា​កម្លាំង​ដែល​មិន​ស៊ី​លុយ ដែល​មិន​ពុក​រលួយ»

បណ្ដាញ​សហគមន៍​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ ដែល​នឹង​ផ្ដល់​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNDP។ តំណាង​សហគមន៍​ចំនួន ២​រូប គឺ​លោក ហឿន សុភាព និង​លោក ផុន សុភាក់ នឹង​ទៅ​ទទួល​រង្វាន់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (France) នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាង​មុខ។

លោក ហឿន សុភាព បញ្ជាក់​ថា ថវិកា​ដែល​ទទួល​បាន​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សកម្មភាព​ការពារ​ព្រៃឡង់ នៅ​ពេល​ដែល​សកម្មជន​នៃ​បណ្ដាញ​ការពារ​ព្រៃ​នេះ​ភាគ​ច្រើន​បាន​ធ្វើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត៖ «លុយ​ពី​ក្រៅ​ជា​លុយ​មួយ​ដែល​យើង​ស្នើ​សុំ ជួនកាល​បាន​ជួនកាល​អត់ ប៉ុន្តែ​ក្នុង​នាម​​សហគមន៍​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៤​ខេត្ត គឺ​នៅ​តែ​ធ្វើ​ការ ហើយ​ចុះ​ល្បាត​បន្ត​ទៀត»

សកម្មជន​រូប​នេះ​​ អំពាវ​នាវ​អោយ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ការពារ​ព្រៃឡង់ ពី​ការ​កាប់​បំផ្លាញ ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​ ​បរិស្ថាន។

​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ របស់​រដ្ឋាភិបាល​បញ្ជាក់​ថា ព្រៃឡង់​​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ គ្របដណ្ដប់​លើ​តំបន់​ខ្លះ​នៃ​ខេត្ត ៤ ​គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ យ៉ាង​នេះ​ក្តី គិត​ត្រឹម​ឆ្នាំ​២០១៤ ​បណ្ដាញ​សហគមន៍​ព្រៃឡង់ រក​ឃើញ​ថា ទំហំ​ព្រៃឡង់ បច្ចុប្បន្ន​នៅ​សល់​ប្រមាណ​ជា ៣៦​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។