លោក កុល សំអុល និង​លោក ឈាង តុលា នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​បណ្តា​ស្រុក​នានា​ចូលមក​ក្រុង​ស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក កុល សំអុល ជា​អភិបាលខេត្ត និង​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក កុល សំអុល និង​លោក ឈាង តុលា ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទើប​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ​។

កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ទីតាំង​លាក់ទុក​ឈើ​សុ​ក្រំ​៣​កន្លែង ដែលមាន​ឈើ​ជាង​៣០០​កំណាត់​។ ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​នោះ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ហើយ​គេ​សង្ស័យថា មកពី​ម្ចាស់​ឈើ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច ទើប​ប្រឈម​នឹង​ការបង្ក្រាប​បែបនេះ​។ ឈើ​សុ​ក្រំ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​កាប់​និង​ដឹកជញ្ជូន​ពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​យកមក​លាក់ទុក​ក្នុងព្រៃ​ក្បែរផ្លូវ​ជាតិ​លេខ​៩ ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ជា​របស់​ឈ្មោះ រ៉​ន និង​ឈ្មោះ ពៅ ដែល​បាន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ក្នុងព្រៃ ដឹកជញ្ជូន​មក​លក់​ឲ្យ​ពួកគេ ហើយ​សុទ្ធតែជា​ប្រភេទ​សុ​ក្រំ​ដែល​កំពុង​មានតម្លៃ​ខ្ពស់​នៅ​ទីផ្សារ​ស្រុក​យួន​។ ឈើ​សុ​ក្រំ​ទាំងអស់​មាន​ប្រមាណ​ជាង​៣០០​កំណាត់ ប្រហែល​ជិត​២០០​ម៉ែត្រគូប មានមុខ​កាត់​ពី​៣០​សង់ទីម៉ែត្រ​រហូតដល់​៥០​សង់ទីម៉ែត្រ និង​ប្រវែង​បណ្តោយ​២​ម៉ែត្រ​កន្លះ​រហូតដល់​៥​ម៉ែត្រ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក កុល សំអុល ជា​អភិបាលខេត្ត និង​លោក ឈាង តុលា ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​ជនល្មើស​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នាពេល​កន្លងមក គ្រាន់តែ​ធ្វើឡើង​ដើម្បី​ព្រមាន​ឈ្មួញ​ឲ្យ​បង់លុយ​សម្រាប់​ពួកគេ​តែប៉ុណ្ណោះ​៕

M2U02426.MPG_snapshot_00.03_[2015.01.13_15.05.31]លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងPisey-2015-11-20-full-GPisey-2015-11-20-full-G1