ដីកា​ថ្មី​កោះហៅ​លោក សម រង្ស៊ី បង្ហាញ​ពី​ការគំរាមកំហែង​កាន់តែខ្លាំង​ទៅលើ​គណបក្សជំទាស់​

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​បង្គាប់​ឲ្យ លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​ឯកសារ​ក្លែងក្លាយ​។ ជុំវិញ​បញ្ហា​នេះ​ក្រុមអ្នកវិភាគ​នយោបាយ​និង​ក្រុម​សង្គម​ស៊ីវិល​បាន​វាយតម្លៃថា ជាការ​គំរាមកំហែង​កាន់តែខ្លាំង​ទៅលើ​គណបក្សជំទាស់ ហើយ​ជា​រឿង​នយោបាយ​សុទ្ធសាធ​។ ក្រុមអ្នកច្បាប់​បាន​អះអាងថា ការចោទប្រកាន់​លោក សម រង្ស៊ី ករណី​បង្ហោះ​ឯកសារ​ក្លែងក្លាយ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា លោក សម រង្ស៊ី មិន​ជាប់​ពាក់ព័ន្ធ​រឿង​បង្ហោះ​ឯកសារ​ក្លែងក្លាយ​នោះទេ ហើយ​ថា​ដីកា​របស់​តុលាការ​ជាការ​ជ្រៀតជ្រែក​នយោបាយ និង​ជាការ​បង្ហាញថា​តុលាការ​កម្ពុជា​គ្មាន​ឯករាជ្យភាព​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​«​ការប្រើប្រាស់​តុលាការ​មួយ​ដែល​គេ​យល់ឃើញថា មិនទាន់មាន​ឯករាជ្យ​និង​យុត្តិធម៌​ពិតប្រាកដ​នោះ គឺ​គ្រាន់តែ​ជាការ​ដាក់​សម្ពាធ​លើ​លោក សម រង្ស៊ី ប៉ុណ្ណោះ​»​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គិតគូរ​រឿង​ប្រទេសជាតិ​ដែល​ត្រូវ​ដោះស្រាយ​ជាជាង​ការរក​រឿង​គ្នា​ដែលជា​រឿង​តូចតាច​។

​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​រិះគន់ថា​ក្នុងដំណាក់កាល​នេះ គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រក​គ្រប់​វិធី​ដើម្បី​គំរាមកំហែង​ទៅលើ​មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ មានន័យថា ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ដីកា​កោះហៅ​ឲ្យ​លោក សម រង្ស៊ី ចូល​បំភ្លឺ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​លោក សម រង្ស៊ី ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់តែសោះ​។ ជាក់ស្តែង​ពេលនេះ​លោក សម រង្ស៊ី លោក កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​មាន​ប្រទេស​ជា​មិត្ត​មួយចំនួន​ស្នើសុំ​ចូលរួម​អន្តរាគមន៍ ដើម្បី​បន្ថយកម្តៅ​នយោបាយ​នៅ​កម្ពុជា​ផងដែរ​៕

964506_538084726248265_2136969117_o