២០ថ្ងៃ ខែវិច្ឆិកា គយប្រមូលពន្ធ ពីទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិក ដែលមិនទាន់ បង់ពន្ធ ជាង ៦០៦លានរៀល

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឲ្យដឹងថា រយៈពេល២០ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ មានម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក មិនទាន់បង់ពន្ធ បានស្ម័គ្រចិត្ត ចូលទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ សរុបជាទឹកប្រាក់ជាង ៦០៦លានរៀល (៦០៦.៩៨១.៤០០រៀល) ក្នុងនោះមានទូរស័ព្ទ និង Tablet ចំនួន ៨.៣៨៦គ្រឿង ។

តាមរយៈសេចក្តីជូនដំណឹង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ត អំពាវនាវសាធារណជន ដែលជាម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក គ្មានពន្ធគ្រប់ប្រភេទ ដែលមិនទាន់បានចូល មកប្រកាសបង់ពន្ធ និងអាករ ឲ្យរួសរាន់ទៅបំពេញកាតព្វកិច្ចពន្ធ ដើម្បីទទួលបានការលើកលែងផាកពិន័យ ខណៈ ដែលការឱសានវាទ នៃការអនុគ្រោះផាកពិន័យ នឹងផុតកំណត់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

បើទោះបីជាយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានកើតសរសើរ និងថ្លែងអំណរគុណផងដែរ ដល់ ម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក ដែលបានស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេលកន្លង មក ។ ការស្ម័គ្រចិត្តចូលរួមមកបំពេញកាតព្វកិច្ចពន្ធ និងអាករ គឺជាការឆ្លើយ និងសហការតាមការអំពាវនាវ របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ខ្លួននៅតែបន្តចុះត្រួតពិនិត្យ តាមហាងលក់ទូរស័ព្ទ និង កន្លែង ស្តុកទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក គ្រប់ប្រភេទ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ៕

២០ថ្ងៃ ខែវិច្ឆិកា គយប្រមូលពន្ធ ពីទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិក ដែលមិនទាន់ បង់ពន្ធ ជាង ៦០៦លានរៀល