លុយ និង​អំណាច ធ្វើ​ឲ្យ​ជីវិត​មានន័យ​មែន​ឬទេ?


ភ្នំពេញ៖ អំណាច បុណ្យស័ក្តិ និង​ទ្រព្យសម្បត្តិ បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ឈ្លក់​វង្វេង ហើយ​គិតថា នេះ​គឺជា​តម្លៃ​នៃ​ជីវិត ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន។ ប៉ុន្តែ​ដោយសារតែ របស់​ទាំងនេះហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ ធ្វើ​ទង្វើ​គ្រប់យ៉ាង ទោះបី​ត្រូវ​លះបង់​ជីវិត​ខ្លួនឯង និង​ត្រូវ​បំផ្លាញ​អ្នកដទៃ​ក៏ដោយ។ ប៉ុន្តែ​នៅពេល​មនុស្ស​មានទ្រព្យ​សម្បត្តិ​កាន់តែច្រើន មានអំណាច​កាន់តែខ្លាំង គឺ​មនុស្ស​ទាំងនោះ ហាក់បីដូចជា រវល់​តែ​ខ្វល់​ពី​ការខ្លាច​បាត់បង់​អំណាច និង ទ្រព្យសម្បត្តិ​ទៅវិញ។ តើ​មាន​លុយ និង​អំណាច ពិតជា​ធ្វើ​ឲ្យ​ជីវិត​មានន័យ​មែនឬ?

នៅក្នុង​សង្គម មាន​មនុស្ស​បី​ប្រភេទ ដែល​ឲ្យ​តម្លៃ​ជីវិតផ្សេងៗគ្នា។ ប្រភេទ​ទីមួយ៖ ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​លើ​អំណាច បុណ្យស័ក្តិ កេរ្តិ៍ឈ្មោះ​ល្បី និង​មាន​អង្គរក្ស​ហែហម និង​សម្ភារ​និយម​ដូចជា៖ លុយ ផ្ទះ​វីឡា និង​រថយន្ត​ទំនើប​ជាដើម។ មនុស្ស​ប្រភេទ​នេះ ឲ្យ​តម្លៃ​សម្ភារ ពេលខ្លះ ជាង​តម្លៃ​មនុស្ស​ទៅទៀត។

ប្រភេទ​ទី​ពីរ៖ ជា​ក្រុមមនុស្ស​ដែល​ឲ្យ​តម្លៃ​សីលធម៌ គុណធម៌ និង​បូជាជីវិត​ដើម្បី​សង្គម ពោលគឺ ជា​មនុស្ស​ដែលមាន​ចិត្ត​បរិសុទ្ធ ធ្វើ​ការងារ​ដើម្បី​អ្នកដទៃ​ច្រើនជាង​ខ្លួនឯង។ នៅក្នុង​នោះ​មាន​បុគ្គល​ដែល​អាច​ឲ្យ​យើង​ឆ្លុះបញ្ចាំង​បាន។ ព្រះពុទ្ធ ជា​បុគ្គល​ដែល​លះបង់​សេចក្តីសុខ​ជាមួយ​ទ្រព្យសម្បត្តិ រាជ្យ​ប​ល្ល័​ង្គ និង​ភាពជា​ស្តេច មក​ស្វែងរក​ធម៌​នៅ​ព្រៃភ្នំ ដើម្បី​យកមក​អប់រំ​ពុទ្ធបរិស័ទ។ ព្រះសង្ឃរាជ ជួន ណាត ប្រើពេល​វេលា​ស្ទើរ​មួយជីវិត ដើម្បី​និពន្ធ​សៀវភៅ បកប្រែ​សៀវភៅ​ពី​ភាសាបាលី និង​សំស្ក្រឹត មកជា​ភាសា​ខ្មែរ និង​បង្កើត​វចនានុក្រម​ខ្មែរ។

លោក មហា​ត្មិះ​គ​ន្ធី (Maha Gundi) ជា​បុគ្គល​ដែល​ធ្វើ​ការងារ​ស្ទើរ​ពេញ​មួយជីវិត​ដើម្បី​ទាមទារ​ឯករាជ្យ​ឲ្យ​ប្រទេស​ឥណ្ឌា ពី​សំណាក់​អាណានិគម​ន៍​អង់គ្លេស។ សកម្មជន​សិទ្ធិមនុស្ស លោក ម៉ា​ទីន លូ​ធើ​ឃី​ង ( Martin Luther King) ប្រើពេល​មួយជីវិត​ដើម្បី​ទាមទារ​សិទ្ធិ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​សហរដ្ឋ​អា​មេ​រិច និង​បុគ្គលសំខាន់ៗជាច្រើន​ទៀត។ បុគ្គល​ដែល​បាន​រៀបរាប់​ខាងលើនេះ បាន​បន្សល់​កេរ្តិ៍ឈ្មោះ ស្នាដៃ និង​គុណសម្បត្តិ​ជាច្រើន​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​មនុស្សជាតិ​ទូទៅ។

ប្រភេទ​ទី​បី៖ មនុស្ស​សាមញ្ញ រស់នៅក្នុង​ជីវភាព​ធម្មតា។ បំណងប្រាថ្នា​មនុស្ស​មួយក្រុម​នេះ គ្មានអ្វី​ក្រៅពី​ស្វែងរក​សុភមង្គល​សម្រាប់​ខ្លួនឯង និង​គ្រួសារ​របស់ខ្លួន​នោះទេ។
សរុប​មកវិញ តម្លៃ​នៃ​ជីវិត ត្រូវបាន​មនុស្ស​គ្រប់ជំពូក​កំពុង​ស្វែងរក។ មនុស្ស​គ្រប់គ្នា​ឲ្យ​តម្លៃ លើ​អត្ថន័យ​នៃ​ជីវិតផ្សេងៗគ្នា។ ខ្លះ​គិតថា មាន​លុយ ប្រាក់ខែ​សមរម្យ មានគ្រួសារ​មួយ គឺ​រស់នៅក្នុង​ជីវភាព​ធម្មតា។ ខ្លះទៀត គិតថា ជីវិត​មានតម្លៃ ទាល់តែ​មានអំណាច មាន​គេ​កោតសរសើរ មាន​អង្គរក្ស​ហែហម​មុខក្រោយ និង​មានផ្ទះ​វីឡា រថយន្ត​ទំនើប ចង់បាន​អ្វី​បាន​ហ្នឹង។ ឯ​មនុស្ស​មួយក្រុម​ទៀត គឺមាន​លក្ខណៈពិសេស​ខ្លាំងណាស់ ពោល គឺ​ពួកគេ​លះបង់​ប្រយោជន៍​ខ្លួនឯង​ច្រើន​ដើម្បី​អ្នកដទៃ និង​ដើម្បី​ជាតិ​មាតុភូមិ។ ពួកគេ​មុន នឹង​ស្លាប់ទៅ មនុស្ស​ជំពូក​នេះ តែងតែ​បន្សល់ទុក​ស្នាដៃ កេរ្តិ៍តំណែល ដល់​អ្នកជំនាន់ក្រោយ។

ពួកគេ​តែងតែ​គិតថា «កើតមក​ឲ្យ​ធ្ងន់​ផែនដី​ហើយ គឺ​គួរ​ធ្វើ​អ្វីមួយ​សម្រាប់​ផែនដី មុននឹង​ខ្លួន​ស្លាប់​ទៅវិញ»។ របៀប​គិត​របស់​ពួកគេ​គឺ​តែងតែ​ប្រៀបធៀប​ថា ពូ​សុខ​នៅ​ស្រែ​ឡើងត្នោត ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា ពេល​ស្លាប់ទៅ មនុស្ស​ទូទៅ​មិនបាន​ស្គាល់ ពីព្រោះ​ពូ​សុខ​មិនបាន​បន្សល់​ស្នាដៃ​អ្វី​ដល់​អ្នកជំនាន់ក្រោយ។ ឯ​ពូ​សៅ​វិញ ជា​ពលរដ្ឋ​សកម្ម​នៅក្នុង​សហគមន៍ គាត់​ជា​អ្នក​ជួយ​ជ្រោមជ្រែង​សហគមន៍​ឲ្យ​មាន​អណ្តូងទឹក ប្រឡាយទឹក មាន​សាលារៀន និង​កសាង​សមិទ្ធផល​ជាច្រើន​នៅក្នុង​សហគមន៍។ ទាំងពីរ​នាក់​ពេល​ស្លាប់ទៅ សំណួរ​តើ​ពលរដ្ឋ​គោរព​ស្រលាញ់ និង​រម្លឹក​គុណ ពូ​សុខ ឬ​ពូ​សៅ? ប្រាកដ​ណាស់​គឺ​ពូ​សៅ។

ដូច្នេះ មនុស្ស​ទាំងបី​ក្រុម​សុទ្ធ​តែងតែ​ស្វែងរក​អត្ថន័យ​ជីវិត​រៀងខ្លួន ប៉ុន្តែ​គ្រាន់តែ​ប្រភេទ​មនុស្ស​ខ្លះ ធ្វើ​ការងារ​ភាគច្រើន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​គ្រួសារ​របស់ខ្លួន រីឯ​ប្រភេទ​មនុស្ស មួយក្រុម​ទៀត គឺ​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​អ្នកដទៃ ច្រើនជាង​ប្រយោជន៍​ខ្លួនឯង។ ហើយ​ក្រុមមនុស្ស​ដែល​ធ្វើ​ប្រយោជន៍​ដើម្បី​អ្នកដទៃ សង្គម និង​ប្រទេសជាតិ តែងតែ​ត្រូវបាន​មនុស្ស​នៅក្នុង​ពិភពលោក​ផ្តល់​តម្លៃ​ខ្ពស់​និង​ក្លាយជា​គំរូ​សម្រាប់​អ្នកជំនាន់ក្រោយ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​