វិធានការ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ចំពោះ​អាជីវកម្ម​ដឹកជញ្ជូន​រ៉ែ ថ្ម និង​ដី អាច​ក្លាយទៅជា​រឿង​ឥតប្រយោជន៍​

កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ​និង​ថាមពល ដែលមាន​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​បានដាក់​ចេញ​វិធានការ​ថ្មី​មួយ​ដើម្បី​ព្រមាន​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​រ៉ែ ថ្ម និង​ដី ជាដើម នៅ​ទូទាំងប្រទេស​ថា បើសិនជា​អាជីវកម្ម​រ៉ែ​មិន​គោរព​តាម​វិធានការ​ថ្មី​ទេនោះ នឹងត្រូវ​ចាត់ការ​តាមច្បាប់​តែម្តង​។ សារា​ចរណ៍​របស់​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ​រាល់​ការដឹកជញ្ជូន​ថ្ម រ៉ែ ដី ដីឥដ្ឋ ត្រូវតែ​គោរព​តាម​បទដ្ឋាន​នៃ​ការកម្រិត​ទម្ងន់​ផ្ទុក​តាម​ប្រភេទ​រថយន្ត និង​ផ្លូវ ហើយ​ត្រូវមាន​កៅស៊ូ​គ្រប​ចៀសវាង​ធ្លាក់​រប៉ាត់រប៉ាយ​តាមផ្លូវ​។

​មជ្ឈដ្ឋាន​នានា​បាន​ទទួលស្គាល់ថា វិធានការ​ថ្មី​របស់​ក្រសួង​រ៉ែ​និង​ថាមពល គឺជា​រឿង​ត្រឹមត្រូវ​ក៏ប៉ុន្តែ​ក្រុមអាជីវករ ឬ​ក្រុមហ៊ុន​ទាំងអស់​ដែល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​រ៉ែ ថ្ម ខ្សាច់ និង​ដី​ជាដើម ប្រហែលជា​មិន​អនុវត្តន៍​តាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ដោយហេតុថា​កន្លងមក​រាល់​វិធានការ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែលមាន​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី មិន​ត្រូវបាន​ក្រុមហ៊ុន​ឬ​អាជីវករ​អនុវត្តន៍​តាម​ឡើយ ហើយ​ការដឹកជញ្ជូន​រ៉ែ ថ្ម ខ្សាច់ និង​ដី​ជាដើម នៅតែ​ផ្ទុក​លើស​ទម្ងន់ គ្មាន​កៅស៊ូ​តង់​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។ រថយន្ត​ធំៗ​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម តែងតែ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ថ្ម​ធ្លាក់​ខ្សាច់​និង​ដី​តាមផ្លូវ​ប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ ជាពិសេស​នៅពេល​ខូច​ផ្លូវ គឺ​ក្រុមហ៊ុន​និង​អាជីវករ​ទាំងនោះ មិនដែល​ធ្វើ​សង​ឡើយ​។

​ប្រជាពលរដ្ឋ​ទូទៅ​វាយតម្លៃ​ទុកជាមុន​ថា វិធានការ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ អាច​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​កន្លងមក​វិធានការ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​ខុសច្បាប់​នៅក្នុង​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម និង​ទន្លេ​ស​បាសាក់ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តព្រៃវែង ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ​បទល្មើស​បូម​ខ្សាច់​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​រថយន្ត​ដឹកជញ្ជូន​ខ្សាច់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។ ដូច្នេះ​ក្រសួង​រ៉ែ​និង​ថាមពល គួរ​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​ការអនុវត្ត​វិធាន​ការចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​កុំ​ឲ្យ​វិធានការ​នេះ​ឥត​តម្លៃ​ដូច​វិធានការ​មុនៗ​ទៀត​៕

Suy-Sem1លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ៧៦