​លោក ង៉ោ ម៉េង​ជ្រួ​ន មិន​អើពើ​ចំពោះ​សង្វៀន​បញ្ជល់មាន់​ក្រោម​ស្លាក​កាស៊ីណូ​នៅ​ប៉ោយប៉ែត​

អភិបាលក្រុង​ប៉ោយប៉ែត​លោក ង៉ោ ម៉េង​ជ្រួ​ន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រឿង ទីតាំង​ជល​មាន់​ក្រោម​ស្លាក​កាស៊ីណូ​ឡាក់​គី នៅ​កណ្តាល​ក្រុង​ប៉ោយប៉ែត​លោក​មិនដឹង​ទេ ហើយ​បើ​ចង់ដឹង​រឿង​គេ​មានច្បាប់ ឬ​គ្មាន​ច្បាប់​នោះ​សូម​សួរ​ទៅ​នគរបាល​ទៅ​ទើប​ដឹង​ច្បាស់​។ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា ខាង​អាជ្ញា​ធរមាន​ភារកិច្ច​ត្រឹមតែ​អបរំ​ប្រជាពលរដ្ឋ​អោយ​ចៀស​ឆ្ងាយ​ពី​បន​ល្បែងស៊ីសង​ដើម្បី​រក្សា​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​តែប៉ុណ្ណោះ ដូច្នេះ​ចំពោះ​បន​ល្បែង​ខាងលើ​អាជ្ញាធរ​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ​។​

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​រិះគន់ថា​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ថា​គ្មាន​ការទទួលខុសត្រូវ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រុង​មិនគួរ​ឆ្លើយ​យករួចខ្លួន​ដូច្នេះ​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ម៉េច​កើត បើ​មាន​បន​ល្បែង​យ៉ាង​អនាធិបតេយ្យ​ដូច្នេះ​។ ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​រៀបរាប់ថា សង្វៀន​បញ្ជល់​មាន់បាន​ដំណើរការ​ជាច្រើន​សប្តាហ៍​មកហើយ ស្ថិតនៅ​ចំណុច​ភូមិ និង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខាងកើត​រង្វង់​មូល​ច្រកទ្វា​អន្តរជាតិ ចម្ងាយ​១៥០​ម៉ែត្រ ម្តុំ​ទីតាំង​ទទួល​ពលករ​ចាស់ ។​

​នៅក្នុង​ទីធ្លា​បញ្ជល់មាន់​ខាងលើ គឺមាន​ល្បែង​យូគី​ល្បែង អាប៉ោង ល្បែង ខ្លា​ឃ្លោក និង​ល្បែង​ស្ទូចត្រី​ទៀតផង  ហើយ​នៅក្នុង​វង់ល្បែង​ខាងលើ​នោះ គឺ​គេ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូលទៅ​មើល ឬ ចូលទៅ​ថត​យក​រូបភាព​នោះឡើយ​។ អ្នក​ចូល​លេងល្បែង​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា កាស៊ីណូ ដែល​បើក​ថ្មី​នោះ​មានឈ្មោះ​ហៅថា ឡាក់​គី ហើយ​មាន​មេបន​ល្បែង​បញ្ជល់មាន់​ចំនួន​៣​នាក់​បាន​ទៅសុំ​ជ្រកកោន​ជាមួយ​ម្ចាស់​កាស៊ីណូ​បើក​ដំណើរការ​ដោយ​បង់លុយ​ប្រចាំខែ​។​

គួរ​បញ្ជាក់ថា សព្វថ្ងៃ​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​រាប់រយ​នាក់​កំពុង​សម្រុក​ទៅ​ភ្នាល់ ចាក់ យ៉ាង​គគ្រឹកគគ្រេង ទាំង​ព្រឹក​ទាំង​ល្ងាច​តែម្តង​នៅក្នុង​បន​ល្បែង​ខាងលើ​។ ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​ទទូចថា សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ដែល​ត្រូវបាន​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ឆ្លើយថា មិនដឹង​នេះ​គួរតែមាន​ការត្រួតពិនិត្យ​ឡើងវិញ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ព្រោះ​បន​ល្បែង​គ្មាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នោះទេ​៕

CH-01339