សម្តេច​ហ៊ុនសែន ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជាមួយ​មេដឹកនាំ​អាស៊ាន ៩ រូប​ផ្សេងទៀត​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ​មួយចំនួន នា​ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត នឹង​បន្ត​រហូតដល់​ថ្ងៃទី​២២​វិច្ឆិកា​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈពេល ២ ថ្ងៃ នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២​វិច្ឆិកា​នេះ រួមមាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៨ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៨ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១៧ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការ​សហប្រជា​ជាតិ លើក​ទី​៧ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​ណូ​វែ​ល​ហ្សេ​ឡង់ លើក​ទី​៤០ កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​-​សហរដ្ឋ​អាំ​មេ​រិ​ក លើក​ទី​៣ កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​៣ លើក​ទី​១៨ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១០ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន បូក​៣ ជាមួយ​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន​។​

​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន រួមជាមួយ​មេដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ចំនួន ៣ រួមមាន​៖ “​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ឆ្នាំ​២០១៥ ស្តីពី ការបង្កើត​សហគមន៍​អាស៊ាន​” “​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ស្តីពី អាស៊ាន ឆ្នាំ​២០២៥៖ រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​” និង “​អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​”​។​

​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ សម្តេច​ហ៊ុនសែន ក៏បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល គឺ​កិច្ចសន្ទនា​វិនិយោគិន​សកល​-​សម័យប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ព្រមទាំង​កិច្ចប្រជុំ​កំពូល​ធុរៈកិច្ច​អាស៊ាន និង​វិនិយោគ ឆ្នាំ​២០១៥​។​

​ក្រៅពី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ សម្តេច​ហ៊ុនសែន នឹង​ជួប​ពិភាក្សា​​ទ្វេភាគី​ជាមួយ​លោក ស៊ិន​ហ្សូ អា​បេ ( Shinzo Abe ) នាយករដ្ឋមន្ត្រី ជប៉ុន លោក​ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល ( Malcolm Turnbull ) នាយករដ្ឋមន្ត្រី អូស្ត្រាលី និង​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ( Narendra Modi ) នាយករដ្ឋមន្ត្រី ឥណ្ឌា​៕​

សម្តេច​ហ៊ុនសែន ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជាមួយ​មេដឹកនាំ​អាស៊ាន ៩ រូប​ផ្សេងទៀត​

សម្តេច​ហ៊ុនសែន ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជាមួយ​មេដឹកនាំ​អាស៊ាន ៩ រូប​ផ្សេងទៀត​