ចំនួន​អ្នកស្លាប់​ឡើងដល់២៧នាក់​ក្នុង​ការចាប់​ចំណាប់ខ្មាំង​នៅ​ម៉ាលី


ហេតុការណ៍ ចាប់​ចំណាប់ខ្មាំង១៧០នាក់ នៅ​សណ្ឋាគារ​ក្រុង​បា​ម៉ា​កូ ប្រទេស​ម៉ាលី បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រោយ​មានការ​បង្ក្រាប​ពី​កងកម្លាំង​ពិសេស អស់​ជាង៧ម៉ោង។ មនុស្ស​យ៉ាងហោច២៧នាក់​ជា​អតិថិជន​សណ្ឋាគារ​បាន​ស្លាប់ ហើយ​ភេរវជន៣នាក់​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​ទា​ហាន។ ក្រុម​Al-Mourabitoun សាខា​ក្រុម​អាល់​កៃ​ដា បានប្រកាសថា បាន​បង្ក​ភេរវកម្ម​នៅ​សណ្ឋាគារ​នេះ។ បើ​យោងតាម បារាំង​ដែល​កំពុងមាន​កងទ័ព​ប្រតិបត្តិការ​កំចាត់​ភេរវកម្ម​នៅ​ភាគ​ខាងជើង ម៉ាលី មេក្រុម​ភេរវជន​ឈ្មោះ​Mokhtar Belmokhtar ជា​មេខ្លោង​ក្នុង​ហេតុការណ៍​នេះ។

ក្នុងចំណោម ចំណាប់ខ្មាំង១៧០នាក់ នៅ​សណ្ឋាគារ​Radisson Blu មាន​អតិថិជន​សណ្ឋាគារ១៤០នាក់ ភាគច្រើន​ជា​ជនបរទេស ជា​ពលរដ្ឋ​អាល្លឺម៉ង់ ឥណ្ឌា បែលហ្ស៊ិក បារាំង រឺក៏​ចិន។ ម្សិលមិញ កងកម្លាំង​ពិសេស​បាន​បើក​ការវាយលុក​រំដោះ​ចំណាប់ខ្មាំង ដល់​ទៅ ១០ម៉ោង ទំរាំ​អាច​បញ្ចប់​ហេតុការណ៍​ភេរវកម្ម​នេះ។ 

ពេល​ក្រុម​ភេរវជន​ចាប់​ចំណាប់ខ្មាំង​នៅ​ម៉ោង​ដំបូង​ម្សិលមិញ​នេះ មាន​ចំណាប់ខ្មាំង​ខ្លះ​បាន​រត់គេចខ្លួន​ទាន់ពេល។ ខ្លះទៀត ត្រូវបាន​ក្រុម​ភេរវជន​ដោះលែង ដោយសារ​ពួកគេ​ចេះ​សូត្រធម៌​ក្នុង​គម្ពីរ​កូ​រ៉ង់​អ៊ីស្លាម។ ដោយឡែក អាជ្ញាធរ​សន្តិសុខ​ប្រាប់ថា ក្រុម​ភេរវជន​មាន​គ្នា១០នាក់ តែ​ខាង​ផ្នែក​សណ្ឋាគារ ប្រាប់ថា មានតែ២នាក់​ប៉ុណ្ណោះ។

យោងតាម រដ្ឋមន្ត្រី​ការពារជាតិ​បារាំង លោក Jean-Yves Le Drian ហ្ស​ង់​អ៊ីវ លឺ​ឌ្រី​យ៉ង់ មេខ្លោង​ភេរវជន​ឈ្មោះ​ម៉ុក​តា បែ​ល​ម៉ុក​តា Mokhtar Belmokhtar អាចជា​អ្នករៀបចំ​ផែន​ការចាប់​ចំណាបខ្មាំង​នេះ​ឡើង។ បែ​ល​ម៉ុក​តា​នេះ ជា​មេខ្លោង​ក្រុម Al-Mourabitoune អាល់ មូរ៉ា​ប៊ី​ទូ​ន ជា​សាខា​មួយ​របស់​ក្រុម​អាល់​កៃ​ដា។ បែ​ល​ម៉ុក​តា ជាស​ត្រូវ​ទី១របស់​បារាំង។ ប្រទេស​ជាច្រើន​ក៏​កំពុង​តាម​ចាប់ខ្លួន​បែ​ល​ម៉ុក​តា​ដែរ។ យោងតាម​ទូរទស្សន៍​អារ៉ាប់ អាល់​ហ្សា​ហ្ស៊ី​រ៉ា ក្រុម​អាល់ មូរ៉ា​ប៊ី​ទូ​ន បានប្រកាសថា បាន​ប្រតិបត្តិ​ការចាប់​ចំណាប់ខ្មាំង​នៅ​សណ្ឋាគារ ជា​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​ក្រុម​អាល់​កៃ​ដា នៅ​តំបន់​ម៉ា​ក្រេប ដែល​គេ​ហៅថា ក្រុម​Aqmiនោះ។

ក្រុម​អាល់ មូរ៉ា​ប៊ី​ទូ​ន ធ្លាប់​វាយប្រហារ​សណ្ឋាគារ​មួយ​ដែរ កាលពី​ខែ​មិនា សម្លាប់​មនុស្ស៥នាក់ ក្នុងនោះ​មាន​ជនជាតិ​ម៉ាលី ពលរដ្ឋ​បារាំង និង​បែ​ល​ហ្ស៊ី​ក។ ក្រុម​នេះ​ក៏​ធ្លាប់​ប្រកាសថា បាន​វាយប្រហារ​សណ្ឋាគារ​មួយទៀត នៅ​ភាគ​ខាងជើង​ក្រុង​បា​ម៉ា​កូ កាលពី​ខែសីហា សម្លាប់​មនុស្ស១៧នាក់​ដែរ។

ដោយសារ ក្រុម​ដែ​ស្ហ​ទើប​លេង​ធ្ងន់​ដៃ​លើ​បារាំង​កាលពី​ថ្ងៃ​សុក្រ​មុន ធ្វើអោយ​ពិភពលោក​ថ្កោលទោស ក្រុម​ដែ​ស្ហបាន​លេចធ្លោ​ឡើង ក្នុងចំណោម​ក្រុម​ភេរវជន​ទាំងឡាយ។ ដូច្នេះ បើ​អាល់​កៃ​ដា​ពិតជា​បង្កហេតុ​ការណ៍​ចាប់​មនុស្ស​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី ថ្ងៃ​សុក្រ​ម្សិលមិញ ពិតមែន ស​បង្ហាញថា អាល់​កៃ​ដា​ចង់​បង្អួត​ទៅ​ក្រុម​ដែ​ស្ហ​វិញ​ថា អាល់​កៃ​ដា​ក៏​មិន​អន់​ដែរ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​