សហគមន៍​នៅ​កំពង់ឆ្នាំង​នឹង​ប្រើ​កម្លាំង​មនុស្ស​ធ្វើ​ផ្លូវ​ឆ្ពោះ​ទៅ​តំបន់​ទេសចរណ៍​អន្លង់ស្វាយ

ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ នៅ​ខេត្ត​កំពង់ឆ្នាំង គ្រោង​ប្រើ​ចប និង​កាំបិត​ជំនួស​គ្រឿង​ចក្រ ដើម្បី​ធ្វើ​ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ២​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​មួយ​កន្លែង​ដែល​អ្នក​ភូមិ​គិត​ថា ជា​តំបន់​ទឹក​ធ្លាក់​ដ៏​កម្រ។ គម្រោង​របស់​សហគមន៍​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ។

តំណាង​សហគមន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា រយៈ​ពេល​បី​ឆ្នាំ​ហើយ​ដែល​សហគមន៍​បាន​បង្ហាញ​ពី​សក្ដានុពល ឬ​សារសំខាន់​នៃ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ភ្នំអន្លង់ស្វាយ តាម​រយៈ​កិច្ច​ប្រជុំ​ថ្នាក់​ឃុំ និង​វេទិ​កា​សាធារណៈ តែ​មិន​ទាន់​ឃើញ​មាន​អ្នក​វិនិយោគ ឬ​រដ្ឋាភិបាល​អភិវឌ្ឍ​ផ្លូវ​ទៅ​តំបន់​នោះ​នៅ​ឡើយ។ តំបន់​នេះ​មាន​ទឹក​ធ្លាក់​ជាង ១០​ជាន់ ខណៈ​មាន​អ្នក​ទេសចរ​តិចតួច​អាច​លេង​ទឹក​បាន​ត្រឹម​តែ ៨​ជាន់។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ លោក នុត ហេង មាន​ប្រសាសន៍​ថា សមាជិក​គណៈកម្មការ​សហគមន៍​ចំនួន ៩​រូប ត្រៀម​ប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​បរិស្ថាន ដើម្បី​កំណត់​ដែន​អភិរក្ស ឬ​ចែក​ក្រុម​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦ ហើយ​អភិវឌ្ឍ​ផ្លូវ និង​តំបន់​ទេសចរណ៍​ទាំង​មូល​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

លោក​ថា បើ​ដល់​ពេល​នោះ​នៅ​តែ​គ្មាន​អ្នក​វិនិយោគ សហគមន៍​នឹង​រៀបចំ​តំបន់​ទេសចរណ៍​នេះ​ដោយ​ខ្លួន​ឯង៖ «សំណូមពរ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ក្ដី​មេត្តា​ជួយ​រៀបចំ​កន្លែង​អេកូ​ទេសចរណ៍ ដើម្បី​កំណើន​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្ញុំ​ឲ្យ​បាន​ស្រួល​ដូច​គេ​កុំ​ឲ្យ​វា​ពិបាក»។

លោក នុត ហេង បញ្ជាក់​ថា ផ្លូវ​លំ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ ឬ​ទឹក​ធ្លាក់​នេះ​ត្រូវ​ធ្វើ​ចេញ​ពី​ចំណុច​ក្បាល​ថ្នល់ នៃ​ភូមិ​ដូង​ស្លា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស រហូត​ដល់​ចំណុច​នោះ​ចម្ងាយ​ប្រមាណ ២​គីឡូ​ម៉ែត្រ។ លោក​ថា ផ្លូវ​ដែល​គ្រោង​ធ្វើ​ដោយ​កម្លាំង​មនុស្ស​នេះ ឡាន​នឹង​មិន​អាច​ចូល​ទៅ​ដល់​ទេ ប៉ុន្តែ​ម៉ូតូ ឬ​ថ្មើរជើង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ហើយ​ពេល​នោះ​សហគមន៍​អាច​នឹង​លក់​សំបុត្រ​ចូល​កម្សាន្ត​ ឬ​ផ្ញើ​ម៉ូតូ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​លោក សេង សាលី បាន​រិះគន់​អង្គការ​ម្លប់​បៃតង​ដែល​កន្លង​ទៅ​សន្យា​ថា នឹង​ជួយ​ជ្រោមជ្រែង ឬ​បញ្ចេញ​ថវិកា​អភិវឌ្ឍន៍​តំបន់​ទេសចរ​នេះ​ជាមួយ​សហគមន៍ ប៉ុន្តែ​មិន​ឃើញ​លទ្ធផល​អ្វី​ក្រៅ​ពី​ចុះ​ទៅ​យក​របាយការណ៍​ពី​ថ្នាក់​មូលដ្ឋាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ស្វះស្វែង​រក​ប្រភព​វិនិយោគ​ថ្មី៖ «បម្រើ​តែ​ផល​ប្រយោជន៍​របស់​គាត់ អ៊ីចឹង​ឥឡូវ​គាត់​បញ្ចប់​ហើយ! ខ្ញុំ​ត្រូវ​បាន​អភិបាល​ខេត្ត​ណែនាំ​ឲ្យ​ស្វែង​រក​អ្នក​វិនិយោគ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​អង្គការ​ម្លប់​បៃតង ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

តំណាង និង​ប្រជា​សហគមន៍​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ផ្ទៃ​ដី​ព្រៃ​សហគមន៍ ឬ​តំបន់​អភិរក្ស​ធម្មជាតិ​ទំហំ ១.១៦៣​ហិកតារ បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១២។ តំបន់​នេះ​មាន​ពលរដ្ឋ​ជា​ច្រើន​ភូមិ នៃ​ឃុំ​ក្បាលទឹក អាច​ចូល​ទៅ​អាស្រ័យ​អនុផល​ព្រៃឈើ ឬ​ទទួល​បាន​ពី​ផល​ពី​ការ​អភិវឌ្ឍ​តំបន់​ទេសចរ​នេះ។ អ្នក​ភូមិ​សម្បូរ​ក្រូចថ្លុង ចេក និង​អនុផល​ព្រៃឈើ សម្រាប់​លក់​ជូន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។