ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ឃុំ​ថា​លំអៀង

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​កសាង​ផ្លូវ​ដោយ​លំអៀង​ទៅ​អ្នក​មាន​ប្រាក់ មាន​អំណាច។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​សម្រេច​អភិវឌ្ឍ ផ្លូវ​លេខ ៧៧ ភ្ជាប់​ផ្លូវ​លេខ ១៤ ប៉ះ​ចំ​ដី​អ្នក​ភូមិ​មួយ​គ្រួសារ ប៉ុន្តែ​បែរ​ជា​ពង្វាង​រោង​កែច្នៃ​សិប្បកម្ម​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម។ អ្នក​ភូមិ​សង្ស័យ​ថា ការ​អភិវឌ្ឍ​ផ្លូវ​នេះ អាច​មាន​ភាព​មិន​ប្រក្រតី។

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង អះអាង​ថា គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ផ្លូវ​លេខ ១៤ ដែល​ជា​កញ្ចប់​ថវិកា​របស់​សង្កាត់​ស្ទឹងត្រែង បាន​បើក​ឲ្យ​ចរាចរណ៍​ជា​បណ្តើរៗ ប៉ុន្តែ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​គ្រួសារ​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី លោក ភូ ថងសុំ ចោទ​ប្រកាន់​ថា ចៅ​សង្កាត់​ស្ទឹងត្រែង បាន​កសាង​ផ្លូវ​មួយ​ខ្សែ​លេខ ៧៧ ភ្ជាប់​ផ្លូវ​លេខ ១៤ ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង លម្អៀង​ទៅ​ឈ្មួញ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម។ លោក​សង្ស័យ​ថា ការ​អភិវឌ្ឍ​ផ្លូវ​នេះ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​ដែល​ម្ចាស់​សិប្បកម្ម​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ​ម៉ឺន​គឺ​ជា​អ្នក​មាន​លុយ-មាន​អំណាច។

លោក​បញ្ជាក់​ថា ដី​លោក​មាន​ទំហំ ២៩ x ៤៣​ម៉ែត្រ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​លោក​បាន​ប្រគល់​ជូន​រដ្ឋ​សម្រាប់​អភិវឌ្ឍន៍​ផ្លូវ​នូវ​ដី​ចំនួន ៥​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ជាប់​ដី​វិហារ​សាសនា​គ្រឹះ។ ប៉ុន្តែ​ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បាន​ឈូស​ឆាយ​ដី​រហូត​ដល់​ទៅ ១០​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ដើម្បី​ពង្វាង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជនជាតិ​វៀតណាម។

លោក​ថា ដី​វិហារ​សាសនា​គ្រឹះ បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍ​ចំនួន​ទទឹង ៥​ម៉ែត្រ​ដែរ តែ​អាជ្ញាធរ​បែរ​ជា​មិន​ធ្វើ ព្រោះ​ខ្លាច​បុក​ចំ​ដី​ជនជាតិ​វៀតណាម៖ «មុន​អភិវឌ្ឍន៍​ត្រូវ​មាន​ការ​សាកសួរ​ពី​ប្រជាពលរដ្ឋ គេ​ហៅ​ថា សិក្សា​មើល​ក្នុង​គម្រោង​ដែល​ត្រូវ​ប៉ះពាល់ មិន​ប៉ះពាល់។ វា​អត់​មាន​តម្លាភាព​ហ្នឹង ធ្វើ​ការ​ដោយ​ស្ងាត់​តែ​ម្នាក់​ឯង អត់​មាន​គិត​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច ធ្វើ​ឲ្យ​តែ​បាន​តែម្ដង។ អ្នក​គោរព​ច្បាប់​ចេះ​តែ​គោរព អ្នក​មិន​គោរព​នៅ​តែ​មិន​គោរព ធ្វើ​អត់​មាន​តម្លាភាព ធ្វើ​ឲ្យ​តែ​បាន។ ព្រោះ​ថា ធ្វើ​ផ្លូវ​ខ្ញុំ គឺ​លួច​មក​ធ្វើ​ទៀត»

​ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ដោយ​អះអាង​ថា អាជ្ញាធរ​សង្កាត់​បាន​ប្រជុំ​សម្រេច​កសាង​ផ្លូវ​លំ​​មួយ​ខ្សែ​នេះ ដែល​តម្រូវ​ទុក​ដី​ជូន​លោក ភូ ថងសុំ ទទឹង ២១​ម៉ែត្រ តែ​គាត់​បដិសេធ។ លោក​ថា គម្រោង​កសាង​ផ្លូវ​ឆ្នាំ​១៩៩៥ របស់​មន្ទីរ​សាធារណៈ​បាន​ឈូស​ផ្លូវ​ភ្ជាប់​ផ្លូវ​លេខ ១៤ ទទឹង ៥​ម៉ែត្រ។

លោក​បញ្ជាក់​ថា គម្រោង​ផ្លូវ​របស់​អាជ្ញាធរ​ឃុំ​តែ ៥​ម៉ែត្រ​ទេ ចំពោះ​របង​សិប្បកម្ម​របស់​ជនជាតិ​វៀតណាម ជាប់​ទ្រូង​ផ្លូវ​គឺ​អាស្រ័យ​លើ​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង​កំណត់៖ «ប្រជុំ​នេះ​ឯកភាព​ហើយ ខ្ញុំ​ចុះ​ធ្វើ​ទុក​ឲ្យ​គាត់ ២១​ម៉ែត្រ ដល់​ចុះ​ទៅ​គាត់​ទាមទារ​ឲ្យ​ខ្ញុំ​ធ្វើ​ផ្លូវ​កាត់​ដី​ខាង​វៀតណាម ទៀត។ ខ្ញុំ​មិន​អាច​ធ្វើ​បាន ផ្លូវ​បោះ​គេ គេ​មាន​ឯកសារ​ត្រឹមត្រូវ»

យ៉ាង​នេះ​ក្តី​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជា​ជនជាតិ​វៀតណាម លោក ខាំ ប៊ុនម៉េង ហៅ ម៉ឺន បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​រារាំង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​នេះ​ទេ បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​លោក​បង្ខិត​ចូល​ត្រឹម​ណា លោក​នឹង​ធ្វើ​តាម​ការ​សម្រេច​របស់​អាជ្ញាធរ៖ «ខ្ញុំ​អត់​ដឹង​ទេ​អា​ខាង​ហ្នឹង ចាំ​មើល​អាជ្ញាធរ​គេ​ឲ្យ​ខិត​ដល់​ណា ខ្ញុំ​ខិត​ដល់​ហ្នឹង»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​ករណី​នេះ សាទរ​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ តែ​លោក​ស្នើ​ឲ្យ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​តម្លាភាព​ផ្ដោត​លើ​ច្បាប់​អស្សាមិករណ៍​ជា​មូលដ្ឋាន។

លោក​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​គម្រោង​កសាង​ផ្លូវ​នេះ​ត្រូវ​ពង្រីក​ផ្លូវ​ប៉ះពាល់​ដល់​អ្នក​ភូមិ​ច្រើន​ជាង​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​នៅ​ជាប់​ផ្លូវ​នោះ៖ «អាជ្ញាធរ​ក្រុង ឫ​សង្កាត់​មិន​ដក​ពី​ដី​តាម៉េង (ជនជាតិ​វៀតណាម) ខ្លះ​ទេ វា​អត់​ស្មើភាព​គ្នា​ទេ»

​អ្នកភូមិ​ឲ្យ​ដឹង​ទៀត​ថា ជា​ច្រើន​ឆ្នាំ​កន្លង​មក ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ពាក់​កណ្ដាល ដោយ​ឆ្ពោះ​ចូល​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ថៅកែ​ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ថៅកែ ម៉ឺន។ច្បាប់​អស្សាមិករណ៍ ឆ្នាំ​២០១០ មាត្រា ១៩ ចែង​ថា ការ​ដក​ហូត​កម្មសិទ្ធិ​លើ​អចលនវត្ថុ​សិទ្ធ​ប្រត្យក្ស​លើ​អចលវត្ថុ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​ណា​គណៈកម្មការ​អស្សាមិករណ៍ បាន​ផ្តល់​សំណង​ដល់​ម្ចាស់​អចលវត្ថុ​ជាមុន​ដោយ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។