មន្ត្រី​យោធា​ស័ក្តិ​៤​ឈ្មោះ ឈឹម សុខា ល្បី​ខាង​ប្រើប្រាស់​រថយន្ត​អត់​ពន្ធ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​

លោក ឈឹម សុខា ជា​មន្ត្រី​យោធា​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ទី​២​នៃ​កងពលតូច​លេខ​៨ កំពុងតែ​ល្បីល្បាញ​ខាង​ប្រើ​រថយន្ត​អត់​ពន្ធ​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​តំបន់​ព្រំដែន​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រថយន្ត​ដែល​ឈ្មោះ ឈឹម សុខា ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ គឺជា​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ហ្ស៊ុ​យ​ចង្កូត​ស្តាំ ពណ៌​ត្រីអ៊ី ពាក់​ស្លា​កលេ​ខេមរភូមិន្ទ​០៥៩៦ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភពពី​មន្ត្រី​យោធា​តូចតាច​បាន​ឲ្យ​ដឹងថា នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងពលតូច​លេខ​៨ មាន​រោង​សិប្បកម្ម​អារឈើ​និង​កែច្នៃ​ឈើ​អត់​ច្បាប់​ជាច្រើន​កន្លែង ជាពិសេស​នៅក្នុង​ទីតាំង​អង្គភាព​វរ​លេខ​២៨៣​នៃ​កងពលតូច​លេខ​៨​។ កម្លាំង​ពលកម្ម​ដែល​គេ​ប្រើប្រាស់​ក្នុង​រោង​សិប្បកម្ម​អារឈើ​និង​កែច្នៃ​ឈើ​ភាគច្រើន​ជា​ជនជាតិ​យួន ដែល​ចូលមក​រស់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​។ ឈើ​ដែល​គេ​ដឹក​យកមក​អារច្រៀក​និង​កែច្នៃ​ក្នុង​រោង​សិប្បកម្ម គឺ​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​កាលពី​ថ្ងៃទី​១៧​និង​១៨ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ ឈ្មោះ ឈឹម សុខា បាន​ប្រើប្រាស់​រថយន្ត​អត់​ពន្ធ​ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០៥៩៦ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចេញពី​ខ្សែបន្ទាត់​ព្រំដែន​ចូលមក​បរិវេណ​អង្គភាព​វរ​លេខ​២៨៣​។ នៅពេលដែល​អ្នកសារព័ត៌មាន​ថត​យក​រូបភាព​ស្រាប់តែ​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ឈ្មោះ ឈឹម សុខា ទូរស័ព្ទ​គំរាម​ចាប់​វ៉ៃខ្នោះ​ដាក់គុក​ដោយ​អះអាងថា សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុងស្រុក​ជាំ​ក្សាន្ត​និង​ស្រុក​ត្រពាំង​ប្រាសាទ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ខ្លួន​ទេ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ការដែល​លោក​ស័ក្តិ​៤ ឈឹម សុខា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក​ផ្កាយ​២ លី ស៊ុន មេបញ្ជាការ​កងពលតូច​លេខ​៨​ផងដែរ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ដោយហេតុថា ការដែល​ឈ្មោះ ឈឹម សុខា ប្រើប្រាស់​រថយន្ត​អត់​ពន្ធ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​៕

sew76