​រដ្ឋបាល​ជលផល​បញ្ជា​ក់ថា ត្រី​ទឹកសាប​សម្រាប់ធ្វើ​ប្រហុក ផ្អក​ចាប់ផ្តើម ចុះមក​តំបន់​ឆ្នុកទ្រូ​បណ្ដើរៗ​ហើយ​

ភ្នំពេញ: មន្ដ្រីរដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក ក្នុង​បឹង​ទន្លេសាប ចាប់ផ្តើម ចុះមក​តំបន់​ឆ្នុកទ្រូ ក្នុង​ខេត្តកំពង់ឆ្នាំង​ជា​បណ្តើរៗ​ហើយ ខណៈដែល​រដូវ​ត្រី​ត្រូវ នឹង​អាច​ចាប់​ផ្តើមឡើង​ក្នុង​រង្វង់​ពាក់កណ្តាល​ខែធ្នូ និង​ខែមករា​ខាងមុខ​។​

​ប្រធាន​រដ្ឋបាល​ជលផល​បានឱ្យដឹងថា ហ្វូង​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​បានចាប់ផ្តើម​ចេញ​ចុះ​ពី បឹង​ទន្លេសាប ឆ្ពោះ​មកកាន់​តំបន់​ឆ្នុកទ្រូ និង​តំបន់​ក្បែរៗ​នោះ​ហើយ ប៉ុន្តែ​មាន​លក្ខណៈ​តិចតួច ប៉ុណ្ណោះ​ពីព្រោះ​ពុំ​សម្បូរ​ដូច ឆ្នាំមុនៗ​ឡើយ​។​

​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា សម្រាប់​រដូវ​ត្រី​ត្រូវ​វិញ នឹងត្រូវ​ផ្តើមឡើង​នៅក្នុង​ខ្នើត ខែបុស្ស និង​ខ្នើត​ខែមាឃ តែ​ក្នុងឆ្នាំនេះ​មិន​ច្រើន​ទេ ដោយសារ​ទឹកតូច ដូច្នេះ បរិមាណ​ផល​ត្រី​នឹង​ធ្លាក់ចុះ​ដែរ ប៉ុន្តែ​មិនទាន់​ដឹង​ប៉ុន្មាន​នោះទេ ដោយ​រង់ចាំ​នៅ​រដូវ​ប្រមូល​ផល​ជាមុនសិន​។​

​លោក​បាន​លើកឡើងថា ដើម្បី​ធានា​កុំឱ្យ​ត្រី កាន់តែ​ធ្លាក់ចុះ​ខ្លាំង និង​អាច​ផ្គត់ផ្គង់​ដល់​ការហូបចុក​របស់​ប្រជាពលរដ្ឋ​នោះ រដ្ឋបាល​ជលផល​បាន ពង្រឹង​វិធានការ​បង្ក្រាប​បទល្មើស​នៅ​ដែន​អភិរក្ស ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ការលើកទឹកចិត្ត​ការចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ និង​ការធ្វើ​វារីវប្បកម្ម​។​

​លោក​បាន​ពន្យល់ថា មូលហេតុ​នៃ​ការធ្លាក់​បរិមាណ​ផល​ត្រី​ក្នុងឆ្នាំនេះ ដោយសារ​កម្រិត​ទឹកទន្លេ​ទាប ដែល​ធ្វើឱ្យ​បឹងបួ ជាច្រើន​នៅតាម​ដៃ​បឹង​ទន្លេសាប​ទឹក​ចូល​មិនបាន​ច្រើន ហើយ​ព្រៃ​លិច​ទឹក​ក៏​មិនបាន​លិច យូរ​ដែរ​ជាហេតុ​ធ្វើឱ្យ​ត្រី​ពិបាក​ពង​កូន និង​ការធ្វើ​ចរាចរណ៍​ស្វែងរក​ចំណី​។​

​លោក ឌុល ប៊ុន​ថា តំណាង​សហគមន៍​នេសាទ​ទន្លេសាប​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​ឱ្យដឹងថា ត្រី​មានការ​ធ្លាក់ចុះ​មែន​រហូតដល់​ជាង​៥០​ភាគរយ ហើយ​ការធ្លាក់ចុះ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ជាខ្លាំង​ដល់​សេដ្ឋកិច្ច ក្រុមគ្រួសារ​ដែល​ពឹង​អាស្រ័យ​ទាំង​ស្រុកលើ​របរ​នេសាទ​តែមួយ មុខ​ដោយសារ​ចាប់​ត្រី​ពុំបាន ហើយ​ទិញ​ត្រី​របស់ គេ​មក​បរិភោគ​វិញ​។​

​លោក​អះអាងថា ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគេ ក្រសួង​ជំនាញ​គួរតែមាន​វិធាន ការបណ្តុះបណ្តាល​និង​ផ្តល់​ពូជ​សម្រាប់​អនុវត្តន៍​របរ​កសិក​ម្ម​វិញ ដែល​ដោះស្រាយ​ជីវភាព​បាន​មួយកម្រិត   ផងដែរ ក្រៅពី​របរ​នេសាទ​នោះ​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ជលផល បានឱ្យដឹងថា ក្នុងឆ្នាំនេះ មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​នេសាទ និង​រឹបអូស​សម្ភារៈ​នេសាទ​ខុសច្បាប់​បានជា​ច្រើន​ករណី បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ជាក់ស្តែង​គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​រឹបអូស និង​ដុតបំផ្លាញ អួន ស្បៃ​មុង បាន​ចំនួន​១.៦០០.០០០​សែន ម៉ែត្រ ខណៈដែល​កាលពី​ឆ្នាំ​២០១៤ មាន​ត្រឹមតែ​៥០០.០០០ ម៉ែត្រ​។ ជាមួយគ្នានេះ ក៏បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​មាន​ចំនួន​ជាង​៨០​នាក់ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​បាន​ចំនួន​៥០​នាក់​ផងដែរ​៕