​លោកប៉ា សុជាតិ​វង្ស ៖ ផ្សារ​អូរឫស្សី ក្រុមហ៊ុន​គិតតែ​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារកណ្តាល​ក្រុង​

ភ្នំពេញ: អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្សារ​អូរឫស្សី ដោយហេតុថា ផ្សារ​នេះ ទាំង​សោ​ភណ្ឌ​ភាព​ខាងក្នុង និង​ខាងក្រៅ ការរៀបចំ​សណ្តាប់ធ្នាប់ មិន​សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​នោះទេ វា​អន់​ជាង​ផ្សារ​នៅតាម​ជនបទ​ថែម​ទៀតផង ដែល​បញ្ហា​នេះ​ក្រុមហ៊ុន គួរតែ​កែសម្រួល​ឡើងវិញ មិន​អាចធ្វើ​ដូច្នេះ​បន្តទៀត​ទេ​។​
   
​ការសម្តែង​ការខកចិត្ត ចំពោះ​ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​អូរឫស្សី​នេះ លោកប៉ា សុជាតិ​វង្ស បាន​សម្តែង​ឲ្យ​ឃើញ គឺ​ក្នុងខណៈដែល​លោក​អភិបាល អភិបាលរង រួម​និង​មន្ត្រី​មួយចំនួនទៀត ចុះមក​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅក្នុង​ផ្សារ​អូរឫស្សី កាលពី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ហើយ​តំណាង​ក្រុមហ៊ុន គ្រប់គ្រង​ផ្សារ​មួយ​នេះ​ក៏បាន​អមដំណើរ​ផងដែរ​។​
    
​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើកឡើងថា បើ​យើង​មើល​ពី​សោ​ភណ្ឌ​ភាព​ទាំងស្រុង នៃ​ផ្សារ​ទាំងមូល គឺ​មិន​សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​នោះទេ វា​អន់​ជាង​ផ្សារ​នៅតាម​ជនបទ​ថែម​ទៀតផង​។ ក្រុមហ៊ុន​គិតតែ​ពី​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារ​ឲ្យ​សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​សោះ​។ លើ​បញ្ហា​នេះ​លោកប៉ា សុជាតិ​វង្ស​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែសម្រួល​ឡើងវិញ ទាំង​ការរៀបចំ​សោ​ភណ្ឌ​ភាព​ផ្សារ ការរៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន​និង​កា​រៀបចំ​ចំណត​ជាដើម​។ លើ​ការរៀបចំ​ចំណត​នេះ ជាការ​ងារ​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ស្អាត ជា​ចំណត​បង់ប្រាក់​។​
   
​លោកប៉ា សុជាតិ​វង្ស ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ការ​ចុះមក​ពិនិត្យ​នេះ មាន​ចំណុច ២ ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង និង​តម្រូវ​ឲ្យ​កែប្រែ ទី​១.​ត្រូវ​រៀបចំ​ទីស្នាក់ការ​ផ្សារ​ឡើងវិញ ដើម្បី​ងាយស្រួល​ក្នុងការ​បំពេញការងារ​ទាំង​ការថែរក្សា​សន្តិសុខ និង​ការរៀបចំ​សណ្តាប់ធ្នាប់​ជាដើម ព្រោះ​មាន​លក្ខណៈ​តូចចង្អៀត​ពិបាកធ្វើ​ការ ទី​២.​ឲ្យ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ដាប់ធ្នាប់​សាធារណៈ​ទាំង​ខាងលើ ខាងក្រោយ និង​ខាងក្រៅ ឲ្យ​បានល្អ ដោយ​បច្ចុប្បន្ននេះ ឃើញថា សណ្ដាប់ធ្នាប់​មិនទាន់​រៀបរយ​នៅឡើយ​ទេ​។​
     
​លោកប៉ា សុជាតិ​វង្ស មានប្រសាសន៍​បន្តទៀត​ថា នៅពេល​ខាងមុខនេះ ជា​ទិសដៅ​របស់​សាលា​រាជធានី​ភ្នំពេញ ផ្សារ​អូរឫស្សី ត្រូវតែ​ធ្វើការ​កែសម្រួល​ជា​ចាំបាច់ ដូច្នេះ​ក្រុមហ៊ុន​លឹម ហេង គ្រុប ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​គ្រប់គ្រង​ផ្សារ​អូរឫស្សី​ត្រូវតែ​គូរ​ប្លង់​ជាថ្មី ហើយ​យកមក​ឆ្លងសាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ក្រោយ​។ ជាងនេះទៅទៀត សាលា​រាជ​​ធានី​ភ្នំពេញ នឹង​បង្កើតជា​អង្គប្រជុំ​មួយ មុននឹង​ឈានទៅដល់​ការរៀប​ឧបសម្ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផ្សារ​អូរឫស្សី សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​។​
   
​គួរបញ្ជាក់​ផងដែរ​ថា ផ្សារ​អូរឫស្សី ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន លឹម ហេង គ្រុប ចំនួន ៧០ ឆ្នាំ ដោយ​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០០ តែ​មកដល់ពេលនេះ បាន​រយៈពេល​ត្រឹមតែ ១៥ ឆ្នាំ​ប៉ុណ្ណោះ ពិតាន​នៃ​តួ​ផ្សារ​មួយចំនួន ត្រូវបាន​ពុកផុយ​ចេញ​សរសៃដែក​ទៅហើយ ហើយ​ជុំវិញ​បញ្ហា​នេះ​លោកប៉ា សុជាតិ​វង្ស ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ផងដែរ​៕

​លោកប៉ា សុជាតិ​វង្ស ៖ ផ្សារ​អូរឫស្សី ក្រុមហ៊ុន​គិតតែ​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារកណ្តាល​ក្រុង​

​លោកប៉ា សុជាតិ​វង្ស ៖ ផ្សារ​អូរឫស្សី ក្រុមហ៊ុន​គិតតែ​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារកណ្តាល​ក្រុង​

​លោកប៉ា សុជាតិ​វង្ស ៖ ផ្សារ​អូរឫស្សី ក្រុមហ៊ុន​គិតតែ​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារកណ្តាល​ក្រុង​

​លោកប៉ា សុជាតិ​វង្ស ៖ ផ្សារ​អូរឫស្សី ក្រុមហ៊ុន​គិតតែ​យកលុយ មិន​គិតពី​ការអភិវឌ្ឍន៍​ផ្សារកណ្តាល​ក្រុង​