ឆាកប្រយុទ្ធ​​ដូចសមរ​ភូមិរវាង​ក្មេង​ស្ទាវ ​​បង្ក្រាប​បាន២​​នាក់

រាជធានី​ភ្នំពេញ ​៖ ក្រុម​ក្មេង​​ស្ទាវ​បាន​​​ដេញ​​វាយ​គ្នា​​នៅ​តាម​​ផ្លូវ​​សាធារណៈ​​​យ៉ាង​​អនាធិប​តេយ្យ ដែល​កើតឡើង​​កាលពី​​វេលា​ម៉ោង ០៣ និង​​១០​នាទី​រំលង​អ​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​២១​ វិច្ឆិកា ​២០១៥ ស្ថិតត្រង់​​ចំណុច​ផ្លូវ​ព្រះ​នរោត្តម ​​ក្នុង​​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​បាន​២នាក់ ។

ប្រភព​​ឱ្យ​​​ដឹង​​ថា ក្មេង​ស្ទាវ​​ដែល​ឃាត់ខ្លួនទាំង២​​នាក់​ខាងលើ​ ​១-ឈ្មោះ​សុ​ផាត អាយុ​១៩​ឆ្នាំ ជា​​ជាង​ភ្លើង ស្នាក់​​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​​ជ័យ និង​២​-ឈ្មោះ​សៅ​ ដាវ អាយុ​២៣​ឆ្នាំ ស្នាក់​​នៅ​មួយ​​គ្នា ​​ជិះ​ម៉ូតូ​​មួយ​គ្រឿងម៉ាក​និ​ច ពណ៌.ស ពាក់​ស្លាក​​លេខ ភ្នំពេញ FK-1127  ។

​ចំណែកភាគី​ម្ខាងទៀត​ឈ្មោះ​តាំ អាយុ​២៤ ​​ស្នាក់​នៅ​សង្កាត់​ផ្សារ​​ថ្មី​១ ខណ្ឌដូនពេញ  ​​២-ឈ្មោះ​រី អាយុ​២៥ឆ្នាំ ស្នាក់​នៅ​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ​​៣​-ឈ្មោះ​ស្រី និ​ត អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​​៤-​ឈ្មោះអូន អាយុ២០ ឆ្នាំ ​៥ឈ្មោះយ៉ា អាយុ២៣ ឆ្នាំ ​​ធ្វើការ​ក្រុមហ៊ុន​ឯក​ជន ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ដោយ​ពួក​គេ​​ជិះ​ម៉ូតូ​២​គ្រឿងម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ស៊េរី២០១៥ ​ចេញពី​ក្លិបនៅ​ម្តុំ​ផ្លូវ​លេខ២៧១ ហើយ​ពួក​គេ​ជិះ​ម៉ូតូ​ជូន​មិត្ត​ភ​ក្តិម្នាក់​​ទៅ​ផ្ទះ​នៅ​​តា​ខ្មៅ ហើយ​ក៏​ជិះ​ម៉ូតូ​​ត្រលប់​មក​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​ចំការមន ក៏​មាន​ក្មេង​ស្ទាវ​២​នាក់ជិះ​ម៉ូតូ​និ​ចមក​ដេញ​កៀរ​ពួក​​គេ ​និង​ថែម​ទាំង​មាន​ដុំ​ថ្ម​គប់​មក​លើ​ពួក​គេ បណ្តាលឱ្យ​រ​បួស​ទៀត ដោយ​មិនដឹង​ពួកក្មេង​ស្ទាវ​ទាំង​ពីរ​នាក់​នោះ​ មាន​បំណង​អ្វី​ឡើយ ។

ភ្លាម​ៗ​នោះ​ ជន​រង​គ្រោះ​ក៏​ព្យាយាម​ជិះ​ដេញ​ដេញ​តាម​មក​ដល់​ចំណុចរ​ង្វ​ង់មូល​វិមាន​ឯករាជ្យ ក៏​ធ្វើ​ឱ្យយ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ដេញ​ឃាត់​​​ក្មេង​ស្ទាវ​២​នាក់​ភ្លាម​ៗ រួម​ទាំង​ម៉ូតូ​គ្រឿង​ផង​ដែរ ។ ក្រោយ​កើតហេតុ ក្មេង​ស្ទាវ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ទន្លេបាសាក់​ឃាត់ខ្លួន ដើម្បី​សាកសួរ​បន្ត​ឱ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​​៕