អេបូឡា ផ្ទុះជាថ្មី នៅលីប៊ឺរ៉ា បន្ទាប់ពី ប្រទេសនេះ បានប្រកាសថា គ្មានវត្តមានវិរុស

ម៉នរ៉ូវៀ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ក្រសួងសុខាភិបាលនៃប្រទេសលីប៊ឹរ៉ា បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ពិតជាមានករណីនៃជំងឺអេបូឡា ចំនួន៣ករណីកើតឡើងពិតមែន ។ ក្នុងអំឡុងពេល២ខែមកនេះ អេបូឡា មិនត្រូវបានគេរកឃើញថា មានវត្តមាននៅក្នុងប្រទេសឡើយ ។ លោកស្រី BerniceDahn  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយ ដោយបញ្ជាក់យ៉ាងដូច្នេះ ។

លោកស្រីបានបញ្ជាក់ថា «ករណីថ្មីនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៩ ខែវិច្ឆិកា នៅពេលដែលយើង ទទួលបានលទ្ធផលពីមន្ទីរពិសោធន៍ របស់យើងថា វត្ថុវិភាគឈាមដែលយកចេញពីអ្នកជំងឺម្នាក់  ហើយលទ្ធផលបង្ហាញថា មានវត្តមានអេបូឡា»។

ក្មេងប្រុសវ័យ១០ឆ្នាំម្នាក់ ដែលជាអ្នកជំងឺ ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល នៅរដ្ឋធានី ម៉នរ៉ូវៀ ដោយគេមានអាការៈគ្រុនក្តៅ ខ្សោយ និងមានហូរឈាមផងដែរ ។ មានអ្នកជំងឺ០២នាក់ទៀត បានឆ្លងពីក្មេងប្រុសម្នាក់នេះ។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា អ្នកជំងឺទាំងនោះ និងអ្នកផ្សេងទៀត ស្ថិតក្នុងស្ថានភាព ដែលនឹងប្រឈមមុខហានិភ័យខ្ពស់ ពិសេសក្រុមគ្រួសាររបស់គេ ដែលស្ថិតក្នុងស្ថានភាពនៃការថែទាំ និងព្យាបាលនៅមជ្ឈមណ្ឌលអេបូឡា នៅម៉នរ៉វៀ ។

ជុំវិញករណីផ្ទុះឡើងជំងឺជាថ្មីនេះ ក្រសួងសុខាភិបាល ក៏បានធ្វើការកំណត់អត្តសញ្ញាណ និងធ្វើការទប់ស្កាត់ការទំនាក់ទំនង ដើម្បីបញ្ចៀសការឆ្លងជំងឺ។

សូមបញ្ជាក់ថា វីរុសអេបូឡា បានសម្លាប់មនុស្សអស់ប្រមាណ ១១ពាន់នាក់ នៅក្នុងប្រទេស លីប៊ឺរ៉ា ហ្គីណេ សៀរ៉ា លេអុន គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៤។

សម្រាប់ប្រទេសលីប៊ឺរ៉ា នេះ គឺបានប្រកាសថា មិនមានវត្តមានវីរុសអេបូឡា នៅក្នុប្រទេសរបស់ខ្លួននៅក្នុងខែកញ្ញា កន្លងទៅនេះ ។ ដោយឡែក សៀរ៉ា លេអុន ក៏បានប្រកាសថា មិនមានវត្តមាននៃវីរុសអេបូឡា នៅក្នុងខែកញ្ញាដែរ ខណៈដែលហ្គីណេ ប្រកាសរយៈពេល៤២ហើយ នៃការមិនមានវត្តមានវីរុសបង្ករោគ៕