​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៥ (​លម្អិត​)

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៥ (​លម្អិត​)

​ការលូតលាស់​របស់​កូន​
​នៅ​ក្នុង​ជម្រៅ​ស្បូន​របស់​អ្នក អំប្រ៊ីយ៉ុង​កំពុងតែ​លូតលាស់ ដោយ​ស្ថិត​ក្នុង​ល្បឿន​ដ៏​ខ្លាំងក្លា​មួយ​។ កូន​របស់​អ្នក ប្រហែលជា​មាន​ទំហំ​ប៉ុន​គ្រាប់ល្ង និង​មាន​សភាព​ដូច​កូន​ក្អុក​ប៉ុណ្ណោះ​។ ឥឡូវនេះ រូបរាង​របស់​គេ ត្រូវបាន​បង្កើតឡើង ដោយ​បី​ស្រទាប់​វិញ​ហើយ​នោះ​គឺ Ectoderm, Mesoderm និង Endoderm ដើម្បី​ង្កើ​ត​ទៅ​ជា សរីរាង្គ និង​ជាលិកា​ទាំងអស់​របស់​គេ​នៅ​ថ្ងៃក្រោយ​។

​បំពង់​សរសៃប្រសាទ (​គិត​ចាប់ពី​ខួរក្បាល ខួរ​ឆ្អឹងខ្នង សរសៃប្រសាទ និង​ឆ្អឹង​កង​ខ្នង​) កំពុងតែ​ចាប់ផ្តើម​លូតលាស់ នៅ​ស្រទាប់​លើ​គេ គឺ​ស្រទាប់ Ectoderm​។ ស្រទាប់​នេះ ក៏​នឹង​បង្កើត​ទៅ​ជា​ស្បែក សក់ ក្រចក ក្រពេញ​ទឹកដោះ និង​ក្រពេញ​ញើស ព្រមទាំង​ផ្នែក​ខាង​ក្រៅ​របស់​ធ្មេញ​។

​ប្រព័ន្ធ​បេះដូង និង​ចរន្តឈាម ចាប់ផ្តើម​បង្កើត​ក្នុង​ស្រទាប់​កណ្តាល ឬ​ស្រទាប់ Mesoderm​។ (​តាម​ពិត​នៅ​សប្តាហ៍​នេះ បេះដូង​ដ៏​តូច​របស់​គេ ចាប់ផ្តើម​បំបែក​ទៅ​ជា​ថតៗ លោត និង​ច្របាច់​ឈាម​ហើយ​)​។ ស្រទាប់ Mesoderm ក៏​នឹង​បង្កើត​ទៅ​ជា​សាច់ដុំ ឆ្អឹង​ខ្ចី ឆ្អឹង និង​ជាលិកា​ក្រោម​ស្បែក​ផងដែរ​។

​ស្រទាប់​ទី​បី ឬ Endoderm នឹង​បង្កើត​ទៅជា​សួត ពោះវៀន និង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ (​មិនទាន់​រីកចម្រើន​នៅឡើយ​) ព្រមទាំង​ក្រ​ពេញទី​រ៉ូ​អ៊ីត ថ្លើម និង​លំពែង​។ ក្នុង​ពេល​នេះ ដំណាក់កាល​ដំបូង​របស់​សុក និង​ទងសុក ដែល​មាន​តួនាទី​ដឹកនាំ​សារធាតុចិញ្ចឹម និង​អុកស៊ីសែន​ទៅ​ទារក បាន​ត្រៀម​ខ្លួន​សម្រាប់​បំពេញ មុខងារ​របស់​ខ្លួន​រួចរាល់​ហើយ​។

​ចំណាំ ៖ នៅក្នុង​ស្បូន ទារក​ម្នាក់ៗ មាន​ការលូតលាស់​ខុសគ្នា​តិចតួច ដូច្នេះហើយ ព័ត៌មាន​ដែល​យើងខ្ញុំ​ជម្រាបជូន​នេះ គ្រាន់តែ​ជា​គំនិត​ទូទៅ​មួយ​ប៉ុណ្ណោះ ដែល​ទាក់ទង​នឹង​ការលូតលាស់​របស់​ទារ​ក​។

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​ពេលនេះ អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ  ភាព​មិន​ស្រួលខ្លួន​មួយចំនួន ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​រួចទៅហើយ​។ មាន​ស្ត្រី​ច្រើនណាស់ ដែល​ប្រាប់​ថា​ពួកគេ ឈឺ​សុដន់ អស់កម្លាំង នោម​ញឹក ដោយ​ចាប់ផ្តើម​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​ដំបូង​មក​ម្លេះ​។ អ្វី​ដែល​ទំនង​នឹង​កើតមាន​នោះ គឺ​ការ​ក្អួតចង្អោរ​។

​អ្នក​មិន​អាច​មើលឃើញ អ្វីៗ​ដែល​កំពុង​តែ​រីកចម្រើន ក្នុង​ពោះ​អ្នក​ទេ ដូច្នេះ អ្នក​ត្រូវ​តែ​ឈប់​ញ៉ាំ​អាហារ​ពេល​យប់ ជាមួយនឹង​ការ​ផឹកស្រា​ទៀត​ទៅ​។ យក​ល្អ គួរតែ​ចៀសវាង​គ្រឿង​ស្រវឹង ពេល​មាន​ផ្ទៃពោះ ទោះបីជា​មិនទាន់​មាន​នរណា​ដឹង​ថា ចំនួន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​ប៉ុន្មាន ទើប​អាច​បង្ក​គ្រោះថ្នាក់ ដល់​ការលូតលាស់​របស់​ទារ​ក​ក៏ដោយ​។

​អ្នក​ក៏​គួរតែ​បន្ត ឬ​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​ហាត់ប្រាណ​ដែរ ព្រោះ​វា​ជួយ​ឲ្យ​អ្នក មាន​ភាពរឹងមាំ និង​ចេះ​អត់ធ្មត់ ដែល​ជា​តម្រូវការ​ម​យ​យ សម្រាប់​គ្រប់គ្រង​ការឡើង​ទម្ងន់​ក្នុង​ពេល​នេះ​។ វា​ប្រហែលជា​ជួយ​បង្ការ ការឈឺចាប់​មួយ​ចំនួន ពី​ការ​មាន​ផ្ទៃពោះ​ដែរ ហើយ​ស្ត្រី​ភាគច្រើន​ក៏​ដឹងថា ការធ្វើ​បែប​នេះ គឺជា​សកម្មភាព​មួយ ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ដ៏​អស្ចារ្យ​។ មួយវិញទៀត ការ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​រឹងមាំ ដើម្បី​ត្រៀម​ខ្លួន​នៅ​ថ្ងៃ​សម្រាល​។

​ជា​ចុងក្រោយ ប្រសិនបើ​អ្នក​នៅ​បន្ត​ការ​ហាត់ប្រាណ ក្នុងពេល​មាន​ផ្ទៃពោះ វា​នឹង​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល ក្នុង​ការវិល​មក​រក​សភាព​ដើម​វិញ ក្រោយ​ពី​សម្រាលកូន​រួច​។ ចូរ​ជ្រើសរើស​យក​សកម្មភាព​ហាត់ប្រាណ ដែល​មាន​សុវត្ថិភាព ឬ​ការធ្វើ​សកម្មភាព​ជា​មធ្យ​ម​ណាមួយ ដែល​អ្នក​ពេញចិត្ត​ទៅ​។ ការដើរ និង​ហែល​ទឹក គឺ​ជម្រើស​ដ៏​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។

​ក្នុងនាម​ជា​ឪពុក ក៏​មាន​មធ្យោបាយ​ជាច្រើន ដើម្បី​ចូលរួម​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ដែល​កំពុងតែ​មាន​ផ្ទៃពោះ​ដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។