​មាន​ករណី​នាំចេញ​ឈើ​ប្រណីត​តាម​ច្រករបៀង អូរ​តាំ​កន គ្រប់គ្រង​ដោយ​លោក ថន មករា

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​មក​ថា បទល្មើស​ព្រៃឈើ​កំពុង​សម្រុក​ដឹក​ចេញ​យ៉ាង​ភ្លូកទឹកភ្លូកដី​ទៅ​លក់​នៅ​ប្រទេស​យួន​តាម​ច្រករបៀង​អូរ​តាំ​កន​ដែល​គ្រប់គ្រង​ដោយ​លោក ថន មករា ហៅ​មាក់ ជា​មន្ត្រីប៉ូលិស​មេ​ប៉ុស្តិ៍​ណាំ​លៀ​នៅ​ស្រុក​ពេ​ជ្រា​ដា​។​

​បច្ចុប្បន្ន​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សមត្ថកិច្ច​គ្រប់​ជំនាញ ហាក់​មិន​រវីរវល់ នឹង​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះទេ ហើយ​ពួកគេ​មួយចំនួន​មិន​ត្រឹមតែ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ថែមទាំង​ជួយ​មើលផ្លូវ​សម្រួល​គ្រប់បែបយ៉ាង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បានទទួល​ប្រាក់​ក្រោម​តុ​ពី​ឈ្មួញ​ឈើ​ដោយ​មិន​ខ្វល់​នឹង​ការ​រលាយ​ហិនហោច​ព្រៃឈើ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​សកម្ម​ជន​ព្រៃឈើ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រៀបរាប់​ទៀតថា​រថយន្ត​ដឹកឈើ​តែងតែ​ចរាចរណ៍​តាម​ច្រក​អូរ​តាំ​កន ជាប្រចាំ​តែ​គេ​ពុំដែល​ឃើញ មាន​វិធានការ​បង្ក្រាប ទាល់តែសោះ ទើបតែ​នៅ​ចុង​សប្តាហ៍​នេះ​ដែល​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​ត្រូវបាន​បង្ក្រាប ដោយ​កម្លាំង​ជំនាញ​បរិស្ថាន របស់​ដែនជម្រកសត្វព្រៃ ភ្នំ​ណាំ​លៀ​។​

សកម្មជន​ព្រៃឈើ​បាន​លើកឡើងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​កំពុង​សប្បាយ​ក្នុងការ​ដឹកជញ្ជូន​ឈើ​កាត់​មូលដ្ឋាន​ឈរជើង​របស់​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅ​ស្រុក​ពេ​ជ្រា​ដា​ដោយ​គ្មាន​ការបង្ក្រាប ហើយ​ឆ្លងដែន​ចូលទៅ​ប្រទេស​យួន​តាម​ច្រករបៀង​អូរ​តាំ​កន ក្រោម​ការគ្រប់គ្រង​រប​ស់លោក ថន មករា ហៅ​មាក់​ជា​មន្ត្រីប៉ូលិស​មេ​ប៉ុស្តិ៍​ប្រចាំការ​នៅ​ទីកន្លែង​នោះ ។​

​ជុំវិញ​បញ្ហា​នេះ​បើទោះជា​លោក ថន មករា បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​សកម្មជន​ព្រៃឈើ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ថា លោក ថន មករា ហៅ​មាក់ ជា​មន្ត្រីប៉ូលិស​មេ​ប៉ុស្តិ៍​ប្រចាំការ និង​បក្ខពួក​ជា​ក្រុមមនុស្ស​ចុងក្រោយ ក្នុង​ការបើក​ច្រក​ឲ្យ​រថយន្ត​ដឹកឈើ​ឆ្លងទៅ​ដែន​ទៅ​ប្រទេស​យួន​បាន​យ៉ាង​សុវត្ថិភាព​តែ​គេ​មិនដឹងថា​ឈ្មួញ​ដឹកឈើ​បាន​បង់ប្រាក់​ប៉ុន្មាន​ជូន​ដល់​មន្ត្រី​ខាងលើនេះ​ទេ​៕

KA-25-09-2015-14