យុទ្ធនាការ អប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ នាឱកាស ព្រះរាជពិធី បុណ្យអុំទូក

ភ្នំពេញ: កាកបាទក្រហមកម្ពុជា បានសហការ ជាមួយក្រុមហ៊ុនអេហ្សិត និងមានការចូលរួមពី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុនកូកាកូឡា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យគ្រូបង្រៀន និងសិស្សានុសិស្ស ប្រមាណជាង ១០០០ នាក់ ធ្វើយុទ្ធនាការរួមគ្នាអប់រំអំពី សុវត្ថិភាពចរាចរណ៍ ខណៈដែលថ្ងៃសម្រាក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក កំពុងខិតជិតមកដល់ ។

យុទ្ធនាការនេះ បានប្រព្រឹត្តទៅ នៅទីកន្លែងពីរផ្សេងគ្នា គឺនៅវិទ្យាល័យជម្ពូវ័ន្ត និងនៅបញ្ជរបង់ប្រាក់កំបូល ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនេះដែរបុគ្គលិក និងតំណាងមកពីស្ថាប័ននីមួយៗ បានចែកកូនសៀវភៅសម្រង់ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ភេសជ្ជៈកូកាកូឡា និងសន្លឹកស្ទីកគ័រ ដែលមានសរសេរសារ «ពិសាគ្រឿងស្រវឹងកុំបើកបរ» និងខិត្តប័ណ្ណអប់រំផ្សេងៗជូន ដល់សិស្សានុសិស្ស និងអ្នកធ្វើដំណើរឆ្លងកាត់បញ្ជរកំបូល ។

ក្នុងនោះសៀវភៅសម្រង់ «ទោសបញ្ញត្តិនៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងអនុក្រឹតស្ដីពីការពិន័យអន្តរការណ៍» ចំនួន ១៥០០០ ក្បាល និងស្ទីកគ័រចំនួន ២ ម៉ឺនសន្លឹក ដែលត្រូវចែកចាយ ត្រូវបានឧបត្ថម្ភបោះពុម្ពដោយក្រុមហ៊ុនអេហ្សិត ។ យុទ្ធនាការនេះ បានធ្វើឡើង នៅមុន ពេលថ្ងៃសម្រាកព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ជាពេលវេលាដែលប្រជាពលរដ្ឋ នឹងធ្វើដំណើរច្រើនទៅកាន់ស្រុកកំណើត ឬរមណីយដ្ឋានផ្សេងៗ ហើយដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏កើតមានច្រើនផងដែរ ។

លោក ជួន វ៉ាន់ឌន នាយកកិច្ចការធុរកិច្ច នៃក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន បានថ្លែងថា «បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាកង្វល់មួយដ៏ធំនាពេល បច្ចុប្បន្ន និងជាបញ្ហារួម សម្រាប់មនុស្សទាំងអស់គ្នា ។ យើងមានការប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅតាមគ្រប់ ដងផ្លូវទាំងអស់ មិនថានៅតាមដងផ្លូវជាតិលេខ៤ ដែលក្រុមហ៊ុនយើងកំពុងដំណើរការ ជួសជុល ថែទាំ នេះទេ» ។

លោក បានថ្លែងបន្តថា «ក្រុមហ៊ុននឹងបន្តយុទ្ធនាការអប់រំបែបនេះតទៅមុខទៀត នៅក្នុងពិធីបុណ្យជាតិធំៗ។ ខ្ញុំសង្ឃឹមថា សិស្សានុសិស្ស និងអ្នកធ្វើដំណើរ ដែលបានចូលរួមក្នុងយុទ្ធនាការនេះ នឹងជួយចែករំលែក និងផ្សព្វផ្សាយបន្ត នូវសារសុវត្ថិភាពចរាចរណ៍ទាំងអស់នេះ ឧទាហរណ៍តាមរយៈបណ្ដាញសង្គម Facebook» ។

ខ្លឹមសារសំខាន់ ដែលបានផ្សព្វផ្សាយនៅក្នុងយុទ្ធនាការអប់រំពីច្បាប់ និងសុវត្ថភាពចរាចរណ៍នោះ គឺ «សុវត្ថិភាពផ្ដើមចេញពីអ្នក» និង «ពិសាគ្រឿងស្រវឹងកុំបើកបរ» ។

លោក ប៉ាត ប៊ុនផាជាប្រធានយុវជន សាខាកាកបាទក្រហម រាជធានីភ្នំពេញ បានថ្លែងថា «ការសហការគ្នាអប់រំ ពីសុវត្ថិភាពចរាចរណ៍ ជាកត្តាចាំបាច់ ដែលយើងត្រូវធ្វើជាប្រចាំ ដើម្បីចូលរួមចំណែក កាត់បន្ថយដល់អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែបង្កគ្រោះភ័យខ្លាំង ដល់ប្រជាពលរដ្ឋយើង»៕

យុទ្ធនាការ អប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ នាឱកាស ព្រះរាជពិធី បុណ្យអុំទូក

យុទ្ធនាការ អប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ នាឱកាស ព្រះរាជពិធី បុណ្យអុំទូក